ខ្មែរប៉ុស្ដិ៍ Close

សមាជិកព្រឹទ្ធសភាបារាំង សន្យាតស៊ូមតិជាមួយអឺរ៉ុបឱ្យពិចារណាឡើងវិញ រឿងដាក់សម្ពាធមកលើកម្ពុជាក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
សមាជិកព្រឹទ្ធសភាបារាំង សន្យាតស៊ូមតិជាមួយអឺរ៉ុបឱ្យពិចារណាឡើងវិញ រឿងដាក់សម្ពាធមកលើកម្ពុជាក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ សមាជិកព្រឹទ្ធសភាបារាំង សន្យាតស៊ូមតិជាមួយអឺរ៉ុបឱ្យពិចារណាឡើងវិញ រឿងដាក់សម្ពាធមកលើកម្ពុជាក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

សមាជិកព្រឹទ្ធសភាបារាំង លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានជម្រាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថា លោកនឹងជួបពិភាក្សាជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យពួកគេពិនិត្យឡើងវិញ ចំពោះការដាក់សម្ពាធមកលើកម្ពុជា ក្រោមលេសចោទប្រកាន់ពីសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ការអះអាងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាមួយលោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភា បារាំង-កម្ពុជា កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ជាការឆ្លើយតប លោកស្រី ម៉ែន សំអន បានអរគុណចំពោះការយកចិត្តទុកដាក់របស់ភាគីបារាំង ដែលគាំទ្រកម្ពុជាលើយន្តការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលកំពុងមានភាពល្អប្រសើរ។ លោកស្រីបានបន្តថា ដោយមានការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់អស់ជិត៣ទសវត្សរ៍ មកជាប្រទេសមានសន្តិភាព និងមានឱកាសបន្តការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួនបន្តទៀត ហើយក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង៧ភាគរយក្នុងមួយឆ្នាំ និងបានប្រែក្លាយខ្លួនពីសមរភូមិទៅជាទីផ្សារដ៏ទាក់ទាញ និងពីប្រទេសដែលមានការអភិវឌ្ឍតិចបំផុត ឬក្រីក្របំផុត ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