ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ គោលការណ៍ធម្មជាតិ និងបរិស្ថាន ត្រូវពិចារណាជាថ្មី ដើម្បីថ្លឹងថ្លែងលើការផលិតថាមពលអគ្គិសនី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ គោលការណ៍ធម្មជាតិ និងបរិស្ថាន ត្រូវពិចារណាជាថ្មី ដើម្បីថ្លឹងថ្លែងលើការផលិតថាមពលអគ្គិសនី លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ គោលការណ៍ធម្មជាតិ និងបរិស្ថាន ត្រូវពិចារណាជាថ្មី ដើម្បីថ្លឹងថ្លែងលើការផលិតថាមពលអគ្គិសនី

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា សន្តិសុខថាមពលអគ្គិសនីជាមេរៀនថ្មីមួយទៀតសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការរៀបចំគោលនយោបាយជាក់ស្តែងធានាប្រសិទ្ធភាព និងអាទិភាពបំផុតសម្រាប់ប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាថាមពលនេះ។

ការគូសរំលេចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងចំពេលប្រទេសកម្ពុជាជួបបញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់រហូតដល់ទៅប្រមាណ ៤០០មេហ្គាវ៉ាត់នៅក្នុងរដូវក្តៅនេះ។ ការខ្វះខាតថាមពលនេះដោយសារការក្តៅហួតហែងធ្វើឱ្យវារីអគ្គិសនីមិនអាចដំណើរការផលិតថាមពលឱ្យអស់អនុភាព។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ ដែលមានការពិភាក្សាទៅលើគម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ទំហំ៨០មេហ្គាវ៉ាត់ និងការផលិតថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅកំពង់ឆ្នាំង ៦០មេហ្គាវ៉ាត់ផងនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការផលិតថាមពលអគ្គសិនី ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើ នវិនិយោគរបស់កម្ពុជា គឺជារឿងចាំបាច់ និងអាទិភាពមួយ។

ការសាងសង់វារីអគ្គិសនី និងការផលិតថាមពលអគ្គិសនីរបស់កម្ពុជា តែងទទួលបានការរារាំង និងលើកឡើងនូវបញ្ហាប៉ះពាល់មួយចំនួន ពីក្រុមអ្នកបរិស្ថាន ក៏ដូចជាអ្នកការពារធនធានធម្មជាតិជាដើម។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យមានការពិចារណាជាថ្មីទៅលើគោលការណ៍ធម្មជាតិ ឬបរិស្ថាន ដើម្បីតុល្យភាពក្នុងការផលិតថាមពលអគ្គិសនីដែលជាតម្រូវការរបស់មនុស្ស និងការអភិវឌ្ឍរបស់កម្ពុជា។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី មកបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាបានធានាសន្តិសុខស្បៀងហើយ កម្ពុជាទទួលបានបទពិសោធន៍ថ្មី គឺសន្តិសុខថាមពល ដែលជាមេរៀនថ្មីមួយសម្រាប់កម្ពុជា ហេតុដូចនេះ គោលនយោបាយជាក់ស្តែង ដែលត្រូវតែធានាប្រសិទ្ធភាព និងអាទិភាពបំផុតសម្រាប់ប្រជាពលរដ្ឋ ហេតុដូចនេះអ្នកធម្មជាតិនិយម ឬគោលការណ៍ធម្មជាតិ និងបរិស្ថាន គឺស្ថិតនៅក្នុងការពិចារណសារជាថ្មី ដើម្បីតុល្យភាពរវាងតម្រូវការរបស់មនុស្ស និងការអភិវឌ្ឍជាចម្បងរបស់កម្ពុជា» ៕

អត្ថបទទាក់ទង