ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 54
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានពីរឆ្នាំ (២០២០ និង២០២១) ដោយសារបញ្ហាវិបត្តជំងឺឆ្លងកូវីដ-១៩។ សន្និបាតត្រូវបានបើកដោយលោករដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីជាទីប្រឹក្សា ព្រមទាំងប្រតិភូ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត។ ពិធីនោះក៏មានការចូលរួមពីលោកឧកញ៉ាតំណាងឱ្យវិស័យឯកជន ដៃគូអភិវឌ្ឍន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជ ធានី-ខេត្ត ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមានភ្ញៀវកិត្តិយសចំនួន ២០០នាក់ និង ២៥០នាក់ផ្សេងទៀតអញ្ជើញចូលរួមតាម Zooming។

នៅក្នុងឱកាសបិទសន្និសិទនេះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា សំណេះសំណាលប្រមាណ៥០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លងមក គឺជាការបង្ហាញ និងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០២២ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលបានតម្រង់ទិសការអភិវឌ្ឍ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែមានភាពល្អប្រសើរឡើង និងសម្រេចបានជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង ៤,៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង ១៩លានតោន។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១ ផលិតកម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧%។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយឡែកតម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥,០០០លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ដែលក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០លានដុល្លារអាមេរិក លើសឆ្នាំកន្លងទៅ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការនាំចេញដែលចាំបាច់ត្រូវវិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រ វិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផ្លូវដឹកជញ្ជូន និងឡូជីស្ទីក ឥណទានកសិកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍប្រភេទពូជថ្មីៗ ការផ្សព្វផ្សាយបច្ចេកទេសទំនើប។
  6. សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានា ត្រូវខិតខំអនុវត្ត “គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណ:ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាព។
  7. សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»។
  8. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ តាមរយ:ការជំរុញឧស្សាហកម្មពូជដំណាំ ពង្រឹងការត្រួតពិនិត្យ និងបញ្ជាក់គុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការផ្តល់សេវាបច្ចេកទេសកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ឱ្យមានលក្ខណៈជាអាជីព កែលម្អសមត្ថភាពកសិដ្ឋាន ស្ថានីយពិសោធន៍ និងប្រែក្លាយមជ្ឈមណ្ឌលអភិវឌ្ឍកសិកម្មទៅជា «មជ្ឈមណ្ឌលឧត្តមភាពកសិកម្ម» សម្រាប់ផ្សព្វផ្សាយបចេ្ចកទេសកសិកម្មឱ្យបានទូលំទូលាយទូទាំងប្រទេស។
  9. សម្តេចតេជោ ហ៊ុន សែន បានណែនាំបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវ ផលិតភាពនៃផលិតកម្មសត្វ បង្កើនវិនិយោគលើការរៀបចំបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ វិភាគ ជំងឺសត្វ បង្កើតស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជន ដើម្បីវិនិយោគបន្ថែមទៀត នូវរោងចក្រផលិតចំណីសត្វ ដើម្បីកាត់បន្ថយការនាំចូលចំណីសត្វផ្សំរួចពីបរទេស។
  10. សម្តេចតេជោ ហ៊ុន សែន ណែនាំបន្តជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០» ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក និងនាំចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែងតម្លៃទីផ្សារ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទល្មើសជលផល។
  11. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រូវពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ត្រូវថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់ការធ្វើពាណិជ្ជកម្មខុសច្បាប់ប្រភេទធនធានជលផល ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបញ្ចប់ការរៀបចំវិសោធនកម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តអនុវិស័យជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ គ្មានរបាយ- ការណ៍ និងគ្មានការអនុញ្ញាត ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្ងល់ថាអភិបាលខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការងារអ្វី បានជានាំឱ្យប្រជាពលរដ្ឋទន្ទ្រានយកដីអភិរក្សបឹងទន្លេសាប។
  14. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះក្រុមការងារដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងការរឹបអូសយកដីអភិរក្សាបឹងទន្លេសាបមកវិញ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងកសិកម្មស៊ីរដ្ឋមន្ត្រីអស់ជាច្រើន។
  16. សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាលុបបំបាត់បទល្មើសនេសាទលើបឹងទន្លេសាបទាំងអស់។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងកសិកម្មមានក្បាលមួយ ជើងដល់ទៅ៣។
  18. សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកម្ចាត់ក្រុមឈ្មួញទុចរិតក្នុងការបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលច្បាប់ក្រសួងណាក៏ទារអំណាចដែរ ពេលបានអំណាចមិនអនុវត្ត។ សម្តេចបានប្រដូចថា ក្រសួងនីមួយៗទារតែដាវ តែពេលបានដាវមិនព្រមកាប់ ទុកឱ្យនាយករដ្ឋមន្ត្រីជាអ្នកកាប់ទៅវិញ។
  20. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យទូរទស្សន៍ជាតិចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេចអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូតិ៍នេសាទ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។
  22. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រើឧទ្ធម្ភាគចក្រប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទ។
  23. សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែអាបទល្មើសធំ បង្ក្រាបអត់បានទេ។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច អាធំបង្ក្រាបអត់បាន។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត ធ្វើរដ្ឋមន្ត្រី និងធ្វើមេនគរបាល មេយោធានោះទេ។
  26. សម្តេចតេជោ ហ៊ុន សែន ហាមផ្តាច់មិនឱ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបឡើងវិញនោះឡើយ។
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រឹងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាល ត្រូវកប់បាត់ព្រោះតែមន្ត្រីខិលខូចឃុបឃិតជាមួយជនល្មើស។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនិយាយមន្ត្រីនាំគ្នាធ្វើ ពេលអត់និយាយអត់នាំគ្នាធ្វើ។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រៀនដល់បណ្ឌិតជលផល តែអនុវត្តការងារអត់គិតពីប្រយោជន៍ប្រជាជន។
  30. សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ តាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធាន ព្រៃឈើ និងសត្វព្រៃ ការស្តារព្រៃឈើឡើងវិញ។ ការបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រ ការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ «អភិវឌ្ឍបៃតង» ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គម។
  31. សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថា-ប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់ សម្របសម្រួល និងសហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាពការងារក្រសួងសាមី និងរាជរដ្ឋាភិបាល។
  32. សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ពង្រីកយន្តការអនុវត្ត «ផលិតកម្មកសិកម្មតាមកិច្ចសន្យា» ឱ្យបានកាន់តែទូលំទូលាយ។
  33. សម្តេចតេជោ បានថ្លែងថា ស្ថាប័នពាក់ព័ន្ធធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ សហការគ្នាក្នុងការផ្តល់ឥណទានដល់សហគ្រាសកែច្នៃកសិផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់មូលនិធិបន្ថែមថ្មីចំនួន ១០០ លានដុល្លារអាមេរិក។
  34. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ជាមួយនឹងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មឱ្យបានទូលំទូលាយជាមួយប្រទេសនានា ក្នុងបរិការណ៍នៃសកលូបនីយកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ជាសសរទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ។ Fresh News

អត្ថបទទាក់ទង