ខ្មែរប៉ុស្ដិ៍ Close

ការមិនចេញទឹកដោះនៅថ្ងៃដំបូងនៃកំណើតកូន តើអ្នកម្តាយគួរបារម្មណ៍ឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩ កីឡា - សុខភាព 44

ចាប់ពីថ្ងៃដំបូងអរម៉ូនមួយចំនួនជួយជំរុញអោយបញ្ចេញទឹកដោះដំបូង (Colostrum)។ Colostrum មានពណ៌លឿង ថ្លា ផ្ទុកទៅដោយវីតាមីនជាច្រើន និងជាតិរ៉ែ ព្រមទាំង អង់ទីករ(Anticorps) ការពារកូនលោកអ្នកពីការឆ្លងរោគ។

លោកអ្នកត្រូវដាក់អោយកូនបៅក្នុងពីរម៉ោងដំបូងនៃកំនើតកូន។ ទារកមួយចំនួនធំអាចបឺតជញ្ជក់ដោះម្តាយបានដោយខ្លួនឯង ។ ការបឺតជញ្ជក់ដោះម្តាយជំរុញអោយក្រពេញដោះឆាប់បញ្ចេញទឹកដោះ។ ទោះជាពេលនេះទារកខ្លះមិនទាន់ចេះបៅក៏ដោយ លោកអ្នកគួរព្យាយាមដាក់ទារកលើទ្រូងម្តាយដោយស្បែកប៉ះស្បែករួចសាកល្បងអោយជញ្ជក់ម្តងទៀត។មិនត្រូវកំណត់ម៉ោងបំបៅកូនទេ។ការដាក់អោយកូនបៅត្រូវធ្វើឡើងនៅពេលកូនភ្ញាក់ពីដំណេកត្រឹមត្រូវ ( ភ្នែករបស់កូនបើកហើយមានចលនា ដៃជើងកំរើក) ។

ក) សញ្ញាដែលបញ្ជាក់ថាកូនឃ្លាន៖

  • ប្រែប្រួលការដកដង្ហើម ធ្វើចលនាភ្នែក មាត់ និងមុខ
  • កម្រើកដៃជើង ជញ្ជក់ដៃ
  • ជញ្ជក់មាត់ និងលានអណ្តាត
  • លោកអ្នកពុំគួរណាទុកកូនឲ្យឃ្លានខ្លាំងដល់ខឹង ជាហេតុនាំអោយពិបាកក្នុងការបំបៅឡើយ។

ខ) ការបំបៅកូនដោយត្រឹមត្រូវគឺ៖

  • មាត់កូនហាធំ ថ្ពាល់កូនប៉ោង
  • ចង្ការកូនប៉ះទ្រូងម្តាយ
  • បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
  • សណ្តង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
  • ដងខ្លួនកូនដាក់អោយត្រង់ ហើយផ្អៀងមកលើពោះម្តាយ

គ) ចំណុចគួរចងចាំ៖

  • ការដាក់កូនបៅកាន់តែច្រើនដង ទឹកដោះនឹងកាន់តែឆាប់ចេញ
  • សូមលោកអ្នកកុំបារម្ភចំពោះការថយទំងន់របស់កូននៅ៣ថ្ងៃដំបូង នេះមិនមែនមកពីការបៅមិនគ្រប់គ្រាន់នោះទេ យើងគួរទុកពេលឲ្យពួកគាត់សំរបខ្លួននឹងពិភពលោកដែលគាត់ទើបនឹងបានស្គាល់ នោះទំងន់គាត់នឹងឡើងមកវិញនៅថ្ងៃទី៤ឬទី៥
  • ស្ត្រីគួរគប្បីដាក់កូនបៅអោយអស់ដោះ១ចំហៀង ចាំដាក់អោយបៅមួយចំហៀងទៀត
  • ក្រោយពេលបំបៅកូនហើយ គួរសាកល្បងធ្វើឲ្យកូនភើដោយអង្អែលថ្នមៗលើខ្នងគាត់ឬឲ្យគាត់អង្គុយលើជង្គង់ដោយដៃកាន់ចង្ការកូន ហើយដៃ១ចំហៀងទៀតអង្អែលខ្នងកូន។

ឃ) ទំហំក្រពះកូន៖

  • ថ្ងៃទី១ក្រោយកើត ក្រពះកូនមានទំហំប្រហែលជា ៥-៧មល ឯម្តាយអាចបង្កើតទឹកដោះដំបូងបានប្រហែលពី ១០-១០០មល
  • ថ្ងៃទី២ ក្រពះកូនមានទំហំប្រហែលជា ១០-១៣មល ឯទឹកដោះដំបូងបានប្រហែល ១០-១០០មល
  • ថ្ងៃទី៣ ក្រពះកូនមានទំហំប្រហែល ២២-២៧មល ឯទឹកដោះម្តាយមានប្រហែល ២០០មល
  • ថ្ងៃទី៤ ក្រពះកូនមានទំហំប្រហែល ៣៦-៤៦មល ឯទឹកដោះម្តាយមានប្រហែល ៤០០មល
  • ថ្ងៃទី៥ ក្រពះកូនមានទំហំប្រហែល ៤៧-៥៧មល ឯទឹកដោះម្តាយមានប្រហែល ៦០០មល

«ទឹកដោះម្តាយមានអត្ថប្រយោជន៍ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងការលូតលាស់របស់ទារក ដែលគ្មានទឹកដោះម្សៅណាអាចប្រៀបនឹងទឹកដោះម្តាយបានទេ។ ដូចនេះមាតាគ្រប់រូបគប្បីបំបៅដោះកូនដោយទឹកដោះម្តាយបន្ទាប់ពីសម្រាលបុត្រធីតារបស់អ្នក។»

ប្រភព៖ ទំព័រហ្វេសប៊ុករបស់ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង