ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ សីហា ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប អាណត្តិទី៥

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
លោក ទៀ សីហា ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប អាណត្តិទី៥ លោក ទៀ សីហា ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប អាណត្តិទី៥

សៀមរាប៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមខេត្តសៀមរាប យោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា ក្នុងផ្នែកទី៦ វិធានទី៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា ២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អាណត្តិទី៥ (២០១៩-២០២៥)។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក សៀង ណាំ ប្រធានកិត្តិយសសាខា លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៤ និង ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៨០នាក់ នៅសណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖

១- ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២- បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥
៣- ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា

ក្នុងឱកាសនោះ សន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៥ ដែលមានសមាសភាព ១៥រូប។ យោងកំណត់ហេតុកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការសាខា អាណត្តិទី៥ សម្រេចឯកភាពគ្នាជាឯកច្ឆន្ទ ជ្រើសរើស លោក ទៀ សីហា ជាប្រធាន លោក គុជ លីណា អនុប្រធាន លោកស្រី ទាង អេង អនុប្រធាន លោកស្រី សុខ ណារ៉ូ អនុប្រធាន លោក ណម ពិសិដ្ឋ ហេរញ្ញិក និងលោក លី ប៊ុនណា ជាលេខាធិការគណៈកម្មាធិការសាខា។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោក ទៀ សីហា អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម អាណត្តិទី៥ ដែលទើបទទួលការបោះឆ្នោតជ្រើសតាំង និងក្នុងនាមតំណាងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អាណត្តិទី៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ គឺកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

  • យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
  • រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
  • ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំ
  • សុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា
  • អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
  • យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
  • យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕

អត្ថបទទាក់ទង