ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញរថយន្តក្រុង ១២០គ្រឿង ដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃអំឡុងបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញរថយន្តក្រុង ១២០គ្រឿង ដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃអំឡុងបុណ្យចូលឆ្នាំខ្មែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញរថយន្តក្រុង ១២០គ្រឿង ដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃអំឡុងបុណ្យចូលឆ្នាំខ្មែរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៤មេសានេះថា រាជរដ្ឋាភិបាលនឹងបញ្ចេញរថយន្តក្រុងដឹកជញ្ជូនសាធារណៈរបស់រដ្ឋចំនួន ១២០គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃពីរាជធានីភ្នំពេញ ទៅបណ្តាខេត្ត និងពីបណ្តាខេត្តនានា មករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដែលមានរយៈពេល ៧ថ្ងៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចាក់ថា ការបញ្ចេញរថយន្តក្រុងដឹកជញ្ជូនសាធារណៈរបស់រដ្ឋដឹកប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនេះ គឺលោកមិនចង់លើកឡើងបញ្ហាដដែលៗ ករណីដែលម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ចូនអ្នកដំណើរឯកជននានា តែងបានឆ្លៀតដំឡើងថ្លៃសំបុត្រ ពេលមានបុណ្យទានធំម្តងៗ។

រថយន្តទាំងអស់នឹងចេញដំណើរតាមផ្លូវជាតិសំខាន់ៗមួយចំនួនដូចជាៈ ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២ ,ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ដែលនឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។

ផ្លូវជាតិលេខ១ (ភ្នំពេញ-កណ្តាល-ស្វាយរៀង) ចំនួន ៥គ្រឿង និង (ភ្នំពេញ-កណ្តាល-ព្រៃវែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។
* ផ្លូវជាតិលេខ២ (ភ្នំពេញ-តាកែវ) ចំនួន ៥គ្រឿង។
* ផ្លូវជាតិលេខ៣ (ភ្នំពេញ-កែប) ចំនួន ៥គ្រឿង និង(ភ្នំពេញ-កំពត) ចំនួន៥គ្រឿង សរុបចំនួន ១០គ្រឿង។
* ផ្លូវជាតិលេខ៤ (ភ្នំពេញ-កំពង់ស្ពឺ) ចំនួន៣គ្រឿង និង (ភ្នំពេញ-ក្រុងព្រះសីហនុ) ចំនួន៧គ្រឿង សរុប ១០គ្រឿង។
* ផ្លូវជាតិលខេ៥ (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) ចំនួន ៥ គ្រឿង , (ភ្នំពេញ-ពោធិសាត់) ចំនួន១០គ្រឿង, (ភ្នំពេញ-បាត់ដំបង) ចំនួន ១៥គ្រឿង និង (ភ្នំពេញ-បន្ទាយមានជ័យ) ចំនួន ១៥គ្រឿង សរុប ៤៥គ្រឿង។
* ផ្លូវជាតិលេខ៦ (ភ្នំពេញ-កំពង់ធំ) ចំនួន ៥គ្រឿង , (ភ្នំពេញ-សៀមរាប) ចំនួន ១៥គ្រឿង សរុប ២០គ្រឿង។
* ផ្លូវជាតិលេខ៦ និងលេខ៧ (ភ្នំពេញ-កំពង់ចាម) ចំនួន៥គ្រឿង (ភ្នំពេញ-ខេត្តត្បូងឃ្មុំ) ចំនួន ៥គ្រឿង សរុប ១០ គ្រឿង។
* ផ្លូវជាតិលេខ ៦ និងលេខ៨ (ភ្នំពេញ-ក្រចេះ)ចំនួន ៥គ្រឿង និង(ភ្នំពេញ-ស្ទឹងត្រែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។

ថ្លែងក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាលើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេល ៧ថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ។

ជាមួយគ្នានេះ ការណូតដឹកអ្នកដំណើរសាធារណៈរបស់រដ្ឋក៏ដឹកនឹងជញ្ចូនប្រជាពលដែលជាអ្នកដំណើរដោយមិនយកថ្លៃផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នេះជាការបញ្ចាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

អត្ថបទទាក់ទង