លិខិតមិត្តអ្នកអាន៖ ទាល់តែយូរហ៎ស បាន សម រង្ស៊ី ហ៊ានចូលស្រុកខ្មែរវិញ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី ដែលមានសាលដីកាត្រូវចាប់ខ្លួនបញ្ចូលគុកនៅកម្ពុជា ដោយទង្វើប្រឆាំងនឹងច្បាប់របស់ខ្លួនបាននិងកំពុងអួតក្អេងក្អាងនៅក្រោមខ្សែញាក់ និងការរៀបចំរបស់ចៅហ្វាយនាយរបស់ខ្លួនថា ខ្លួននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះ។ ពិតជារកអុសប្រទះ ឈើងាប់មែន! តាមពិតគោលបំណងពិត នៃការប្រកាសវិលចូលស្រុករបស់ សម រង្ស៊ី នៅពេលនេះគឺគ្រាន់ តែជាវិធីសាស្ត្រ ធ្វើឱ្យគេចាប់អារម្មណ៍លើខ្លួន ទទួ លស្គាល់ថា ខ្លួននៅតែសកម្មក្នុងនយោបាយខ្មែរ និងដើម្បី ទាញការថ្កោលទោសរបស់ក្រុម កឹម សុខា ចំពោះទង្វើបក្សប្រហារ ដណ្តើមតំណែងជាប្រធានបក្សខ្មោច និងផ្តល់ក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមដល់ចលនាឧទ្ទាមសង្គ្រោះរបស់ខ្លួន ឱ្យបានរស់ឡើងវិញនិងព្យាយាម ក្រឡុកស្ថានការណ៍នយោបាយកម្ពុជាបង្កើតការញុះញុង បង្កចលាចលបំផ្លាញសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាកំពុងរស់សុខសាន្តតែប៉ុណ្ណោះ។ តាមពិតទៅការប្រកាសវិលចូលស្រុកវិញរបស់ទណ្ឌិត សម រង្ស៊ី គឺជាគ្រាន់តែសំឡេងភ្លេងខ្លងខែកដង្ហែរបុណ្យសពតែប៉ុណ្ណោះ!
វត្តមាន សម រង្ស៊ី នឹងមិនមានឡើយនៅកម្ពុជា ហើយបើសិនជាចូលមកក៏បន្ទប់ឃុំឃាំងខ្នោះ និងកងកម្លាំងសមត្ថកិច្ច ក៏បានត្រៀមរួចហើយដើម្បីអនុវត្តច្បាប់។ ពលរដ្ឋខ្មែរក៏មិនចាប់អារម្មណ៍ លើពាក្យសម្តីសម រង្ស៊ី និងក៏មិនប្រាថ្នាសម រង្ស៊ី មករំខានការរីកចម្រើនពួកគាត់ដែរ។ ប៉ុន្តែអ្វីដែលពលរដ្ឋខ្មែរបានទស្សទាយដឹងជាមុន គឺ សម រង្ស៊ី នឹងគ្មានភាពក្លាហានវិលចូលស្រុកដូចការសន្យានោះទេ បានត្រឹមតែស្រែករំខានសេចក្តីសុខ និងដំណើរការអភិវឌ្ឍរបស់កម្ពុជាតែប៉ុណ្ណោះ។ តើមូលហេតុអ្វីខ្លះដែលថា សម រង្ស៊ី មិន ហ៊ានវិលត្រឡប់ចូលកម្ពុជាដូចដែលខ្លួនអះអាងនោះ?
