ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត​ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ​ការងារ​បន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 794
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត​ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ​ការងារ​បន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត​ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ​ការងារ​បន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

 

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់ក្រុមការងារ​​​គណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថោ ជេដ្ឋា, ឯកឧត្តម ហួត ហាក់, លោកអ្នកឧកញ៉ា ទ្រី ភាព, ឯកឧត្តម សួស យ៉ារ៉ា, លោកជំទាវ ឃួន ឃុនឌី, លោកជំទាវ កុយ ពិសី, ឯកឧត្តម នួន ផារ័ត្ន, ឯកឧត្តម ស៊ុំ សន្និសិទ្ន, លោកជំទាវ សាយ សំអាត, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាននិងអនុប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានក្រុងស្រុក ប្រធាននិងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​​ឃុំសង្កាត់ និងក្រុមការងារតាមវិស័យ ព្រមទាំង​​គណៈកម្មាធិការគណបក្ស​ឃុំ សង្កាត់ទាំងអស់។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ដោយសារតែការឈ្លានពានពីកងទ័ពថៃ បានធ្វើឱ្យបរិការណ៍ឆ្នាំនេះខុសផ្សេងពីឆ្នាំមុន ដែលទាមទារឱ្យយើងត្រូវបន្តខិតខកសាងនិងអភិវឌ្ឍជាតិយើងឱ្យកាន់តែខ្លាំងក្លា ក្នុងរយៈពេលវែងលើគ្រប់វិស័យ មិនថាតែវិស័យសេដ្ឋកិច្ចការពារជាតិនោះទេ ដើម្បីថែរក្សាការពារអត្ថិភាពជាតិយើងឱ្យគង់វង្ស ដូចនេះ យើងត្រូវពង្រឹងគោលជំហរស្មារតីសាមគ្គីភាព ឯកភាពជាតិ និងមានវិន័យ ហើយរួមសហការ​គ្នាជា​កម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្ដេជ្ញាចិត្តឱ្យលើសពីធម្មតា ចេះហ៊ានចេះឈឺឆ្អាល ចែក​រំលែ​ក និងលះបង់ឱ្យលើសពីធម្មតាព្រមទាំងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីឈរនៅពីក្រោយសមរភូមិមុខដ៏រឹងមាំ ក្នុងការទប់ទល់នឹងការឈ្លានពានអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជាយើង។

ឯកឧត្តម វង្សី វិស្សុតបាន​ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន​​​គ្រប់លំដាប់ថ្នាក់ ទាំង​ក្រុមការងារខ្សែបណ្ដោយ ទាំងក្រុមការងារខ្សែទទឹង និងគណបក្សនៅមូលដ្ឋាន ដែលសម្រេច​បាន​​សមិទ្ធផលជាច្រើន តាម​ការដ្ឋានយុទ្ធសាស្ត្រ​ទាំង៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលរួមមានជាអាទិ៍ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ ទឹកស្អាត ហេដ្ឋា​រចនាសម្ព័ន្ធក្នុងវិស័យអប់រំនិងសុខាភិបាល សរុប១២៥គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៣៨៥,៧លានដុល្លារអាម៉េរិក និងការកសាងនិងជួសជុលហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តតូចៗជាច្រើនទៀត, ការអនុវត្តផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ, ការជំរុញអនុវត្តវិធានការ​គន្លឹះ​ក្នុងវិស័យអប់រំនៅតាមសាលារៀនគោលដៅ, ការអភិវឌ្ឍសេដ្ឋកិច្ច​មូលដ្ឋាននិងទីផ្សារ​​ផលិតផល​ខ្មែរ ផ្ដោតលើវិស័យស្រូវ ស្វាយចន្ទី កៅស៊ូ វារីវប្បកម្ម ទេសចរណ៍ និងសហគ្រាសធុនតូចនិងមធ្យម ដោយបាន​​សហការជាមួយដៃគូនានា ក្នុងនោះរួមមាន ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ, ការអនុម័តឥណទានដោយធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជាជូនដល់អាជីវករ ប្រមាណ ,៤លានដុល្លារអាម៉េរិក, ការអនុម័តកញ្ចប់ថវិកាបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ដល់​បណ្ដា​សហគ្រាស សមាគម ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ សម្រាប់ការអភិវឌ្ឍជំនាញបន្ថែមចំនួន១ ០៤៦នាក់, ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដោយសហគ្រិនខ្មែរ(KE) ចំនួន៤៦គម្រោង គិតជាថវិកាគាំទ្រប្រមាណ១១០ ០០០ដុល្លារអាម៉េរិក, ការចុះកិច្ចសន្យាអនុវត្ត​គម្រោងដោយផ្ដោតលើផលិតកម្មកសិកម្មខ្នាតតូចជាមួយសហគមន៍ចំនួន១៥ សរុបជាថវិកាចំនួន៤៧ ៧៤៩,៦០ដុល្លារអាម៉េរិក, ការលើ​កកម្ពស់កសិកម្មតាមកិច្ចសន្យានិងការផ្ដល់ហិរញ្ញប្បទានដល់​SMEs និងអាជីវកម្មផ្សេងៗ, ការទាក់ទាញនិងកៀរគរវិនិយោគិនបន្ថែម ព្រមទាំងផ្ដល់​យោបល់និងប្រឹក្សា​​ផ្លូវច្បាប់​ជូនប្រជាជន​ក្រីក្រផងដែរ។

