ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងការរះឡើងរបស់អំណាចដ៏តូចមួយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 60
កម្ពុជា និងការរះឡើងរបស់អំណាចដ៏តូចមួយ កម្ពុជា និងការរះឡើងរបស់អំណាចដ៏តូចមួយ

សម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ការកំណត់ពេលវេលាគឺជារឿងដ៏សំខាន់បំផុត ហេតុដូច្នេះហើយ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលមេដឹកនាំដែលបានកាន់អំណាចយូរជាងគេបំផុតរបស់ពិភពលោកបានផ្តល់សញ្ញានៅពេលថ្មីៗនេះថា «លោកនឹងចុះចេញពីឆាកនយោបាយ» បើទោះបីជាលោកធ្លាប់បាននិយាយថា «លោកនឹងបន្តកាន់អំណាចរហូតដល់លោកមានអាយុ ៩០ ឆ្នាំ» ក៏ដោយ។

ប្រសិនបើលោកមិនបាននិយាយវាដោយផ្ទាល់មាត់ទេ គ្មាននរណាម្នាក់នឹងជឿលើរឿងនេះទេ។ ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ដែល​ត្រូវបាន​ធ្វើឡើងយ៉ាង​យក​ចិត្ត​ទុក​ដាក់​ បាន​កើត​ឡើង​នៅ​ពេល​វេលាដ៏សំខាន់​មួយ​នៅចំពោះមុខ ស្ថានភាព​ក្នុង​ស្រុក និង​​ក្រៅ​ស្រុកនៅពេលបច្ចុប្បន្ន បូករួមនឹង​ផល​ប៉ះ​ពាល់​​រយៈ​ពេល​វែង។

កាន់តែសំខាន់​ជាង​នេះ​ទៅ​ទៀតគឺ «វា​បានបង្ហាញអំ​ពី​សមត្ថភាព​របស់​លោក ហ៊ុន សែន ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​នយោបាយ​គ្រប់​បែប​យ៉ាង​ដែលអាចកើតមាន»។

សមត្ថភាពរបស់ លោក ហ៊ុន សែនក្នុងការអាចបន្តកាន់អំណាចមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ ដោយសារតែសភាវគតិនយោបាយរបស់លោក។ នៅខេត្តពោធិ៍សាត់កាលពីខែមុន លោក ហ៊ុន សែនបានព្រលយពាក្យច្បាស់ៗថា «លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ហើយគណបក្សប្រជាជនកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អ និងរួចរាល់សម្រាប់មេដឹកនាំថ្មី»។

វាបានបង្ហាញឱ្យឃើញថា «លោកហ៊ុន សែន បានដឹងយ៉ាងច្បាស់អំពីអ្វីដែលប្រទេសកម្ពុជាត្រូវការនៅពេលនេះ ដែលនោះជាអ្វីដែល មេដឹកនាំជំនាន់ក្រោយនឹងត្រូវទទួលបន្ទុក និងត្រូវជំរុញប្រទេសឆ្ពោះទៅមុខដើម្បីប្រកួតប្រជែងជាមួយសមាជិកអាស៊ានដទៃទៀត»។ អស់រយៈពេលជា ច្រើនឆ្នាំកន្លងមកនេះ លោក ហ៊ុន សែន បានធ្វើការនៅក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់បក្សដើម្បីព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យបើកផ្លូវដល់មេដឹកនាំជំនាន់ក្រោយ។

ជាក់ស្តែង វាមិនមែនជាការងារងាយស្រួលនោះទេ ពីព្រោះវាមានមេដឹកនាំវ័យក្មេង និងមានសមត្ថភាពមួយចំនួនតូចនៅក្នុងជួរគណបក្សដែលអាចឈានជើងចូលមកបន្តតំណែងពីលោក ហ៊ុន សែន នៅពេលលោកចាកចេញ។ បន្ទាប់ពីឆ្លងកាត់ បញ្ហាមួយចំនួនទាំង នៅក្នុងរង្វង់គ្រួសារ និងនៅក្នុងរង្វង់បក្ស CPP នៅទីបំផុតលោក ហ៊ុន សែនបានជ្រើសរើសយកកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំង៤ របស់លោកគឺ ហ៊ុន ម៉ាណែត ឱ្យបន្តតំណែង។ បច្ចុប្បន្ន ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

