ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនៅបរិវេណព្រះអង្គចេកព្រះអង្គចម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 61

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត នៅតំបន់ព្រះអង្គចេកព្រះអង្គចម។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាប្រធានក្រុមការងារអាជ្ញាធរជាតិអប្សរាសម្រាប់កិច្ចសហការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធដទៃទៀត នឹងរៀបចំសៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយជាច្រើន។

ឯកឧត្តមបញ្ជាក់ថា ក្នុងកិច្ចសហការនេះ អាជ្ញាធរជាតិអប្សរាទទួលបន្ទុកក្នុងការងាររៀបចំ “ភូមិខ្ញុំ” ក្នុងគោលបំណង ផ្តល់ឱកាសឲ្យភ្ញៀវជាតិ-អន្តរជាតិ គ្រប់រូបចូលរួមជួបជុំជាមួយគ្នាក្នុងន័យមហាគ្រួសារខ្មែរ ដើម្បីកម្សាន្តសប្បាយៗ ក្រោយពីការឈប់សម្រាកការងារ និងជាប្រពៃណីក្នុងការបណ្តុះស្មារតីស្រឡាញ់រាប់អានគ្នាក្នុងការរួបរួមសាមគ្គីតាមរយៈលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សិល្បៈ កេរដំណែល សម្បត្តិបេតិកភណ្ឌជាតិ-អន្តរជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅតាមជនបទ។

“ភូមិខ្ញុំ” នឹងមានរៀបចំទស្សនីយភាពសំខាន់ៗដូចជា ផ្ទះអ្នកភូមិដែលបង្ហាញពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនខ្មែរដែលមានដំណាំដាំដុះជុំវិញគេហដ្ឋាន ព្រមទាំងសកម្មភាពទុកដាក់សមិទ្ធផលស្រែចំការ ស្ថាបត្យកម្មនៃសំណង់ផ្ទះខ្មែរ រួមទាំងវប្បធម៌ប្រពៃណីរបស់អ្នកភូមិតាមរយៈល្បែងប្រជាប្រប្រិយ និងរបាំផ្សេងៗ។ រោងតម្បាញនិងរោងចម្លាក់ ដែលបង្ហាញនូវរបៀបធ្វើសូត្រ តម្បាញសូត្រខ្មែរ រោងជាងចម្លាក់ ដែលមានចម្លាក់ថ្ម ចម្លាក់ថ្មកែវ ចម្លាក់ឈើ ចម្លាក់ប្រាក់ និងស្ពាន់។ល។ និងផ្ទះសេដ្ឋី អមដោយឆាកសម្តែងដែលមានការរចនាតុបតែងលម្អយ៉ាងមានភាពទាក់ទាញ។ កម្មវិធីសំខាន់ៗដែលក្រុមការងារបានត្រៀមមានដូចជា តន្ត្រីស្គរដៃអ្នកភូមិ របាំឆៃយ៊ាំ របាំអប្សរា របាំជូនពរ របាំគោះត្រឡោក របាំត្រុដិ តន្ត្រីសម័យ និងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទទៀត។

ដោយឡែក ក្រៅពីទស្សនីភាពភូមិខ្ញុំ ក៏មានទស្សនីយភាពសប្បាយរីករាយជាច្រើនទៀត ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួមសប្បាយរីករាយអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង៕

អត្ថបទ៖ អាជ្ញាធរជាតិអប្សរា

អត្ថបទទាក់ទង