ខ្មែរប៉ុស្ដិ៍ Close

ករណីប្រឆាំង និងបំពានសាលដីកាតុលាការកោះហៅអតីតតំណាងរាស្រ្ត និងសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២០រូប នៅខេត្តបាត់ដំបង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ ឯកសារ 30

លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២០រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង នាខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីតសកម្មជនក្រុមប្រឆាំងនោះមានទាំង លោក ជា ជាវ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង, លោក ឌឹម សា រឿន ផងដែរ។ សាមីខ្លួនត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អគារ «គ» ជាន់ទី១ ឱ្យទាន់ពេលវេលា ហើយត្រូវយកឯកសារផ្សេងៗដែលពាក់ព័ន្ធទៅជាមួយផងដែរ។

ការចេញដីកាកោះហៅនេះ បានធ្វើឡើងបន្ទាប់ពី អតីតតំណាងរាស្រ្ត-សកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបងទាំងនោះ បានចេញវីដេអូមួយចំនួនគាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ី នៅក្រៅប្រទេស។

អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីសាកសួរលម្អិតបន្ថែមទៀតបាននៅឡើយទេ នៅថ្ងៃទី០៥ ខែឧសភានេះ។ ប៉ុន្តែបើតាមមន្រ្តីជាន់ខ្ពស់ នៅតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការកោះហៅនេះនឹងធ្វើឡើងតាមនីតិវិធីច្បាប់។ លោកបានបន្តថា កន្លងទៅពួកគេបានធ្វើការជួបជុំ ដោយប្រាប់អាជ្ញាធរថា មានពិធីបុណ្យទាន ប៉ុន្តែបែរជាបង្កើតវីដេអូមួយ ធ្វើការជួបជុំគាំទ្រដល់សកម្មភាពខុសច្បាប់របស់លោក សម រង្ស៉ី ទៅវិញ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំគណបក្សនេះ បង្ហាញអំពីការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

ក្រោយកាត់ទោសរំលាយនេះលោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ជាង១ឆ្នាំ ក្រោយមកក៏ដោះលែងឱ្យនៅក្រៅឃុំដោយដាក់នៅក្រោមការត្រួតពិនិត្យ, អតីតថ្នាក់ដឹកនាំចំនួន ១១៨នាក់ ត្រូវបានតុលាការហាមឃាត់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ដោយឡែកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់អតីតគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានដកហូតយកអាសនៈផងដែរ៕

អត្ថបទ៖ Fresh News

អត្ថបទទាក់ទង