ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក្រើនរំលឹក «កុំ៤» គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក្រើនរំលឹក «កុំ៤» គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក្រើនរំលឹក «កុំ៤» គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន

នៅព្រឹកថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតី ទិវាអន្តរជាតិ
ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍បូកសរុបបញ្ជីស្ថិតិគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចរឹបអូសកម្ទេចចោលនាថ្ងៃនេះ និងបានស្ដាប់ការអានសារលិខិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ទាប់មក លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយបានមានប្រសាសន៍ថាការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព» នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងស្មារតីនៃមហាសន្និបាតអង្គការសហប្រជាជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានបន្ថែថា នៅថ្ងៃនេះ កម្ពុជា និងបណ្ដារដ្ឋផ្សេងទៀត បានប្រារព្ធទិវានេះឡើង ដើម្បីបំផុស ដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូប ឲ្យគាំទ្រ និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហើយសម្រាប់ថ្ងៃនេះ យើងក៏នឹងដុតកម្ទេចចោលគ្រឿងញៀនមួយចំនួនទៀតដែរ។ លោកក៏បានថ្លែងកោតសរសើរគ្រប់ភាគីដែលបានសហការគ្នាប្រារព្ធ និងចូលរួមក្នុងទិវានេះ ហើយដែលក៏បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក ទៅតាមតួនាទី ភារកិច្ច និងស្មារតីទទួលខុសត្រូវ ពិសេសបានចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏នៅមានតែមានការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដោយសារតែនិន្នាការសកល និងស្ថានភាពភូមិសាស្រ្ត ដែលធ្វើឲ្យក្រុមឧក្រិដ្ឋជន នៅតែបន្តព្យាយាមចរាចរណ៍គ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ហើយពលរដ្ឋមួយចំនួននៅតែបន្តរងផលប៉ះពាល់ បើទោះបីជារាជរដ្ឋាភិបាលខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបយ៉ាងសកម្មក្ដី។ លោក បានគូសបញ្ជាក់ថាជាមួយនឹងការប្រឈមខាងលើ កម្ពុជាក៏បង្កើនការធ្វើសកម្មភាពឆ្លើយតបយ៉ាងផុលផុស និងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀននេះដែរ តាមរយៈការដាក់ចេញយុទ្ធនាការបង្ក្រាប ការផ្ដោតលើទីតាំងកំសាន្ត ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ លោកបានណែនាំឲ្យមន្រ្តី កម្លាំងអនុវត្តច្បាប់ និងគ្រប់ភាគី បន្តបង្កើនការយកចិត្តទុកដាក់សហការគ្នាបង្ក្រាបការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅផ្ទះសំណាក់ ខារ៉ាអូខេ និងក្លឹបកំសាន្ត និងការចរាចរណ៍គ្រឿងញៀនតាមច្រកព្រំដែនចូលមកក្នុងប្រទេស ពីព្រោះករណីទាំងនេះសុទ្ធតែជាករណីធំៗ ដែលជាប់ពាក់ព័ន្ធនឹងមេក្លោង និងបណ្ដាញទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានផ្ដល់អនុសាសន៍មួយចំនួនទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្រ្តី និងកម្លាំងអនុវត្តច្បាប់ ការពង្រឹងយន្តការភូមិឃុំសង្កាត់គ្មានគ្រឿងញៀន ការគៀងគរកិច្ចសហការពីគ្រប់ភាគី ការស្ដារនីតិសម្បទា វិធានការអនុវត្តច្បាប់ និងការផ្ដោតលើតំបន់ព្រំដែន។ លោកក៏បានណែនាំឲ្យពង្រឹងការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងការចូលរួមអនុវត្តពីពលរដ្ឋ ពិសេសពីវិស័យឯកជន ក្រោមពាក្យស្លោក «ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន គឺជាការការពារផលប្រយោជន៍ខ្លួនឯង» និងបានអំពាវនាវឲ្យបន្តចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល។

ជាការកត់សំគាល់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានដាស់តឿនក្រើនរំលឹកឲ្យមន្រ្តី និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កុំពាក់ព័ន្ធនឹងគ្រឿងញៀនឲ្យសោះ តាមរយៈការចៀសវាងឲ្យដាច់ខាតនៅនូវពាក្យគន្លឹះ«កុំ៤» គឺ «កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍» ក្នុងករណីបទល្មើសគ្រឿងញៀន៕

អត្ថបទទាក់ទង