កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង
កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ចំនួន៣កង ស្មើនឹងកម្លាំងទ័ព ៤២៨នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ការប្រារព្ធពីធីជូនដំណើរនេះធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
ចំពោះកងកម្លាំងដែលត្រូវទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិចំនួន៣កងពល រួមមាន៖១-កងវិស្វកម្ម ព្រលានយន្តហោះលេខ១៩៨ ចំនួន១៦៥នាក់ ទៅកាន់សាធារណៈរដ្ឋម៉ាលី ២-កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ ចំនួន១៤៤នាក់ ទៅកាន់សាធារណៈរដ្ឋម៉ាលី និងទី៣-កងរាជអាវុធហត្ថលេខ៦៨១ ចំនួន១១៩នាក់ ទៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នាយឧត្តមសេនីយ៏ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលបានមានប្រសាសន៍បញ្ជាក់ថាការបញ្ជូនកងកម្លាំងនេះគឺស្ថិតក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយបណ្តាប្រទេសដែលកំពុងប្រឈម នៅកាកសំណល់ពីសង្គ្រាម ហើយកម្ពុជាបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាពនេះដែរ គឺអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការពារភាពសុខដុមរមនា នៃសង្គមជាតិពិសេស កងយោធពលខេមភូមិន្ទគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិក្នុងការថែរក្សាសន្តិភាពសុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងបុព្វហេតុទាំងនេះ កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចការពារឲ្យបានកាន់តែរឹងមាំនូវសន្តិភាព ហើយប្រឆាំងដាចខាតនូវបដិវត្តពណ៌ឬចលនាជ្រុលនិយមណា មួយដែលមានចរិតបំផ្លាញសន្តិភាពនៅកម្ពុជា។
នាយឧត្តមសេនីយ៏ ប៉ុល សារឿន មានប្រសាសន៍បន្តទៀតថា កងយោធពលខេរភូមិន្ទដែលបានទៅបំញការងារមនុស្សធម៌ក្នុងក្របខណ្ឌអន្តរជាតិនាពេលនេះ គឺក្នុងឋានៈកងទ័ពចេញពីប្រទេសដែលមាន ឯករាជ្យ អធិបតេយ្យភាព និងជាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមបេសកកម្ម រក្សាសន្តិភាពជាអាទិភាពក្នុងការថែរក្សាពង្រឹងសន្តិភាពនៅក្នុងប្រទេសក៏ដូចជាបន្តសកម្មភាពមនុស្សធម៌តាមរយៈការចូលរួមបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ជាក់ជំហរជាថ្មីថា “ទោះបីកងទ័ពកម្ពុជាត្រូវបានរងការវាយ ប្រហារពីក្រុមឧទ្ទាមនៅប្រទេសម៉ាលី ក៏ប៉ុន្តែកម្ពុជា មិនរាថយ កម្ពុជានៅតែតស៊ូ ប្តូរផ្តាច់លះបង់សាច់ស្រស់ឈាមស្រស់ហើយកម្ពុជា បានប្តេជ្ញាចិត្តបង្កើនកង កម្លាំងបន្ថែមទៀតដើម្បីចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិក្នុងបុព្វហេតុសន្តិភាពនិងមនុស្សធម៌លើពិភពលោក៕