រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិជូនឯកឧត្តម ប៊ុន ហុន ចុះហត្ថលេខាជួសរដ្ឋមន្ត្រីរាល់ឯកសារទាក់ទងនឹងការងារសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ឯកឧត្តម ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងតែងតាំងកាលពីពេលថ្មីៗនេះ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ភារកិច្ចទទួលជួយរដ្ឋមន្ត្រីលើការងារនីតិកម្ម ការងារសិទ្ធិមនុស្ស ការងារសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការងារគណបក្សនយោបាយ និងប្រគល់សិទ្ធិពិនិត្យ សម្រេចចុះហត្ថលេខាជួសរដ្ឋមន្ត្រីរាល់ឯកសារទាក់ទងនឹងការងារសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើយោងតាម សេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។
សេចក្តីសម្រេចក៏បានបញ្ជាក់ផងដែរថា ក្រៅអំពីភារកិច្ចដែលបានប្រគល់ជូនខាងលើនេះ ឯកឧត្តម ប៊ុន ហុន ក៏ត្រូវបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រីតាមការចាំបាច់ផងដែរ។