ជាមួយនឹងពរជ័យពីឪពុក និងពីគណបក្សប្រជាជន ហ៊ុន ម៉ាណែត នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់តំណែងជា នាយករដ្ឋមន្ត្រីបន្ទាប់ «នៅពេលវេលាដ៏សមគួរបំផុតណាមួយដែលអាចនឹងនៅដើមឆ្នាំក្រោយ»។ «បើទោះបីជាអ្នកស្រឡាញ់ ឬស្អប់លោកក៏ដោយ ក៏លោក ហ៊ុន សែន ពិតជាសមនឹងទទួលបាននូវការកោតសរសើរសម្រាប់ការកសាងស្ថិរភាព, វិបុលភាព និងការលើកតម្កើងមុខមាត់កម្ពុជារហូតមកដល់សព្វថ្ងៃ»។

ប្រទេស​ដ៏តូច​មួយនេះ​ធ្លាប់ត្រូវបានហែកហួរ​ដោយ​សង្រ្គាម​ស៊ីវិល​រាប់​ទសវត្សរ៍។ លោក ហ៊ុន សែន បានប្រែក្លាយប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រមួយនេះ ទៅជាមហាអំណាចដ៏តូចមួយដែលមានសំឡេងដ៏គួរឱ្យកត់សម្គាល់នៅក្នុងកិច្ចការតំបន់និងពិភពលោក។ កម្ពុជាបានចូលរួមការពារពហុភាគីនិយមនៅគ្រប់វិស័យទាំងអស់។

ក្នុងឱកាសជា ច្រើន កម្ពុជាក៏បានដើរតួនាទីជាអ្នកកសាងទំនុកចិត្ត និងជាអ្នកបង្កើតសន្តិភាពនៅក្នុងចំណោមមហាអំណាចនានាផងដែរ ដូចជានៅក្នុងករណីទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន និងសហភាពអឺរ៉ុប-ចិនជាដើម។ នៅក្នុងសហគមន៍អន្តរជាតិ គំរូនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចយកអ្វីមកជំនួសបាននោះទេ។ នៅក្នុងចំណោមអ្នកបោះឆ្នោតប្រមាណ ១០ លាននាក់នៅក្នុងការបោះឆ្នោតខាងមុខដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២៣ ខែកក្កដា «អ្នកបោះឆ្នោតដែលមានអាយុក្រោម ៥៦ឆ្នាំ និងអ្នកដែលរស់នៅក្នុងទីក្រុងនិងតំបន់ឆ្នេរគឺជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់បក្សប្រឆាំង»។

«ដូច្នេះគណបក្ស​ប្រជាជន​ត្រូវ​តែផ្តោត​សំខាន់លើ​អ្នក​បោះឆ្នោត​វ័យ​ក្មេង ដើម្បីធានាឱ្យ​បាន​នូវ​ការ​គាំទ្រកាន់តែច្រើន»។ «សមាជិក​បក្ស​កាន់​អំណាច​ភាគ​ច្រើន​ នៅពេលឥឡូវ​នេះ មាន​វ័យ ៧០ ​ឆ្នាំ ក៏ប៉ុន្តែគ្មាន​អ្នក​ណា​ម្នាក់​ចង់​ចូល​និវត្តន៍​នោះទេ លើក​លែង​តែ​លោក សាយ ឈុំ ដែលមានអាយុ ៧៨ ឆ្នាំ និងដែលជា​ប្រធាន​ព្រឹទ្ធសភា»។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងដោះស្រាយបញ្ហា សំខាន់ៗចំនួន៤ ដែលរួមមានការងារ, ប្រាក់ឈ្នួល, អំពើពុករលួយ និងគ្រឿងញៀន។

ក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត បញ្ហាចម្បង ២ ដែលប្រជាជនកម្ពុជាជួបប្រទះគឺ «ការកើនឡើងនៃតម្លៃអាហារ និងបញ្ហាការងារ» ហើយបញ្ហាការងារ នេះគឺជាបញ្ហាដ៏សំខាន់ ជាពិសេសក្នុងចំណោមយុវជន។ ក្នុងចំណោមប្រជាជនកម្ពុជាជិត ១៥ លាននាក់ ប្រជាជនវ័យក្មេងមានចំនួន ៦៥,៣% (មានអាយុក្រោម ៣០ ឆ្នាំ) ហើយពួកគេទាំងនេះនឹងក្លាយជាអ្នកសម្រេចគន្លងអនាគតរបស់ប្រទេស។

