ខ្មែរប៉ុស្ដិ៍ Close

សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំ១០ចំណុច ដើម្បីទប់ស្កាត់ការឆ្លងកូរីដ-១៩ នៅក្នុងសហគមន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 47

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ១០ចំណុច ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។

*ទី១៖ ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជា កម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធី ជប់លៀង ឬការជួបជុំបែបសាសនាទាំងអស់។ល។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
*ទី២៖ អនុញ្ញាតឱ្យមានការជួបជុំមិនឱ្យលើសពី ២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិចចម្ងាយ ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។
*ទី៣៖ ត្រូវចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋ ដែលប៉ះពាល់ ដោយផ្ទាល់ ឬដោយប្រយោលៗ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ឱ្យទៅធ្វើតេស្ត រក មេរោគ កូវីដ-១៩។ ក្នុងករណីលទ្ធផលតេស្តអវិជ្ជមាន ត្រូវធ្វើចត្តា ឡីស័ក្តតាម ការណែនាំ របស់ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល។
*ទី៤៖ ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែង លក់ ដូរនានា ឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងនោះម្ចាស់ អាជីវកម្ម ទាំងអស់ខាងលើត្រូវរៀបចំជែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកឱ្យធ្វើការវាស់កម្ដៅភ្ញៀវទាំង ដោយឈរតម្រង់ ជួររក្សាគម្លាត សុវត្ថិភាពសង្គម មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ ព្រមទាំងត្រូវរៀបចំ រក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់ក្នុងពេលអង្គុយ។ ក្នុងករណី ដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានី ភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន។
*ទី៥៖ ត្រូវចុះត្រួតពិនិត្យ និងតាមដានការអនុវត្ត នូវវិធានការផ្អាកជាបណ្តោះ អាសន្ននូវទីតាំង អាជីវកម្មមួយ ចំនួនដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ា អូខេ ឌីស្តូតែក បៀរហ្គាឌិន) អាជីវកម្មម៉ាស្សាសុខភាព និងស្មៅ។
*ទី៦៖ ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាព បងប្អូន ប្រជា ពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំ ដោយ រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើ លទ្ធផលនៃការ តាមដានសុខភាព។
*ទី៧៖ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមិនចាំបាច់មិន ត្រូវធ្វើដំណើរ ចេញ ក្រៅផ្ទះ។ ក្នុងករណីដែលមានតម្រូវការចាំប៉ាច់ជៀសមិនផុត មិនត្រូវឱ្យមានការកកកុញ តាមភ្លើងចរាចរណ៍ (ភ្លើងស្តុប) នានា នៅក្នុងរាជធានីភ្នំពេញឡើយ។
*ទី៨៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោម ឱវាទរដ្ឋបាល រាជធានី ភ្នំពេញ ត្រូវធ្វើការផ្អាករាល់ការប្រជុំចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ចំពោះទីតាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវរៀបចំចាំបាច់ឱ្យមានការវាស់កម្តៅ ការពាក់ម៉ាស់ ការលាងដៃសម្លាប់មេរោគ និងរៀបចំកន្លែងអង្គុយចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ ទៅ ម្នាក់ ដោយកំណត់ចំនួនប្រជាពលរដ្ឋដែលមកទទួលសេវាមិនឱ្យលើសពី២០នាក់ ក្នុងពេល ម្តងៗ។
*ទី៩៖ ចំពោះផ្សាររដ្ឋ និងផ្សារឯកជន ត្រូវរៀបចំឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ និងការលាងដៃសម្លាប់មេរោគ ព្រមទាំងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពសង្គម។
*ទី១០៖ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផ្សេងទៀតរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន៕

អត្ថបទទាក់ទង