ខ្មែរប៉ុស្ដិ៍ Close

លោក សាយ សំអាល់៖ យុវជនទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពេញលេញប្រកបដោយគុណភាពនិងសមធម៌ ឆ្លើយតបនឹងតម្រូវការទីផ្សារការងាររបស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ អមដំណើរដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជនបេក្ខនារីដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅសម័យប្រឡង ១៩សីហា ឆ្នាំ២០១៩ ខាងមុខ។ ពីធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យឡាហ្វ ដោយមានការចូលរួមពីសិស្សានុសិស្សជិត ១០០០នាក់។

លោក គួច ចំរើន បានថ្លែងស្វាគមន៍ដោយបានសង្កត់ធ្ងន់ទៅលើការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីបានប្រឡងជាប់និងទទួលបាននិន្ទេសល្អ តាមពាក្យស្លោក «អ្នកចេះទើបជាប់ និងអ្នកពូកែបានរង្វាន់» ។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានប្រកាសផ្តល់ង្វាន់ចំពោះបេក្ខជន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិន្ទេសA នឹងទទួលបានម៉ូតូ ១ គ្រឿង និងថវិការ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានមានប្រសាសន៍ថា សិស្សានុសិស្សនាពេលបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀសូត្រខិតខំសិក្សាស្រាវជ្រាវដើម្បីប្រឡងឱ្យបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រើប្រាស់ឱកាសច្នៃប្រឌិតខ្ពស់ចំពោះការជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត មានការគិតគូរខ្ពស់ដើម្បីសម្រេចគោលដៅជីវិតដែលខ្លួនបានប្រាថ្នា។

លោក សាយ សំអាល់ បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារចុះជួយខេត្តទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរខេត្ត ស្ថាប័នមន្ទីរនានា ដើម្បីផ្តល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព និងសមធម៌ ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគតនៅលើទីផ្សារការងាររបស់ប្រជាជនកម្ពុជានៅខេត្តព្រះសីហនុផងដែរ។

សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា ប្រកាសយកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះ នៅខេត្តព្រះសីហនុមានមណ្ឌលប្រឡងចំនួន៥ ក្នុងក្រុងព្រះសីហនុចំនួន៣ និងនៅស្រុកព្រៃនប់មានចំនួន ២មណ្ឌល។ (ថ្នាក់វិទ្យាសាស្ត្រ២, ថ្នាក់សង្គម៣) ស្មើ ៦៧បន្ទប់និងមានបេក្ខជនសរុបចំនួន១៥៧០នាក់ ស្រី៧៤៤នាក់…ក្នុងនោះបេក្ខជនស្វ័យរិនមានចំនួន ២០៣នាក់ ស្រី៨៩នាក់ ៕

អត្ថបទទាក់ទង