តាម​ការ​អង្កេត​នៅខែ​កុម្ភៈ អ្នក​បោះឆ្នោត​កម្ពុជា​មាន​ទំនុក​ចិត្ត​លើ​កការដឹក​នាំ​របស់​លោកហ៊ុន សែន។ ជាក់ស្តែង វាគឺជារឿងដ៏លំបាកសម្រាប់មនុស្សគ្រប់គ្នាក្នុងការចូលមកកាន់តំណែងបន្តពីលោក ហ៊ុន សែន ភ្លាមៗ បូករួមទាំងកូនប្រុសរបស់លោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានពេលវេលាអំណោយផលសម្រាប់ការផ្លាស់ប្តូរអំណាច នៅក្រោយការបោះឆ្នោតខែកក្កដា។ អនាគតមេដឹកនាំប្រទេស គឺ ហ៊ុន ម៉ាណែត មានសមត្ថភាពសមស្របក្នុងការដឹកនាំកម្ពុជា។

ជាមួយនឹងការអប់រំនៅលោកខាងលិចផ្នែកវិទ្យាសាស្ត្រយោធា និងសេដ្ឋកិច្ច គួបផ្សំនឹងទស្សនវិស័យជាយុវជន លោក ហ៊ុន សែន សង្ឃឹមថា «កូនប្រុសរបស់លោកនឹងអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជំនាន់ក្រោយ ក៏ដូចជាជាមួយសហគមន៍អន្តរជាតិ»។ ហ៊ុន ម៉ាណែត បាន​ធ្វើ​ដដំណើរយ៉ាង​ទូលំ​ទូលាយ​រួច​ហើយ​ ដោយបាន​ជួប​ជជាមួយមេដឹកនាំ​អាស៊ាន និង​បណ្តដៃគូសន្ទនា​ជា​ច្រើន។ ឪពុក​របស់​លោក​តែង​រួម​បញ្ចូលលោក ទៅ​ក្នុង​ដំណើរ​ទស្សនកិច្ចទៅ បរទេស។

ឆ្នាំមុនគឺជាឆ្នាំដ៏សំខាន់សម្រាប់លោក ហ៊ុន សែន ដែលជាពេលដែលលោកអាចបង្ហាញអំពីភាពល្អិតល្អន់ផ្នែកការទូត បូករួមនឹងភាពប្រាកដនិយម។ ក្នុង​អំឡុង​ពពេលកាន់តំណែងជា​ប្រធាន​អាស៊ាន លោក​បានទទួលជោគជ័យ​លើ​បញ្ហា​ពិភពលោក​ខ្លាំងជាង​បញ្ហា​នៅក្នុង​តំបន់។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់លោកក្នុងការនាំមក នូវភាពប្រក្រតីដល់ប្រទេសមីយ៉ាន់ម៉ា មិនបានទទួលផ្លែផ្កាទេ។

ប៉ុន្តែលោក ហ៊ុន សែន បានរក្សាអព្យាក្រឹតភាពដោយជោគជ័យលើបញ្ហសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ ជំហររបស់កម្ពុជាលើសង្រ្គាមនេះបានធ្វើឱ្យអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អតីតរដ្ឋឥណ្ឌូចិនមួយនេះបានបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីនៅក្នុងសេចក្តីសម្រេចសំខាន់ៗទាំង៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានធ្វើ ឲ្យរុស្ស៊ីមានការខឹងសម្បារយ៉ាងខ្លាំង។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតសម្រាប់អាមេរិក គឺ «ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ព័ត៌មានអំពីគម្រោងនៅមូលដ្ឋានទ័ពជើងទឹក រាមក្នុងខេត្តព្រះសីហនុដែលអាមេរិកនិងអ្នកយុទ្ធសាស្ត្រសន្តិសុខបានបារម្ភថា វាអាចនឹងត្រូវផ្លាស់ប្តូរទៅជាមូលដ្ឋានទ័ពជើងទឹករបស់ចិន»។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman មកកាន់ប្រទេសកម្ពុជាកាលពីខែមិថុនាកន្លងទៅ ទំនាក់ទំនងទ្វេភាគី នៅតែបន្តមានភាពតានតឹង ខណៈពេលដែលអាមេរិកបានបន្តសម្តែងនូវការភ័យខ្លាចចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចិនជាមួយនឹងកម្ពុជា។ លោកស្រី​បាន​ជំរុញ​ឲ្យ​កកកម្ពុជាប្រកាន់ខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ​របស់ខ្លួន និង​ហាមឃាត់​ការគ្រប់គ្រង​ផ្តាច់មុខដោយបរទេសនៅលើទឹកដីកម្ពុជា បូករួមទាំង​នៅមូលដ្ឋាន​ទ័ពជើងទឹក​រាម​ផងដែរ។

