«ផ្លែសំរង» មិនត្រឹមជាថ្នាំត្រជាក់ទេ តែក៏ជាឱសថបែបធម្មជាតិ កបនឹងជំងឺបានច្រើនមុខណាស់ដែរ!
ផ្លែសំរង គឺជាផ្លែម្យ៉ាងដែលដុះចេញពីដើមឈើព្រៃដ៏ធំមួយ ហើយត្រូវបានប្រជាជនខ្មែរនិយមទទួលទានវាជាចំណីលាយគ្រឿងភេសជ្ជៈសម្រាប់ទទួលទាន ដោយការត្រាំទឹកឱ្យរីកជាមុនសិន ជាពិសេសគឺលាយជាមួយគ្រាប់ជីរតែម្តង។ មនុស្សភាគច្រើនដឹងត្រឹមថា វាមានគុណតម្លៃពិសេសធ្វើជាថ្នាំត្រជាក់សម្រួលសុខភាពរាងកាយ តែប៉ុណ្ណោះ តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការទទួលទានផ្លែសំរងជាប្រចាំ ក៏ត្រូវបានគេដឹងអាចកបនឹងជំងឺជាច្រើនមុខផងដែរ។
ចង់ដឹងថា ផ្លែសំរង មានប្រយោជន៍ខាងសុខភាពអ្វីខ្លះមកតាមដានទាំងអស់គ្នាដូចខាងក្រោម៖
ជួយឱ្យត្រជាក់រាងកាយ និងព្យាបាលជំងឺផ្លូវដង្ហើម
មិនខុសពីអ្វីដែលប្រជាជនខ្មែរបានដឹង ផ្លែសំរងក៏ត្រូវបានប្រទេសមួយចំនួន ធ្វើជាថ្នាំត្រជាក់បានផងដែរ ជាពិសេសគឺសម្រាប់ការទទួលទាននៅក្នុងរដូវក្តៅ និងពេលស្ត្រីមករដូវជាដើម។ នៅក្នុងនោះ វាថែមទាំងជាឱសថសម្រាប់កបនឹងជំងឺមួយចំនួន ដែលកើតឡើងដោយសារតែរាងកាយឡើងកម្តៅខុសពីធម្មតាផងដែរដូចជា៖
- ជំងឺគ្រុនក្តៅ
- ក្អក
- ផ្តាសាយ
- កម្ចាត់កំហាក និងស្លេស្ម៍
- ការឈឺចាប់ ឬជំងឺទាក់ទងនឹងប្រហោងឆ្អឹងច្រមុះ(Sinus)
- ជំងឺហឺត
- ជំងឺរលាកទងសួត
- រលាកសាច់បំពង់ក (Tonsillitis)
- ឈឺបំពង់-ក
- រលាកបំពង់ក (Pharyngitis) និងឆ្លងមេរោគនៅក្នុងបំពង់-ក
- ភ្នែកឡើងក្រហម ឬក្តៅដោយសារតែក្តៅខ្លួន
- ស្នាមកន្ទួល ឬរមាស់
- បញ្ហារបត់នៃពោះវៀន
- រដូវមិនទៀង
- ឈឺក្បាល និងវិលមុខ
- ជួយបង្កើនឱកាសនៃការមានកូន
- អាការគេងមិនលក់ និងជំងឺទាក់ទងនឹងការកើនឡើងនៃកម្តៅរាងកាយជាច្រើនមុខទៀត។
ព្យាបាលជំងឺទាក់ទងនឹងការរលាក និងសម្អាតជាតិពុលចេញពីរាងកាយ
ក្រៅពីជួយព្យាបាល និងសម្រាលការឈឺចាប់នៃអាការជំងឺទាក់ទងនឹងការឡើងកម្តៅរាងកាយ ការទទួលទានផ្លែសំរង ក៏អាចជួយព្យាបាលជំងឺ និងអាការផ្សងៗទាក់ទងនឹងការរលាកផ្សេងៗ ព្រមទាំងជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ រួមមានដូចជា៖
- អាចព្យាបាល និងសម្រាលបញ្ហាការកើតមុនផ្សេងៗទាំងលើផ្ទៃមុខ និងលើរាងកាយ
- ព្យាបាលជំងឺសើស្បែកបានជាច្រើនមុខដូចជា៖ កន្ទួល រមាស់ស្បែក ជំងឺត្រអក ឬប្រទាលត្រអាក ជំងឺឃ្លង់ និងជំងឺលើស្បែកផ្សេងៗទៀត
