ពិធីប្រកាសលទ្ធផលការអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អក្នុងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨
កំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលទ្ធផលការអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អក្នុងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨ ដែលមាន ៣ឃុំ/សង្កាត់ និង ៧ឃុំ/សង្កាត់ទទួលបានរង្វាន់លើកទឹកចិត្តគឺ ៖
១. ឃុំព្រែកក្របៅ ស្រុកកងមាស ដែលទទួលបានពិន្ទុច្រើនជាងគេបំផុត ក្នុងការបម្រើសេវាល្អជាងគេ និងទទួលបានថវិកាចំនួន ១០.០០០.០០០រៀល ( ដប់លានរៀល ) ។
២. ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ដែលទទួលបានពិន្ទុច្រើន ក្នុងការបម្រើសេវាល្អ និងទទួលបានថវិកាចំនួន ៦.០០០.០០០រៀល ( ប្រាំមួយលានរៀល ) ។
៣. ឃុំសូរគង ស្រុកកងមាស ដែលទទួលបានពិន្ទុក្នុងការបម្រើសេវាល្អ និងទទួលបានថវិកាចំនួន ៤.០០០.០០០រៀល ( បួនលានរៀល ) ។
៤. និងលេខ ៤ដល់លេខ១០ ទទួលបានថវិកាលើកទឹកចិត្តចំនួន ២.០០០.០០០រៀល ( ពីរលានរៀល ) ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះមេឃុំ ចៅសង្កាត់ ស្មៀន នាយប៉ុស្ដ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ទាំងអស់ដែលបានបម្រើសេវាល្អជូនប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន ហើយលោកអភិបាលខេត្ត បានជំរុញអោយមេឃុំ ចៅសង្កាត់ទាំងអស់ត្រូវយកចិត្តបន្ថែមទៀតក្នុងការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។
ជាចុងបញ្ចប់ លោកអភិបាលខេត្តកំពង់ចាម បានដាក់បន្ថែមនូវការប្រលងប្រណាំង ឃុំ សង្កាត់ មានបន្ទប់អនាម័យគ្រប់ខ្នងផ្ទះ ដើម្បីកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលបន្តទៀត និងលើកស្ទួយអនាម័យជនបទផងដែរ លោកក៏បានពន្យល់អំពីប្រព័ន្ធអនុគ្រោះពន្ធ EBA ថាទោះបីជាគេដកទៅវាក៏មិនធ្វើឲ្យយើងស្លាប់ដែរ បញ្ហារកស៊ីបង់ពន្ធឲ្យគេ គេបង់ពន្ធឲ្យយើង គឺជារឿងស្មើភាពសមហេតុសមផល ដែលយើងមិនចង់ឲ្យអ្នកណាប្រើប្រាស់នូវភាពអនុគ្រោះ ហើយបែរជាមកបង្វិលក្បាលយើងតាមចិត្តចង់នោះទេ។ អ៊ីចឹងសូមបងប្អូនទាំងអស់ត្រូវយល់ដឹងអោយបានច្បាស់កុំអោយមានការភ័ន្ដច្រឡំ ព្រោះកម្ពុជាកំពុងមានការរីកចម្រើននៃកំណើនសេដ្ឋកិច្ចផងដែរ ៕