ខ្មែរប៉ុស្ដិ៍ Close

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1524

    ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យមើល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ធ្វើការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាបឹងព្រលឹត ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    ក្នុងឱកាសនោះ លោក អ៊ី ឈាន បាននាំបណ្តាំសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ និងសូមជូនពរឲ្យ មានសុខភាពល្អ និងអាយុយឺនយូរ គ្រប់ៗគ្នា។

    លោកប្រធានក្រុមការងារ ក៍បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់ជួយដល់សុខុមាលភាពប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះនៅខេត្តប៉ៃលិនមានការខ្វះខាតនៅផ្នែកបច្ចេកទេស និងសម្ភារៈមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះនៅពេលនេះបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជួយព្យាបាលដល់ប្រជាពលរដ្ឋ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

    លោក អ៊ី ឈាន បានមានប្រសាសន៍បន្តថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះលោកក៍បានសំណូមពរ ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារសហការទាំងអស់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន បន្ថែមទៀត។

    សូមបញ្ជាក់ថា៖ ការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ថ្ងៃពេញ គឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ដោយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ រួមទាំងសម្ភារៈបរិក្ខាពេទ្យទំនើបៗ ដូចជា៖ អេកូកូល័រសម្រាប់ពិនិត្យផ្ទៃពោះ និងជំងឺផ្សេងៗ ផងដែរ៕

    អត្ថបទទាក់ទង