- ជួយសម្អាត បណ្តេញជាតិពុល និងការពារមេរោគឆ្លងតាមផ្លូវទឹកនោម ដូចជានៅតំបន់ ប្លោកនោម និងតម្រងនោមជាដើម
- ជួយបណ្តេញជាតិទឹកដែលលើសក្នុងខ្លួន ដែលជាហេតុធ្វើឱ្យហើមតាមរាងកាយ
- បណ្តេញជាតិពុល ដែលធ្វើឱ្យមានបញ្ហារបត់នៃចលនាពោះវៀន
- ជួយព្យាបាលជំងឺទល់លាមក និងបន្ទោរបង់មកចេញឈាមតាមផ្លូវលាមក (ដោយសារក្តៅក្នុង)
- បន្ថយជាតិហ្គាស (ឧស្ម័ន) ដែលមាននៅក្នុងរាងកាយ ហើយជួយព្យាបាលអាការ ហើម ប៉ោង និងតឹងពោះ ព្រមទាំងធ្វើឱ្យបញ្ហាពាក់ព័ន្ធក្រពះដូចជា៖ ជំងឺដំបៅក្រពះពោះវៀន និងជំងឺដំបៅក្រពះជាដើមឱ្យបានធូរស្រាល ឆាប់ជាសះស្បើយ
- ជួយធ្វើឱ្យអាការឈឺចាប់នៅត្រង់សន្លាក់ដោយសារជាតិទឹក ឆាប់ធូរស្រាលជាងមុន
- បន្ថយអាការក្រហាយ និងចុកឆ្អល់នៅត្រង់ដើមទ្រូង
- វាថែមទាំងមានលក្ខណៈបែបគីមីវិទ្យាសាស្ត្រ ដែលអាចប្រើប្រាស់សម្រាប់ការព្យាបាលជំងឺមហារីកបានផងដែរ។
ជួយដល់ការសម្រកទម្ងន់
ក្រៅពីគុណប្រយោជន៍សុខភាពជាច្រើន របស់ផ្លែសំរង គេបានដឹងថាវាក៏សម្បូរទៅដោយជាតិកាកសរសៃហ្វៃបឺដ៏ច្រើនលើសលប់ ព្រមទាំងមានជាតិកាឡូរីទាប ដែលល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ជាពិសេសការទទួលទានផ្លែសំរង ជួយធ្វើឱ្យអ្នកឆាប់ឆ្អែត មិនសូវឃ្លានអាហារដូចមុន ថែមទាំងឆ្អែតបានយូរផងដែរ។
វិធីទទួលទានផ្លែសំរង
- មិនខុសពីរបៀបនៃការទទួលទានផ្លែសំរងរបស់ប្រជាជនខ្មែរយើង ផ្លែសំរងមុននឹងទទួលទានបាន គឺត្រូវត្រាំផ្លែវាឱ្យរីកនៅក្នុងទឹកស្អាតប្រមាណជា ១៥នាទីទៅ ៣០នាទីជាមុនសិន។
- បន្ទាប់មកអ្នកអាចបកសម្បកវាចេញ រួចទទួលទានផ្លែសំរងនេះ លាយជាមួយគ្រាប់ជីរក៏បាន លាយជាមួយភេសជ្ជៈសុខភាពផ្សេងៗក៏បានដូចជា៖ ទឹកដូង ទឹកផ្លែឈើ ទឹកបន្លែក្រឡុក ឬទឹកក្រូចឆ្មារ ទឹកតែបៃតង និងភេសជ្ជៈដែលជំនួយសុខភាពជាច្រើនមុខទៀតតាមដែលអ្នកចូលចិត្តបានដោយគ្មានបញ្ហា។
- ដើម្បីបង្កើនរសជាតិ អ្នកក៏អាចលាយជាមួយនឹងស្ករស ឬទឹកឃ្មុំបន្ថែមលើភេសជ្ជៈក៏បាន។
ចំណាំ
- សម្រាប់ការព្យាបាលជំងឺទាក់ទងក្រពះពោះវៀន និងអាការទល់លាមក អ្នកគួរតែទទួលទានផ្លែសំរងទាំងសម្បកវា ដោយមិនបាច់យកចេញ។
- សម្រាប់ការព្យាបាលជំងឺទាក់ទងនឹងបំពង់-ក ឈឺ-ក ការឆ្លងមេរោគទាក់ទងនឹងផ្លូវដង្ហើម និងឆ្អឹងខ្ទង់ច្រមុះ អ្នកអាចទទួលទានវាដោយបកសម្បកសំរងចេញ ឬទទួលទានទាំងសម្បកក៏បាន៕