ខ្មែរប៉ុស្ដិ៍ Close

    គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ថ្លែងអំពីការវិវឌ្ឍ និងភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1210
    គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ថ្លែងអំពីការវិវឌ្ឍ និងភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ថ្លែងអំពីការវិវឌ្ឍ និងភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

    នៅក្នុងកិច្ចប្រជុំលើកទី៣២នៃ UPR Working Group របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា បានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការវិវឌ្ឍ និងភាពប្រសើរឡើង នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសការអនុវត្តសិទ្ធិ និងសេរីភាពកន្លងមក។

    គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនោះក៏មានគណៈប្រតិភូអន្តរក្រសួង ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ។

    ក្នុងកិច្ចប្រជុំនេះ កម្ពុជា បានធ្វើការថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការវិវឌ្ឍនិងភាពប្រសើរឡើង នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសការអនុវត្តសិទ្ធិ និងសេរីភាព ក្រោយពីកម្ពុជាទទួលយកនូវអនុសាសន៍ទាំង១៦២ ក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមកាល កំណត់លើកទីពីរកាលពីឆ្នាំ២០១៤កន្លងទៅនេះ។

    កម្ពុជា ក៏បានធ្វើការបង្ហាញផងដែរ ពីបញ្ហាប្រឈម និង ឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមទាំង នោះ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពប្រសើរឡើងទៅថ្ងៃអានាគត ព្រមទាំងធ្វើការឆ្លើយតបនិងពន្យល់ទៅនឹងការរិះគន់មួយចំនួនដែលមិនឆ្លើយ តបនិងឆ្លុះ បញ្ចាំងទៅនឹងស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៅកម្ពុជា។

    ក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសកល តាមកាលកំណត់លើកទីបីនេះ កម្ពុជាក៏ទទួលបានផងដែរនូវ អនុសាសន៍សរុបចំនួន២០២ ដែលផ្តល់ដោយរដ្ឋផ្សេងៗជាសមាជិកអង្គការសហប្រជាជាតិ ចំនួន៧៣រដ្ឋ ហើយដែលក្នុងនោះអនុសាសន៍មួយចំនួនធំគឺផ្តោតលើការកោតសរសើរ និងការស្វាគមន៍ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាពេលកន្លងមក។

    ជាការឆ្លើយតប គណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំ និងដឹកនាំកិច្ចប្រជុំជាមួយគ្រប់ស្ថាប័នដែលពាក់ព័ន្ធរួមមានស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវីលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិឌ្ឍផងដែរ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ អំពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងអនុសាសន៍ដែលត្រូវធ្វើការបដិសេធ ឬកត់សម្គាល់ ហើយនឹងធ្វើការឆ្លើយតបវិញជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំពេញអង្គលើកទី៤១របស់ខ្លួននៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕

    អត្ថបទទាក់ទង