ទន្ទឹមនេះ ការងារកសាងនិងពង្រឹងគណបក្សក្នុងឆ្នាំ២០២៥នេះ ក៏សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ការបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ការសាងសង់និងកែលំអទីស្នាក់ការគណបក្សក្រុងស្រុក និងទីស្នាក់ការឃុំ សង្កាត់ ទាំង៨១ សម្រេចបានស្ទើរួចរាល់ទាំងស្រុង បើធៀបនឹងពីមុនដែលពុំមានទីស្នាក់ការរហូតដល់ចំនួន៣៩ទន្ទឹមនេះ ការងារកសាងសមាជិកបក្ស ក៏សម្រេចបានតាមសន្ទស្សន៍ជាង ៧៨% ធៀបនឹងផែនការ ៧៥% ក៏ដូចជាការងារផ្សេងៗទៀត ដូចការងារយុវជននិងការងារចលនាមហាជនជាដើម

ឯកឧត្តវង្សី វិស្សុត បានបន្តថា សមិទ្ធផលដែលសម្រេចបានទាំងនេះ ធ្វើឱ្យខេត្តកំពង់ធំទទួលបានូវ​​ផ្លែផ្កា និងការប្រែប្រួលមុខមាត់ថ្មី ក្នុងចលនការ​ជាវិជ្ជមាន ក្នុងដំណើរឆ្ពោះទៅសម្រេច​ចក្ខុវិស័យ​ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋាន​​​គាំទ្រដ៏រឹងមាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងលែជាខេត្តទៅហួសមកហួសទៀត ទាំងគម្រោង​អភិវឌ្ឍ ការវិនិយោគ ពាណិជ្ជកម្ម​ និងទេសចរណ៍។

ឯកឧត្តវង្សី វិស្សុត បានសង្កត់ធ្ងន់ថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៦ខាងមុខ គឺជាឆ្នាំកសាងនូវមូលដ្ឋានគ្រឹះដែលយើង​ត្រូវត្រៀមដើម្បីដណ្ដើមជ័យជំនេះនៃការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ជូនគណបក្ស។ដូច្នេះយើងត្រូវប្រឹងខ្លាំងជាងមុន ឱ្យស្រុះដៃគ្នា ជាកម្លាំងសរុបប្រកបដោយសហថាមពល បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការដ្ឋានយុទ្ធសាស្ត្រទាំង៣ ដែល​បានដាក់ចេញ ដោយត្រូវបន្តផ្តោតការយកចិត្តទុកដាក់​អនុវត្ត​លើកិច្ចការអាទិភាពជាអាទិ៍ ការដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ការងារ មុខរបរ និងការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាជន, រួមចំណែកគាំទ្រដល់ដំណើរការនៃពិពិធកម្មផលិតកម្ម​ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់​, បន្ត​ពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ សេវាសន្តិសុខសណ្តាប់​​ធ្នាប់ សេវាយុត្តិធម៌ សេវាអប់រំ សុខាភិបាល រដ្ឋបាល ប្រព័ន្ធគាំពារសង្គម និងសេវាពាក់ព័ន្ធអាជីវកម្ម ធុរកិច្ច​, បន្តអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់​ មានសុវត្ថិភាពដូចភ្លៀងរលឹម, បន្តធ្វើវេទិកាសាធារណៈដើម្បីក្ដាប់នូវសំណើ​ សំណូមពរ និងបញ្ហាប្រឈមនានា, បន្តដោះស្រាយបញ្ហាកសិផលនិងទីផ្សារ បញ្ហាសមធម៌និងយុត្តិធម៌សង្គម និងខិតខំស្វះស្វែង​រកដៃគូនិងវិនិយោគិនបន្ថែម។

