អ្នកញៀនគ្រឿងញៀនរាប់ពាន់នាក់ ត្រូវបានមជ្ឈមណ្ឌលឱកាសខ្ញុំបន្សាប និងអប់រំកែឲ្យក្លាយទៅជាមនុស្សល្អទើបបញ្ជូនទៅផ្ទះវិញ
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១០ខែកញ្ញានេះ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥៨៦៥នាក់ ក្នុងនោះស្រីចំនួន៣៦២នាក់ ត្រូវបានមជ្ឈមណ្ឌលឱកាសខ្ញុំបន្សាប និងអប់រំឲ្យក្លាយទៅជាមនុស្សល្អទើបបញ្ជូនឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។
ការបញ្ជាក់របស់លោកស្រី មុំ ចាន់ដានី បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាពឱកាសខ្ញុំមួយខ្នងមាន១១បន្ទប់ ស្ថិតក្នុងអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដែលជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ខែកញ្ញានេះ ។
លោកស្រី មុំ ចាន់ដានី បានឲ្យដឹងទៀតថា បច្ចុប្បន្ន នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ មានអ្នកញៀនគ្រឿងញៀន កំពុងតែបន្សាប និងអប់រំកែប្រែ មានចំនួន១៩៦៣នាក់ ស្រី១៣៣នាក់ ដោយគិតត្រឹមថ្ងៃ១០ កញ្ញា២០១៨នេះ ។ លោកស្រីបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់បងប្អូនដែលកំពុង រងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន និងដោយពិនិត្យឃើញថា មណ្ឌលសុខភាព ជាតម្រូវការចាំបាច់ ដែលអាចធានាដល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ដល់ជនរងគ្រោះ ដែលកំពុងទទួលសេវាព្យាបាលនិងស្ដារនីតិសម្បទាផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ការសាងសង់អគារមណ្ឌលសុខភាពឱកាសខ្ញុំ ចំនួន០១ខ្នងកំពស់០១ជាន់មាន១១បន្ទប់ កាលពីថ្ងៃ២១ខែកុម្ភៈឆ្នាំ២០១៧ និងស្ថាបនារួចរាល់កាលពីថ្ងៃ២៥ មករាឆ្នាំ២០១៨ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បងប្អូនដែល រងគ្រោះដោយគ្រឿងញៀនទាំងអស់ ត្រូវខិតខំបន្ដប្រឹងប្រែងបន្សាបឱ្យបាន ដើម្បីឲ្យក្លាយទៅជាមនុស្សល្អ និងធ្វើការងារបម្រើផលប្រយោជន៍សង្គមជាតិ ។
លោក បញ្ជាក់ថា បញ្ហាគ្រឿងញៀន បានធ្វើឱ្យស្រទាប់យុវជនរបស់យើង មួយចំនួនបានលង់ខ្លូន អ្នកញៀនគ្រឿងញៀនប្រៀបបានទៅនឹងច្រែះស៊ីដែកបាតកប៉ាល់ទឹក បើយើងមិនរកវិធីការពារទេ ច្រែះនោះនឹងស៊ីដែកបណ្តាលឲ្យលិចប៉ាល់តែម្តង ៕