ថវិកាប្រមាណ ៦០ ទៅ ៧០លានដុល្លារត្រូវបានយកមកកសាងលំនៅដ្ឋានស្នាក់នៅសម្រាប់គ្រូបង្រៀន និងសិស្សស្រ្តី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការចំណាយថវិកាប្រមាណជាង ២៣០លានដុល្លារកន្លងមកលើវិស័យអប់រំ គឺមានចំនួនប្រមាណពី ៦០ទៅ៧០លានដុល្លារ ត្រូវបានយកមកកសាងលំនៅដ្ឋានផ្ទះស្នាក់នៅរបស់កូនសិស្ស និងគ្រូបបង្រៀននៅតាមសាលារៀនទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យសិស្សស្រីមានឱកាសបានបន្តការសិក្សាឱ្យបានច្រើន។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាលផ្សេងៗដល់ស្ត្រីតាមរយៈការបើកវគ្គសិក្សាចំណេះដឹង និងជំនាញផ្សេងៗដើម្បីបង្កើនសមត្ថភាពបន្ថែមដល់ស្ត្រី។ លោក បានបន្ថែមថា ក្នុងការប្រឡងបាក់ឌុបកន្លងមក គឺយើងសង្កេតឃើញចំនួនសិស្សជាស្រ្តីប្រឡងបាននិទ្ទេសល្អច្រើនជាងសិស្សបុរស។ ទោះបីបរិមាណសិស្សជាស្រ្តីមិនទាន់បានស្មើនឹងចំនួនសិស្សជាបុរសក៏ដោយ គឺយើងសង្កេតឃើញថាគម្លាតនេះកំពុងកាន់តែរួមតូច៕