ខ្មែរប៉ុស្ដិ៍ Close

    ប្រធាន ស.ស.ស.ក ចាត់ទុកថា ការវាយតម្លៃរបស់ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជា ជាការវាយតម្លៃខុសរបៀប មិនត្រឹមត្រូវ និងគ្មានចរិតការទូត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1127
    ប្រធាន ស.ស.ស.ក ចាត់ទុកថា ការវាយតម្លៃរបស់ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជា ជាការវាយតម្លៃខុសរបៀប មិនត្រឹមត្រូវ និងគ្មានចរិតការទូតប្រធាន ស.ស.ស.ក ចាត់ទុកថា ការវាយតម្លៃរបស់ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជា ជាការវាយតម្លៃខុសរបៀប មិនត្រឹមត្រូវ និងគ្មានចរិតការទូត

    លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ សារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាត់ទុកការវាយតម្លៃរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អំពីការបោះឆ្នោតនៅកម្ពុជាកន្លងហួស១ឆ្នាំមកនេះ គឺជាការវាយតម្លៃខុសរបៀប មិនត្រឹមត្រូវ និងគ្មានចរិតការទូតទាល់តែសោះ។

    ប្រតិកម្មរបស់ប្រធាន ស.ស.ស.ក បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួន ដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពី១ឆ្នាំមុននោះគឺ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។ ស្ថានទូតនេះ បានយកឱកាសនេះ លើកឡើងអំពី អតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា។

    លោក ហ៊ុយ វណ្ណៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «អាមេរិកគួរតែមើលថា តើកម្ពុជារីកចម្រើនអ្វីខ្លះក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលជាការបោះឆ្នោតគ្មានអំពើហិង្សា ដែលមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជាង៨០ភាគរយ ហើយគ្មានបាតុកម្ម។ មកដល់ពេលនេះ គឺជាតម្លៃនៃស្ថិរភាព តម្លៃនៃការអភិវឌ្ឍប្រទេស និងតម្លៃ នៃការពង្រឹងពង្រីកការទូតរបស់កម្ពុជា។ ដូច្នេះ ការវាយតម្លៃ របស់ស្ថានទូតអាមេរិក ប្រៀបដូចជាការវាយតម្លៃ គ្មានចរិតការទូត អន់ជាងសកម្មជននយោបាយទៅទៀត»។

    លោកបានបន្តថា មន្រ្តីស្ថានទូតអាមេរិកគួររៀនសូត្រពីបែបបទ និងឥរិយាបទអ្នកការទូត ដើម្បីរក្សាតម្លៃរបស់ខ្លួន ជាជាងបង្ហាញចរិតមួយ ដែលអន់ជាងសកម្មជននយោបាយ ធ្វើឱ្យមានការយល់ច្រឡំថា អាមេរិកអន់ជាងសកម្មជននយោបាយ។

    លោកបញ្ជាក់បន្តថា៖ «មន្ត្រីទូតសហរដ្ឋអាមេរិក គួរយកពេលនេះ វាយតម្លៃលើស្ថានភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសលីប៊ី ប្រទេសសេរី និងប្រទេសអឺរ៉ាក់ រួមទាំងបណ្តាប្រទេសដទៃទៀតដែលរងគ្រោះដោយសារបដិវត្តន៍ពណ៌ និងការឈ្លានពានវិញ ដើម្បីពិភពលោកមានការពិចារណាពីផលវិបាកនៃសង្គ្រាម និងនយោបាយទុច្ចរិត»។

    លោកកត់សម្គាល់ថា មន្ត្រីទូតអាមេរិកនៅភ្នំពេញ ហាក់កំពុងធ្វើការងារប៉ាតណាប៉ាតណី គ្មានការដឹកនាំត្រឹមត្រូវ ដើរផ្ទុយពីបន្ទាត់នយោបាយគោរពអធិបតេយ្យភាពរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។ របៀបនេះគឺធ្វើឲ្យស្រអាប់តម្លៃអាមេរិក។

    សូមបញ្ជាក់ថា កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨០ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ ដោយទទួលបាន ១២៥អាសនៈ នៅទូទាំងប្រទេស។

    បណ្តាសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល ស្ថាប័ននានា រួមទាំងគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតនេះ បានទទួលយកលទ្ធផលបោះឆ្នោត និងចាត់ទុកថា ការបោះឆ្នោតនេះ បានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌៕

    អត្ថបទទាក់ទង