អគ្គលេខាធិការរងនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់ UN កោតសរសើរពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ដែលបានធ្វើឡើងនៅវិមានសន្តិភាព។
លោកស្រី Armida បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ទទួលស្គាល់នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានធ្វើអោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសមត្ថភាពពេញលេញ។ លើសពីនេះទៅទៀត កម្ពុជាក៏បានទទួលនូវការអភិវឌ្ឍ នៅលើគ្រប់វិស័យផងដែរ។ ជាមួយគ្នានេះដែរ លោកស្រី បានគោរពថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអង្គការសហប្រជាជាតិអង្គការ UN-ESCAP កន្លងមកផងដែរ។
លោកស្រី Armida ក៏បានបានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ដែលបានបង្កើតគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលគណៈកម្មការនេះ បានកកើតឡើងតាំងពីឆ្នាំ២០០៨ ដោយបានសម្របសម្រួល និងជំរុញការងារយ៉ាងជិតស្និត រវាងអង្គការ UN-ESCAP និងរដ្ឋាភិបាលកម្ពុជា។ លើសពីនោះទៅទៀតលោកស្រី ក៏បានទទួលស្គាល់ផងដែរ នូវតួនាទីរបស់កម្ពុជា ក្នុងការចូលរួមទំនាក់ទំនងរវាងកម្ពុជា និង UN-ESCAP និងកម្ពុជា-អាស៊ាន និង UN-ESCAP ផងដែរ។
លោកស្រី ក៏បានគោរពជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា UN-ESCAP ពេញចិត្តនឹង បន្តសហការជាមួយកម្ពុជាទៀត ទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណារួមគ្នាជំរុញ គោលដៅអភិវឌ្ឍន៍ ដោយចីរភាព របស់អង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាមួយនឹងការលើកឡើងរបស់លោកស្រី Armida និងបានជម្រាបលោកស្រីវិញថា ជាការពិតណាស់ មិនមានប្រទេសច្រើនទេ ដែលបង្កើតគណៈកម្មការជាតិសម្រាប់ធ្វើការសម្របសម្រួលជាមួយនឹង UN-ESCAP ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ កម្ពុជាបានសហការយ៉ាងល្អជាទីបំផុតជាមួយនឹងភ្នាក់ងារ UN ទាំងអស់ នៅក្នុងព្រះរាជាណចក្រកម្ពុជា ជាអាទិ៍ជារៀងរាល់ឆ្នាំ តែងតែមានកិច្ចប្រជុំរវាងភ្នាក់ងារ UN ទាំងអស់ ជាមួយនឹងនាយករដ្ឋមន្ត្រី ទោះបីពេលនេះ មិនមែនជាកិច្ចប្រជុំនោះទេ តែត្រូវបានលើកកម្ពស់ ដូចជាវេទិកាតែម្ដង ហើយគោលដៅ នៃព្រឹត្តិការណ៍រវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងលោកនាយករដ្ឋមន្ត្រីនេះ គឺធ្វើយ៉ាងណា សហការ និងជំរុញនូវប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរថែមទៀត។
លើសពីនោះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនលោកស្រីផងដែរថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ជាមួយនឹងអង្គការសហប្រជាជាតិ មិនត្រឹមតែដើម្បីជំរុញការអភិវឌ្ឍ និងកំណត់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះទេ តែក៏បានចូលរួមចំណែកថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ៕