អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖ ប្រជាជន និងបក្សកាន់អំណាចរង់ចាំលោក សម រង្ស៊ី ចូលស្រុកយ៉ាងអន្ទះសារ
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានរង់ចាំមើលផ្លូវលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងចូលតាមការសន្យាយ៉ាងអន្ទះសារ។ ការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីក្រុមលោក សម រង្ស៊ី បានប្រកាសថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេសនឹងវិលចូលស្រុកខ្មែរវិញនៅក្នុងឆ្នាំ២០១៩នេះ ដើម្បីផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា ហើយការមកវិញនេះមិនចាំបាច់ប្រាប់ពេលវេលាច្បាស់លាស់នោះទេ គឺដើម្បីធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា អតីតក្រុមប្រឆាំងដែលនៅក្រៅប្រទេសបានអះអាងថា ប្រជាជនរង់ចាំការសន្យារបស់ក្រុមប្រឆាំងយ៉ាងអន្ទះសារ ក្នុងការចង់ឃើញវត្តមានលោក សម រង្ស៊ី និងក្រុមលោក ដែលចង់មកកម្ពុជា។ លោកបានបន្តថា ដោយអាងនៅឆ្ងាយពីស្រុកខ្មែរទណ្ឌិតរត់ចោលស្រុក និងបក្ខពួកបានស្រែកក្អេងក្អាងថា នឹងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូររបបបច្ចុប្បន្ននេះ ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន ក៏បានលើកឡើងថា ក្រុមប្រឆាំងដោយអស់សង្ឃឹម ពីការធ្លាក់ចុះទ្រុឌទ្រោមនៃការធ្វើនយោបាយរបស់ខ្លួន ពួកក្បត់ជាតិកំពុងតែក្រអឺតក្រទមខ្លាំងណាស់ នៅក្រៅស្រុក ញុះញង់ឱ្យប្រជាជនកម្ពុជា នៅក្នុងស្រុកបះបោរប្រឆាំងនឹងរាជរដ្ឋភិបាលកម្ពុជាស្របច្បាប់ ប៉ុន្តែការញុះញង់របស់ពួកក្បត់ជាតិមិនទទួលបានការគាំទ្រពីប្រជាជនកម្ពុជាសោះឡើយ។ លោកបានបន្តថា ពួកប្រឆាំងតែងតែនិយាយផ្ទុយពីការពិត ហើយជាវប្បធម៌នៅកម្ពុជាពួកប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែនិយាយ និងធ្វើផ្ទុយពីការពិត។
លោក សុខ ឥសាន បានគូសបញ្ជាក់ថា ជាក់ស្តែងប្រទេសជាតិកំពុងមានសន្តិភាព មានស្ថិរភាពនយោបាយ មានការរីកចម្រើន ពួកនេះនិយាយថា កម្ពុជាកំពុងច្របូកច្របល់ អស្ថិរភាពទៅវិញ។ ប្រទេសកម្ពុជាកំពុងរីកចម្រើន ទណ្ឌិតរត់ចោលស្រុកនិយាយថា កម្ពុជាកំពុងលិចលង់ធ្លាក់ក្រីក្រយ៉ាប់យ៉ឺនខ្លាំងណាស់។ ពួកគេកំពុងបរាជ័យធ្ងន់ធ្ងរពួកគេថា គេកំពុងមានជ័យជំនះ និងរឹងមាំទៅវិញ។
លោក សុខ ឥសាន បានបន្តថា ទណ្ឌិតកំពុងរត់ចោលស្រុក មិនហ៊ានចូលស្រុកបែរជាថា ចង់មកចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញ ខ្លួនឯងកំពុងអស់អ្នកគាំទ្រ បែរជានិយាយថា មានអ្នកគាំទ្ររាប់លាននាក់។ ដូច្នេះការនិយាយផ្ទុយពីការពិត វាគ្រាន់តែជាការឃោសនានយោបាយបោកប្រាស់ ភូតកុហកប្រជាជន ដែលជាទម្លាប់តាំងពីដើមមក របស់ពួកប្រឆាំងដឹកនាំដោយទណ្ឌិតរត់ចោលស្រុក។ ប្រជាជនកម្ពុជាបានដឹងការពិតអស់ហើយ មិនអាចនិយាយបោកបញ្ឆោតបានជាដាច់ខាត៕