ខ្មែរប៉ុស្ដិ៍ Close

កងទ័ពមួកខៀវកម្ពុជាមិនត្រឹមតែជាប្រតិបត្តិករប៉ុណ្ណោះទេគឺមានឋានៈជាសេនាធិការ ឬជាថ្នាក់ដឹកនាំក្នុងបញ្ជាការដ្ឋាននានារបស់អង្គការសហប្រជាជាតិផងដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
កងទ័ពមួកខៀវកម្ពុជាមិនត្រឹមតែជាប្រតិបត្តិករប៉ុណ្ណោះទេគឺមានឋានៈជាសេនាធិការ ឬជាថ្នាក់ដឹកនាំក្នុងបញ្ជាការដ្ឋាននានារបស់អង្គការសហប្រជាជាតិផងដែរ កងទ័ពមួកខៀវកម្ពុជាមិនត្រឹមតែជាប្រតិបត្តិករប៉ុណ្ណោះទេគឺមានឋានៈជាសេនាធិការ ឬជាថ្នាក់ដឹកនាំក្នុងបញ្ជាការដ្ឋាននានារបស់អង្គការសហប្រជាជាតិផងដែរ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងថា នៅសប្តាហ៍មុននេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាបញ្ចេញថវិកា១៥លានដុល្លារអាមេរិក ដើម្បីទិញរថពាសដែកបំពាក់ជូនកងទ័ពរបស់ខ្លួនដែលកំពុងបម្រើការងារការពារសន្តិភាព នៅប្រទេសម៉ាលី ក្រោមឆ័តអង្គការសហប្រជាជាតិ (UN)។ លោក បានបញ្ជាក់ថា តាមពិតកាតព្វកិច្ចនៃការបំពាក់អាវុធសម្រាប់កងទ័ពកម្ពុជានៅប្រទេសម៉ាលី រាជរដ្ឋាភិបាលស្នើឱ្យ UN ជាអ្នកទទួលខុសត្រូវ ប៉ុន្តែដោយសារតែ UN កំពុងជួបវិបត្តិថវិកានោះទើប រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញលុយ១៥លានដុល្លារដើម្បីបំពាក់រថពាសដែកដល់កងទ័ពកម្ពុជាដែលកំពុងមានតម្រូវការ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង១ពាន់នាក់ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាទិត្យមុននេះ យើងបានចុះហត្ថលេខាបញ្ចេញប្រាក់១៥លានដុល្លារ ព្រោះអង្គការសហប្រជាជាតិតម្រូវការឲ្យបំពាក់មធ្យោបាយដោយជារថពាសដែកទៅកាន់ប្រទេសម៉ាលី ពីមុនកម្ពុជាសុំស្នើឱ្យអង្គការសហប្រជាជាតិ អ្នកដោះស្រាយ ប៉ុន្តែឥឡូវនេះអង្គការសហប្រជាជាតិកំពុងជួបវិបត្តិថវិកា អីចឹងបន្ទុកនេះ យើងមិនដកកងទ័ពរបស់យើងចេញ ដោយខ្វះការទទួលខុសត្រូវទេ ហើយយើងក៏មិនទុកឲ្យកងទ័ពរបស់យើងដៃទទេដែរ ត្រូវមានរថពាសដែកការពារខ្លួន អីចឹងបានចុះហត្ថលេខាដើម្បីបញ្ចេញថវិកា សម្រាប់ការទិញរថពាសដែកបញ្ជូនទៅប្រទេសម៉ាលី មិនមែនត្រឹមតែការដោះស្រាយក្នុងស្រុកទេ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៀតថា កងទ័ពមួកខៀវរបស់កម្ពុជា ដែលចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្រ UN នៅពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាប្រតិបត្តិករប៉ុណ្ណោះទេ គឺមានឋានៈជាសេនាធិការ ឬជាថ្នាក់ដឹកនាំក្នុងបញ្ជាការដ្ឋាននានារបស់អង្គការសហប្រជាជាតិផងដែរ។ លោក បានលើកឡើងថា នៅពេលខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ នឹងចេញទៅប្រជុំនៅអង្គការសហប្រជាជាតិជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដែលបានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព។ លោកបានបន្ថែមទៀតថា ការបញ្ជូនទាហានមួកខៀវទៅបំពេញបេសកកម្មក្រៅប្រទេសជាមួយអង្គការសហប្រជាជាតិបង្ហាញឱ្យឃើញថា កម្ពុជាបានចូលរួមក្នុងការថែរក្សាសន្តិភាពពិភពលោកដែលមិនត្រឹមតែដោះស្រាយបញ្ហាខ្លួនឯងទេ៕

អត្ថបទទាក់ទង