ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌បញ្ជាក់ថាមន្ត្រីជំនាញ UNESCO នឹងមកវាយតម្លៃដោយផ្ទាល់ អំពីផលប៉ះពាល់លើប្រាសាទព្រះវិហារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ៖Sreyleak | 7 ម៉ោងមុន ព័ត៌មានទូទៅ 54
ក្រសួងវប្បធម៌បញ្ជាក់ថាមន្ត្រីជំនាញ UNESCO នឹងមកវាយតម្លៃដោយផ្ទាល់ អំពីផលប៉ះពាល់លើប្រាសាទព្រះវិហារក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងវប្បធម៌បញ្ជាក់ថាមន្ត្រីជំនាញ UNESCO នឹងមកវាយតម្លៃដោយផ្ទាល់ អំពីផលប៉ះពាល់លើប្រាសាទព្រះវិហារក្នុងពេលឆាប់ៗខាងមុខនេះ

 

ក្រោយរងការបំផ្លិចបំផ្លាញយ៉ាងកម្រោល ដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទ ពីសំណាក់យោធាថៃ លើប្រាសាទព្រះវិហារ ដែលជាសម្បត្តិ៍បេតិកភណ្ឌពិភពលោក នៅអំឡុងថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្តដា និងជាពិសេសលើកទី២ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដាក់សំណើរនិងរបាយការណ៍ជាបន្តបន្ទាប់ទៅកាន់ស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ ជាពិសេសអង្គការ UNESCO ដើម្បីអំពាវនាវឱ្យមានវិធានការជួយសង្គ្រោះប្រាសាទព្រះវិហារជាបន្ទាន់មួយ ក្នុងគោលបំណងថែរក្សាកេរ្តិ៍មរតកមនុស្សជាតិនេះឱ្យបានឋិតឋេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ប្រភពព័ត៌មានពីអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ស៊ុំ ម៉ាប់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ មន្ត្រីជំនាញរបស់អង្គការ UNESCO នឹងអញ្ជើញមកវាយតម្លៃអំពីផលប៉ះពាល់ចំពោះប្រាសាទព្រះវិហារ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយយោធាថៃ នាពេលកន្លងទៅ។ ឯកឧត្តម ក៏បានរំលេចផងដែរថា របាយការណ៍ពិនិត្យផ្ទាល់ដោយមន្ត្រីជំនាញអង្គការ UNESCO អំពីការខូចខាត គឺជាជំហានមួយដ៏ចាំបាច់ ដើម្បីបន្តទៅជំហានផ្សេងៗទៀត ដើម្បីថែរក្សាការពារ និងដាក់ចេញនូវវិធានការទាំងឡាយក្នុងការអភិរក្ស ជួសជុលប្រាសាទឡើងវិញ និងចាត់វិធានការពារកុំឱ្យមានការបំផ្លិចបំផ្លាញតទៅទៀត។

គួររំលឹកថា ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងរជ្ជកាល ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០គ.ស) ដើម្បីឧទ្ទិសដល់អាទិទេព ព្រះឥសូរក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរ និងភដ្រេស្វរ។ ប្រាសាទព្រះវិហារស្ថិតនៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានកម្ពស់ ៦២៥ម៉ែត្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទាំងស្រុង ដោយមានឯកសារផ្លូវការកំណត់ច្បាស់ក្នុងផែនទី ដែលតម្កល់នៅអង្គការសហប្រជាតិ និងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារត្រូវបានថៃប៉ុនប៉ងឈ្លានពាន និងដណ្តើមយកជាច្រើនលើកច្រើនសារមកហើយ បើយោងតាមឯកសារប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកដោយអ្នកសិក្សាស្រាវជ្រាវបារាំង។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើង ដោយមានសភាពស្កឹមស្កៃអស្ចារ្យក្រៃលែង ប្រៀបដូចជាស្ថានសួគ៌នៅលើដី ប៉ុន្តែប្រាសាទដ៏កម្សត់នេះ បានរងរបួសម្តងហើយម្តងទៀត ដោយសារមហិច្ឆតាលោភលន់របស់ប្រទេសជិតខាង៕

អត្ថបទទាក់ទង