នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដែលប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងបន្តជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A មកពីតាមវិទ្យាល័យនានាទូទាំងប្រទេសដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សិស្សដែលប្រឡងមិនទាន់ជាប់ក៏កុំអស់សង្ឃឹម ត្រូវខិតខំរៀនបន្តទៀតដើម្បីចូលរួមប្រឡងនៅឆ្នាំក្រោយ ហើយអ្នកមិនជាប់ក៏នៅមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាកម្រិតបរិញ្ញាបត្ររងបានផងដែរ៕