ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា ការនាំចេញផលិតផលកសិកម្មសរុប មានការកើនឡើងគួរឱ្យកត់សម្គាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា ការនាំចេញផលិតផលកសិកម្មសរុប មានការកើនឡើងគួរឱ្យកត់សម្គាល់ រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា ការនាំចេញផលិតផលកសិកម្មសរុប មានការកើនឡើងគួរឱ្យកត់សម្គាល់

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញឡើងអាន របាយការណ៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពីធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពិធីនេះធ្វើឡើងនៅទីស្តីការ ក្រសួងកសិកម្ម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានគូស បញ្ជាក់ថា ការនាំចេញផលិតផល កសិកម្មសរុបបានកើនឡើងពី ៣,៤៤លានតោននៅឆ្នាំ២០១៤ ដល់ ៤,២៣លានតោន នៅឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឱ្យកត់សម្គាល់។

បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៣៨៧ ពាន់តោនក្នុងឆ្នាំ២០១៤ ដល់ជាង ៦២៦ ពាន់តោនក្នុងឆ្នាំ២០១៨ គឺកើនឡើង ២៣% ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ដោយឡែក តាមការស្រាវជ្រាវ បានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ការនាំចេញស្រូវ ក្រៅផ្លូវការមានចំនួន ៩០៩ ១៥០ តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ ព្រំដែនចំនួន០៥ខេត្ត រួមមានខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍បន្តថា ចំណុចពិសេស មួយទៀតគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ ជាទីបំផុតក្នុងការជំរុញឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន ក្នុងការបង្កើនកូតានាំអង្ករចេញចំនួន៤០ម៉ឺនតោន និងជាមួយ ប្រទេសវៀតណាមចំនួន៣០ម៉ឺនតោនក្នុង១ឆ្នាំ និងទៅកាន់បណ្តាប្រទេស ផ្សេងៗទៀត ដែលលោកសង្ឃឹមយ៉ាងមុតមាំថាក្រសួងស្ថាប័នពាក់ព័ន្ធ នឹងខិតខំជួយជំរុញការនាំចេញអង្ករដែលជា “មាស ស” របស់កម្ពុជាឱ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។

លោក វេង សាខុន ក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៨នេះ ការងារបង្កបង្កើនផលស្រូវនៅទូទាំងប្រទេស សម្រេចបានលើផ្ទៃដីចំនួន ៣,៣៤លានហិកតា ស្មើនឹង ១១៣% នៃផែនការក្នុងនោះស្រូវវស្សាមាន ២.៧៥លានហិកតា និងស្រូវរដូវប្រាំង ៥៩០ពាន់ហិកតា។ ផ្ទៃដីដាំដុះដំណាំស្រូវបានកើនប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៧។ ចំពោះទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន ៣.៣៥តោនក្នុងមួយហិកតា កើនលើសឆ្នាំមុនប្រមាណ ១.៦៦% ក្នុងនោះទិន្នផលស្រូវវស្សាទទួលបាន ៣,០៩៤តោន/ហ.ត និងទិន្នផលស្រូវប្រាំងទទួលបាន ៤,៥១២តោន/ហ.ត។

បរិមាណផលស្រូវសរុបបានកើនឡើងដល់ប្រមាណ១០,៨៩ លានតោន គឺកើនប្រមាណ ៣,៥១% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះបរិមាណផលស្រូវវស្សាទទួលបានប្រមាណជាង ៨,២១លានតោន និងបរិមាណផលស្រូវរដូវប្រាំងទទួលបានប្រមាណ ២,៦៨ លានតោន និងមានអតិរេកស្រូវចំនួនជាង ៥,៨៣លានតោន គិតជាអង្ករស្មើនឹង ៣,៧៣ លានតោន កើនលើសឆ្នាំ២០១៧ ប្រមាណ ៥%៕

អត្ថបទទាក់ទង