នៅពេលដែលកិច្ចប្រជុំកំពូលអាស៊ានបានខិតជិតមក សម្ពាធក៏បានកើនឡើងកាន់តែខ្លាំងសម្រាប់កម្ពុជា ក៏ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​បន្ត​ជំហររឹងមាំ ហើយក្រោយមក លោកក៏បានបើកមូលដ្ឋានរាម ហើយបានអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការទូតមកបំពេញទស្សនកិច្ច ដែលបានផ្តល់ផលវិជ្ជមាន និងបាន បង្ហាញថា «កម្ពុជាគ្មានចេតនាធ្វើអ្វីដែលលោកខាងលិចកំពុងភ័យខ្លាច នោះទេ»។

នៅត្រីមាសចុងក្រោយ ក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជា អាមេរិកកាន់តែមានទំនុកចិត្តថា «ការដឹកនាំរបស់កម្ពុជានឹងអាចរក្សាបាននូវគោលនយោបាយការបរទេសឯករាជ្យប្រកបដោយ តុល្យភាពដើម្បីបម្រើផលប្រយោជន៍ល្អបំផុតដល់ប្រជាជនកម្ពុជា»។ ការ​ចូលរួម​បបែបនេះ​នៅ​មុន​កិច្ច​ប្រជុំ​កកំពូលអាស៊ានបាន​បញ្ចុះ​បបញ្ចូលប្រធានាធិបតី​ Joe Biden ឱ្យធ្វើដំណើរមកកាន់ភ្នំពេញ ​ជំនួស​ការទៅកាន់ទីក្រុងបាងកក។

សរុបមក កម្ពុជាបាននិងកំពុងក្លាយខ្លួនជាដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពលមួយនៅ ក្រោមក្រសែភ្នែករបស់អ្នកបង្កើតគោលនយោបាយរបស់រដ្ឋបាល Biden ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់កម្ពុជាជាមួយចិន។ អាមេរិកចង់ធ្វើឱ្យកម្ពុជាងាកចេញពីចិន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។ មនុស្សខ្លះនៅក្នុងរដ្ឋបាល Biden មិនសប្បាយចិត្តនឹងរឿងនេះទេ បូករួមទាំងអ្នកស្អប់លោក ហ៊ុន សែន មួយចំនួននៅក្នុងសភា។

ការអនុញ្ញាតឱ្យមានការត្រួតពិនិត្យផ្នែកខ្លះនៅរាមគឺជាវិធីសាស្ត្ររបស់លោក ហ៊ុន សែន ក្នុងការបង្កើនទំនុកចិត្ត និងការជឿជាក់របស់អាមេរិក។ លោកនាយករដ្ឋមន្ត្រីនៅមានយុទ្ធសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀតក្នុងការដោះស្រាយបញ្ហាជាមួយអាមេរិកនិងចិន។ នៅពេលដែល ហ៊ុន ម៉ាណែត ចូលកាន់តំណែងនៅពេលខាងមុខនេះ ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងអាមេរិក ក៏ដូចជាសហភាពអឺរ៉ុបអាចនឹងកាន់តែមានភាពប្រសើរឡើងថែមទៀត។

«ប៉ុន្តែលោកត្រូវតែឈ្នះការបោះឆ្នោតនៅខែកក្កដាជាមុនសិន ហើយច្បាស់ណាស់ លោក នឹងឈ្នះ»។ ការរំលោភសិទ្ធិមនុស្សជារួម និងវិធានការអវិជ្ជមានផ្សេងទៀតនៅក្នុងប្រទេសនឹងត្រូវបានកាត់បន្ថយ។ ប៉ុន្តែ អ្វីដែលជារឿងដ៏គួរឱ្យហួសចិត្តនោះគឺ «បញ្ហាទាំងអស់គឺជាអ្វីដែលឪពុកជាអ្នកបង្កើតឡើង ហើយវានឹងក្លាយជាការទទួល ខុសត្រូវរបស់កូនប្រុសក្នុងការដោះស្រាយ»៕

Kavi Chongkittavorn/Bangkok Post

អត្ថបទទាក់ទង