ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋសង្កាត់ប៉ៃលិនត្រេកអរយ៉ាងខ្លាំងខណៈអាជ្ញាធរខេត្តបើកការដ្ឋានធ្វើផ្លូវលំក្រាលគ្រួសល្បាយភ្នំ ១ខ្សែតាមសំណូមពររបស់ពួកគាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 89
ប្រជាពលរដ្ឋសង្កាត់ប៉ៃលិនត្រេកអរយ៉ាងខ្លាំងខណៈអាជ្ញាធរខេត្តបើកការដ្ឋានធ្វើផ្លូវលំក្រាលគ្រួសល្បាយភ្នំ ១ខ្សែតាមសំណូមពររបស់ពួកគាត់ ប្រជាពលរដ្ឋសង្កាត់ប៉ៃលិនត្រេកអរយ៉ាងខ្លាំងខណៈអាជ្ញាធរខេត្តបើកការដ្ឋានធ្វើផ្លូវលំក្រាលគ្រួសល្បាយភ្នំ ១ខ្សែតាមសំណូមពររបស់ពួកគាត់

ប៉ៃលិន៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត បានអញ្ជើញបើកការដ្ឋានធ្វើផ្លូវលំក្រាលក្រួសល្បាយភ្នំ ១ខ្សែ ប្រវែង ៥៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិបរឌិននៀវ និងភូមិទួលខៀវ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ។

ប្រជាពលរដ្ឋរស់នៅភូមិបរឌិននៀវ និងភូមិទួលខៀវ បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយជាក់ស្តែងនៅថ្ងៃនេះ អាជ្ញាធរខេត្ត បានមកបើកការដ្ឋានស្ថាបនាផ្លូវជូនពួកគាត់ បានឆាប់រហ័ស ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវលំក្នុងភូមិ ១ខ្សែរនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ផ្លូវលំមួយខ្សែនេះជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត សម្រាប់ប្រជាពលរដ្ឋក្នុងភូមិចំនួន ០២ គឺភូមិបរឌិននៀវ និងភូមិទួលខៀវ សម្រាប់ធ្វើចរាចរណ៍ទៅមក និងមានជីវភាពល្អប្រសើរឡើង ក្នុងការចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះឱ្យបានឆាប់រហ័ស ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ហើយនៅថ្ងៃខាងមុខអាជ្ញាធរខេត្តមានគម្រោងស្ថាបនាផ្លូវនេះ ទៅជាផ្លូវបេតុងតែម្តង។

សូមបញ្ជាក់ថា ផ្លូវលំដែលបើកការដ្ឋាននាពេលនេះ គឺជាប្រភេទផ្លូវលំក្រួសល្បាយថ្មភ្នំ មាន ប្រវែង ៥៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់សំណង់លូអង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន ២កន្លែង ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិទួលខៀវ និងភូមិបរឌិននៀវ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ ដោយមានប្រជាពលរដ្ឋទទួលផលផ្ទាល់សរុប ២៨១៥នាក់ ស្មើនឹង ៤៦៩គ្រួសារ៕

អត្ថបទទាក់ទង