ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តប៉ៃលិន៖ ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ បើយើងមានផ្លូវ គឺមានក្តីសង្ឃឹម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៩ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាមូលដ្ឋាន និងក្រុមការងារ ពិនិត្យមើលផ្លូវបេតុងចំនួន ២ខ្សែរ និងផ្លូវលំក្រាលក្រួស ចំនួន ១ខ្សែរ ដែលទើបស្ថាបនាហើយរួចរាល់ ១០០% ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការ កសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។

លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ផ្លូវថ្នល់ គឺជាសរសៃ ឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់ សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការ ប្រើប្រាស់បានយូរអង្វែង ពីព្រោះផ្លូវទាំង ៣ខ្សែរនេះ មិនត្រឹមតែផ្តល់នូវភាព ងាយស្រួលក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះទេ គឺវាបានផ្តល់នូវសោភ័ណភាព សម្រាប់ទីក្រុងផងដែរ។

សូមបញ្ជាក់ថា ផ្លូវដែលបានស្ថាបនារួចរាល់ ១០០% ទាំង ៣ខ្សែរ គឺ ខ្សែរទី១-ផ្លូវបេតុង ប្រវែង ៤០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ ខ្សែរទី២-ផ្លូវបេតុង ប្រវែង ៥០០ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដាក់លូ មុខ ១០០ ចំនួន ២កន្លែង ស្ថិតក្នុងភូមិភូមិវត្ត និងខ្សែរទី៣-ផ្លូវក្រាលក្រួស ប្រវែង ៥៦០ម៉ែត្រ ទទឹង ០៧ម៉ែត្រ ដាក់លូមុខ១០០ ចំនួន ២កន្លែង និងលូប្រអប់ ចំនួន ១កន្លែង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកា គម្រោងអភិវឌ្ឍន៍ខេត្ត ៕

អត្ថបទទាក់ទង