រដ្ឋមន្រ្តីកសិកម្ម អញ្ជើញក្នុងទិវាស្បៀងអាហារពិភពលោកលើកទី៣៨ ឆ្នាំ ២០១៨ ក្រោមប្រធានបទ «យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០»
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងទិវាស្បៀងអាហារពិភពលោកលើកទី៣៨ ឆ្នាំ ២០១៨ ក្រោមប្រធានបទ «យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០» ដែលប្រារព្ធធ្វើនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ទិវានេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកស្រី Francesca Erdelmann តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនតំណាងកសិករ និងសហគមន៍កសិកម្មយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អប្រសើរ ទាំងបច្ចេក ទេស និងថវិកាដែលបានញុំាងឱ្យទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសភាតរភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការពេញលេញយ៉ាងល្អប្រសើរ ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារៈ សំខាន់នៃវិស័យកសិកម្ម ក្នុងការដោះ ស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទ ឈានទៅបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសមួយចំនួននៅទូទាំងសាកលលោកនាឆ្នាំ២០៣០។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០» ចូលរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០។
ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គភាពជំនាញនីមួយៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយដូចតទៅ៖
ទី១- ជំរុញការរៀបចំនិងដាក់ឲ្យអនុវត្ត «ផែនការមេសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឆ្ពោះទៅឆ្នាំ២០៣០» និង «ផែនការយុទ្ធសាស្រ្តអភិឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣»ប្រកបដោយប្រសិទ្ធភាព។
ទី២-បង្កើនផលិតភាព គុណភាព និងពិធីកម្ម តាមរយៈការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំ ពូជសត្វ និងការចិញ្ចឹមត្រី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ ជំរុញការអភិឌ្ឍកសិដ្ឋានគំរូ ការផ្តល់សេវាបច្ចេកទេស ការពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម ការផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបន្តកាត់បន្ថយថៃ្ល និងពង្រឹងគុណភាពនៃធាតុចូលកសិកម្ម ព្រមទាំងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតនិងឌីជីថល។
ទី៣-ចូលរួមលើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញឲ្យមានការវិនិយោគឯកជនលើកសិផល ដែលមានសក្តានុពល ដូចជា ស្រូវ ដំទ្បូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម។ ការកែលម្អនូវបរិយាកាសធុរៈកិច្ច សំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍ និងស្រាវជ្រាវដើម្បីគាំទ្រដល់ការបង្កើតការងារ និងជំរុញកំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក។
ទី៤- បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឲ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។
ទី៥-ធ្វើកសិកម្មចម្រុះទៅតាមសក្តានុពលនៃភូមិសាស្ត្រនីមួយៗ ដោយមិនត្រូវធ្វើតែស្រែមួយមុខនោះឡើយ ហើយមន្ត្រីជំនាញត្រូវជួយផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មសមស្រប ការគិតគូរអំពីតម្រូវការទីផ្សារ ជៀសវាងការធ្វើតាមគ្នាដោយពុំមានផែនការច្បាស់លាស់។
ទី៦-ត្រូវជំរុញពាណិជ្ជតូបនីយកម្មកសិកម្ម តាមរយៈការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគលើមន្ទីរពិសោធន៍សម្រាប់នាំចេញ៕