ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 91
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីណែនាំស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន រាជធានី-ខេត្ត ក្នុងការបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រ កម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលកម្ពុជា។

យោងតាមសេចក្ដីណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានឱ្យដឹងថា តួនាទី និងការទទួលខុសត្រូវរបស់ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី-ខេត្ត មានចំនួន៧ចំណុច សំខាន់ៗ រួមមាន៖
ទី១៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវដឹកនាំ និងទទួលខុសត្រូវគ្រប់គ្រង ក្រុមការងារក្នុងសកម្មភាពត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានរាជធានី-ខេត្ត ដែលខ្លួនទទួលបន្ទុក។

ទី២៖ ផ្សាភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋតាមរយៈ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កម្មវិធីកំណែទម្រង់តាមវិស័យ ក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិ និងសភាពការណ៍ រីកចំរើនថ្មីៗនៅមូលដ្ឋាន។

ទី៣៖ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរបំពេញការងារតាមរយៈការត្រួតពិនិត្យ តាមដាន និងគាំទ្រការអនុវត្តកម្មវិធី គំរោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។

ទី៤៖ សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

ទី៥៖ សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្ដាប់ក្តីកង្វល់សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញកាដោះស្រាយនូវរាល់ក្តីកង្វល់ សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារត្រូវបូកសរុប និងធ្វើរបាយកាណ៍ជូនរាជរដ្ឋាភិបាល។ វេទិកាសាធារណៈនេះ គប្បីយកចិត្តទុកដាក់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី៦៖ សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី៧៖ កៀគរធនធានពីប្រភពនានាដើម្បីចូលរួមក្នុងការដោះស្រាយជីវភាព ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន៕

សូមអានសេចក្តីណែនាំដែលមានខ្លឹមសារលម្អិតខាងក្រោម៖

អត្ថបទទាក់ទង