ខ្មែរប៉ុស្ដិ៍ Close

ស្ថានីយ៍រថភ្លើងរវាងកម្ពុជា-ថៃ ដែលខូចដោយសារសង្គ្រាមជាង៤០ឆ្នាំ នឹងត្រូវតភ្ជាប់ឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 74
ស្ថានីយ៍រថភ្លើងរវាងកម្ពុជា-ថៃ ដែលខូចដោយសារសង្គ្រាមជាង៤០ឆ្នាំ នឹងត្រូវតភ្ជាប់ឡើងវិញ ស្ថានីយ៍រថភ្លើងរវាងកម្ពុជា-ថៃ ដែលខូចដោយសារសង្គ្រាមជាង៤០ឆ្នាំ នឹងត្រូវតភ្ជាប់ឡើងវិញ

ផ្លូវដែកដែលជាតំណរភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលត្រូវបានរងការខូចខាត ដោយសារសង្គ្រាម អស់រយៈពេល៤៥មកហើយនោះ នឹងត្រូវបានតភ្ជាប់ដំណើរការឡើងវិញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការអះអាងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការអះអាងយ៉ាងដូចនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសាធារណការថៃ ចុះពិនិត្យមើលតំណរភ្ជាប់ផ្លូវរថភ្លើងកម្ពុជា-ថៃ នៅច្រកប៉ោយប៉ែត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវរថភ្លើងតភ្ជាប់ពីកម្ពុជា ទៅប្រទេសថៃ បានដាច់ដោយសារសង្ក្រាម ៤៥ឆ្នាំមកហើយ ហើយនៅពេលនេះបានរៀបចំឱ្យមានការតភ្ជាប់ឡើងវិញ ដែលទទួលបានជំនួយដែក ពីប្រទេសម៉ាឡេស៊ី ហើយភាគីថៃ ក៏បានជួយដឹកបន្តមកឱ្យដល់ច្រកប៉ោយប៉ែត និងបានធ្វើជាផ្លូវដែកនេះឡើង ហើយបានតភ្ជាប់ជាបន្តបន្ទាប់រហូតដល់ភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះផ្លូវដែកតភ្ជាប់ទៅថៃនេះ គឺបានតភ្ជាប់រួចរាល់អស់ហើយ តែមិនទាន់បានរត់ទៅមក ជាមួយថៃនោះទេ ដោយសារមិនទាន់មានការព្រមព្រៀងការរត់ផ្លូវដែក រវាងកម្ពុជា និងថៃ។ មកដល់ពេលនេះកិច្ចព្រមព្រៀងនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ នៅចាំតែទៅដល់ថ្ងៃទី២២ ខែមេសា ខាងមុខនេះ នៅពេលដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលទូរថភ្លើង ដែលភាគីថៃបានផ្តល់ឱ្យនោះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែកតែម្តង។

បើតាមលោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល, លោកនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នឹងជិះរថភ្លើងឆ្លងកាត់ទៅមកកម្ពុជា-ថៃ ដើម្បីបញ្ជាក់ពីការដាក់ឱ្យដំណើរការ តភ្ជាប់ផ្លូវរថភ្លើង រវាងកម្ពុជា និងថៃឡើងវិញផងដែរ។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ការដឹកជញ្ជូនតាមផ្លូវដែកនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះវាអាចជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងអាចដឹកទំនិញបានច្រើនផងដែរ ក្នុងនោះដែរ កម្មករកម្មការិនី ក៏អាចធ្វើដំណើរពីបាងកក មកដល់ស្ថានីយ៍ប៉ោយប៉ែតនេះផងដែរ ព្រោះនេះគឺជាស្ថានីយរថភ្លើងលំដាប់ថ្នាក់អន្តរជាតិ៕

អត្ថបទទាក់ទង