រដ្ឋបាលខេត្តកំពង់ធំ ថ្លែងអំណរគុណដល់ប្រជាការពារក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាការពារចំនួន១៣៥នាក់ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ បងប្អូនប្រជាការពារទាំងអស់នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលបានខិតខំបំពេញការងារ យ៉ាងសកម្ម ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋយើងតាមភូមិក្នុងសង្កាត់ស្រយ៉ូវនេះ ទោះគ្មានប្រាក់ខែ តែដោយមានស្មារតីអង់អាច ក្លាហាន មានឆន្ទៈខ្ពស់ ស្រឡាញ់ប្រជាពលរដ្ឋ ទើបធ្វើឱ្យប្រជាការពារយើង បំពេញកិច្ចការការពារសុវត្ថិភាពបានយ៉ាងល្អប្រសើរ។
លោកអភិបាលខេត្តបានបន្ថែមទៀតថា ភារកិច្ចរបស់ប្រជាការពារយើង គឺសំខាន់ណាស់ ដើម្បីជួយរក្សាស្ថិរភាពក្នុងភូមិរបស់យើង។ កាលណាភូមិយើង គ្រប់ភូមិនៅក្នុង សង្កាត់មានស្ថិរភាព គ្មានចោរលួច ចោប្លន់ គ្មានគ្រឿងញៀន បងប្អូន នោះសង្កាត់របស់យើងនឹងមានសន្តិភាព មានស្ថិរភាព និងមានការអភិវឌ្ឍន៍ផងដែរ៕