ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រកាសជំហរដាច់ខាតប្រឆាំងអំពើជួញដូរមនុស្ស និងបង្ក្រាបអំពើខុសច្បាប់ទាំងអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រកាសជំហរដាច់ខាតប្រឆាំងអំពើជួញដូរមនុស្ស និងបង្ក្រាបអំពើខុសច្បាប់ទាំងអស់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រកាសជំហរដាច់ខាតប្រឆាំងអំពើជួញដូរមនុស្ស និងបង្ក្រាបអំពើខុសច្បាប់ទាំងអស់

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតក្នុងការប្រឆាំងអំពើជួញដូរមនុស្ស ដោយពង្រឹងការទប់ស្កាត់ ស្វែងរកបទល្មើស និងបង្ក្រាបកាន់តែខ្លាំងក្លា ហើយមិនអនុញ្ញាតឲ្យជនល្មើសទាំងឡាយមានសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ បើ ទោះបីជាជនល្មើសមានកលល្បិចខ្ពស់យ៉ាងក៏ដោយ។

លោក បានប្រកាសបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានបន្តថាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សនេះ បានធ្វើការអប់រំផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិកត្រូនិក វិទ្យុ ទូរទស្សន៍ និងតាមបណ្តាញផ្សព្វផ្សាយសង្គម ក៏ដូចជាការបិតផ្សាយសារ ការសម្តែងសិល្បៈ ភាពយន្តខ្នាតខ្លី និងការចែកខិតប័ណ្ណ ក៏ត្រូវបានធ្វើជាញឹកញាប់។

ជាងនេះទៅទៀតក៏បានរៀបចំ កិច្ចប្រជុំ វេទិកាសាធារណៈ យុទ្ធនាការធំៗ ជាច្រើន ដោយផ្តោតលើខ្លឹមសារស្តីពីកិច្ចការពារប្រជាពលរដ្ឋ ជាពិសេសកុមារ យុវវ័យ និងស្រ្តី ពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅតាមសហគមន៍ ក៏ដូចជានៅតាមសាលារៀនគ្រប់កម្រឹត។

លោក ស ខេង បានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តអនុស្សរណៈកិច្ចព្រមព្រៀង ទ្វេភាគី ពហុភាគី ក៏ដូចជាអនុសញ្ញាអាស៊ាន និងកតិកាសញ្ញាពិភពលោក ដែលកម្ពុជាបានចុះហត្ថលេខា និងចូលរួមអនុម័ត ដើម្បីរួមចំណែកការពារសុវត្ថិភាព ភាពរៀបរយ និងស្របច្បាប់នៃជនទេសន្តរប្រវេសន៍ និងការពារពួកគេពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព។
លោកបានបញ្ជាក់បន្ថែមថា នឹងមិនអត់ឱនដាច់ខាតចំពោះមន្រ្តីទាំងអស់ដែលជាប់ពាក់ព័ន្ធ ចូលរួម ឬធ្វើជាខ្នងបង្អែកឲ្យជនល្មើស និងរាល់សកម្មភាពដែលនាំឲ្យមានភាពរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស នឹងត្រូវផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ជាធរមាន។

សូមបញ្ជាក់ដែរថាក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសេនាធិការបានបង្ក្រាប ចាប់ឃាត់ខ្លួន និងបញ្ជូនជនប្រព្រឹត្តបទល្មើស២២៤នាក់ទៅតុលាការដើម្បីផ្តន្ទាទោសក្នុងបេសកកម្មបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុប ១៣៤ករណី និងសង្គ្រោះជនរងគ្រោះ សរុបចំនួន ២៣០នាក់ ក្នុងនោះមានទាំងក្មេងអាយុក្រោម១៥ឆ្នាំ ៩២នាក់ អាយុពី១៥ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ២៣នាក់ និងអាយុ១៨ឆ្នាំឡើង ១១៥នាក់។

ដោយឡែកស្ថាប័នតុលាការបានអនុវត្តតួនាទីរបស់ខ្លួនរហូតដល់តំណាក់កាលជំនុំជម្រះ ករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទូទាំងរាជធានី-ខេត្ត សរុបបានចំនួន ២១៤ករណី ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ បាន ២៧៣នាក់ (ស្រី២៥២នាក់) អនិតិជន១១៤នាក់ (ស្រី១០៧នាក់) និងបានរកឃើញជនជាប់ចោទសរុប ២៥៣នាក់ (ស្រី៤៣នាក់) ក្នុងនោះ(ចាត់ការរួច៧២ករណី ផ្តន្ទាទោសដាក់ពន្ធនាគារ ១២៥នាក់ និងកំពុងបន្តចាត់ការ ១៤២ករណី )៕

អត្ថបទទាក់ទង