ទន្ទឹមនេះ ក្រុមការងារ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្ត​ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ សេចក្ដីសម្រេចចិត្ត និងគោលការណ៍នានារបស់​គណបក្ស ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់កម្រិតនៅមូលដ្ឋាន, ការពង្រឹង និងកសាងសមាជិកបក្សតាមផែនការ ទាំងបរិមាណ និងធានាគុណភាព ស្របតាមគោលការណ៍ «សមាជិកគណបក្ស១រូប ជាសំឡេងគាំទ្រគណបក្ស១សន្លឹក», ពង្រឹងរបៀបរបបធ្វើការ របបប្រជុំ របបរាយការណ៍ និងរបបតាមដាន ត្រួតពិនិត្យ​ និងវាយតម្លៃជាប្រចាំ ដើម្បីកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវ​ជំនឿទុកចិត្ត និងការស្រលាញ់ចេញពីបេះដូងរបស់ប្រជាពលរដ្ឋមកលើគណបក្សបន្ថែមលើនេះ ឯកឧត្ដម ក៏បានជំរុញការងារយុវជន ដែលជាកម្លាំងស្នូលនិងជាកម្លាំងបន្តវេនគណបក្សទាំងសមត្ថភាព និងឥរិយាបថ ដើម្បីចូលរួមក្នុងសកម្មភាពបម្រើប្រទេសជាតិនិងប្រជាជន។ ដើម្បីជំរុញការងារដ៏សំខាន់នេះ ឯកឧត្ដម វង្សី វិស្សុតបានប្រកាសផ្ដល់ការឧបត្ថម្ភ​ថវិកាប្រចាំខែចំនួន ៤លានរៀន និងលោកអ្នកឧកញ៉ា ទ្រី ភាព ចំនួន ៤លានរៀល ដើម្បីផ្តល់ការគាំទ្រការងារយុវជនក្នុងខេត្តកំពង់ធំ។

ឯកឧត្តវង្សី វិស្សុត ក៏បានផ្ដល់ការណែនាំឱ្យក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់​វីរយុទ្ធជនពលី ជាពិសេស​ត្រូវជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជនពលី ឱ្យបានសមរម្យស្របទៅនឹងការលះបង់សាច់ស្រស់ ឈាមស្រស់ និងគុណបំណាច់ដ៏ធំធេង​ចំពោះជាតិមាតុភូមិ។ ទន្ទឹមនេះ ក៏ត្រូវយកចិត្ត​ទុកដាក់ខ្ពស់បំផុតចំពោះវីរយុទ្ធជនរងរបួស ដើម្បីផ្ដល់ភាពកក់ក្ដៅទាំងផ្នែកសុខភាព ស្មារតី និងជីវភាព​រស់នៅ ព្រមទាំងត្រូវរៀបចំសម្របសម្រួលជួយដល់ជនភៀសសឹកឱ្យបានល្អពិសេសបញ្ហាសុខទុក្ខ ការលំបាកផ្សេងៗ និងការដោះស្រាយកន្លែងស្នាក់នៅជូនប​ងប្អូន។ ឯកឧត្តមក៏បានណែនាំដល់គណបញ្ជាការឯកភាពខេត្ត ត្រូវត្រៀមផែនការ​ជាយុទ្ធសាស្ត្រ ស្របតាមវិវត្ត​​នៃស្ថានការណ៍ឱ្យបានល្អបំផុត។ចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យក្រុមការងាររៀបចំដឹកជញ្ជូន​នូវអំណោយចំនួន១០០០ឃីត ដែលជាការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីចាត់ចែង​ផ្គត់ផ្គង់ជូនដល់បងប្អូនភៀសសឹក តាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន

 

អត្ថបទទាក់ទង