ទី១- សម រង្ស៊ី គឺជាអ្នកក្លាហានគង់ហ៊ាន៖
នៅរាល់ពេលដែលខ្លួនបង្កបញ្ហា និងបំពានច្បាប់ សម រង្ស៊ី តែងតែរត់ចូលការិយាល័យតំណាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្ថានទូតបរទេស ឬបានរត់ចោលស្រុករហូតសម រង្ស៊ី គ្មានភាពក្លាហានក្នុងការប្រឈមឡើយ។ ករណីដាក់បង្កៃគ្រាប់បេបាញ់សំដៅ លើក្បួនរថយន្តសម្តេចតេជោ ហ៊ុន សែន នៅខែកញ្ញា ឆ្នាំ១៩៩៨ រៀបចំឡើង ដោយឈ្មោះ សុខ យឿនដែលជាសកម្មជនបក្សរបស់ខ្លួន សម រង្ស៊ី នៅពេលនោះត្រូវបានដឹងថាបានរត់គេចខ្លួនចូលការិយាល័យ សិទ្ធិមនុស្ស អ.ស.ប.នៅដែលតាំងនៅផ្នែកខាងក្រោមនៃ សណ្ឋាគារកាំបូឌីយ៉ាណាដើម្បីរកជំនួយ។ ក្រោយពីបង្កការញុះញង់លើបញ្ហានៅព្រំដែននៅឆ្នាំ ២០០៥ សម រង្ស៊ី ក៏បានរត់ចោលស្រុកទៀត និងមានរឿងក្តីក្តាំបន្តបន្ទាប់មុនខែកក្កដា ឆ្នាំ ២០១៣ សម រង្ស៊ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេស មិនហ៊ានប្រឈមនឹងការរំលោភបំពានច្បាប់ខ្លួនឡើយ ហើយចាប់ពីឆ្នាំ ២០១៥ សម រង្ស៊ី បានរត់ចោលស្រុករហូតមកទល់ ពេលនេះគ្មានការទទួលខុសត្រូវទោសកំហុសដែលខ្លួនបានប្រព្រឹត្តឡើយ។ រាល់ពេល សម រង្ស៊ី ប្រកាសថា ចូលមកកម្ពុជានៅពេលនេះពេលនោះ តែក្រោយមកយកលេសនេះយកលេសនោះលើកពេលឬលុបចោលការចូលមក។ ជាក់ស្តែងនៅមុនការបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភាអាណត្តិទី៦ សម រង្ស៊ី បានថ្លែង ថាខ្លួននឹងវិលចូលកម្ពុជាវិញនៅមុនការបោះឆ្នោត។ ខ្មេះ! សម រង្ស៊ី មិនហ៊ានទាំងអើតមុខមកផង។
ឥឡូវ នេះប្រកាសថានឹងវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ២០១៩! លើកនេះនឹងខ្មេះទៀតហើយពីព្រោះសូម្បីតែតើថ្ងៃណាពិតប្រាកដនៃការវិលត្រឡប់របស់ខ្លួនក៏មិនហ៊ានបញ្ជាក់ផង ហើយសម រង្ស៊ី បានត្រឹមតែកុហក សកម្មជនរបស់ខ្លួនដើម្បីចិញ្ចឹមចលនាខុសច្បាប់ខ្លួនប៉ុណ្ណោះ។ បើសម រង្ស៊ី ក្លាហានហ៊ានដើរចូលគុក គឺសម រង្ស៊ី ពិតជាហ៊ានធ្វើតាំងពីដើមមកម៉្លេះ មិនមែនទើបធ្វើពុតជាក្លាហាននៅពេលនេះទេ! (Sic!)
ទី២- សម រង្ស៊ី ជាអ្នកនយោបាយគ្មានគោលការណ៍៖
នៅពេលដែល សម រង្ស៊ី រៀបចំធ្វើបក្សប្រហារដណ្តើមខ្មោចបក្សសង្គ្រោះជាតិ សម រង្ស៊ី បានតាំងខ្លួនថា ជាមេទ័ពដែលដឹកនាំសំប៉ានស្វែរក ជំនួយដើម្បីរំដោះ កឹម សុខា និងជួយសង្គ្រោះសំពៅខ្មោចបក្សសង្គ្រោះជាតិពីការគឿងនៅកណ្តាលមហាសាគរ។ សម រង្ស៊ី និយាយថា ធ្វើជាមេទ័ពដែលត្រូវដឹកនាំចម្បាំង ប្រសិនបើឱ្យគេចាប់ខ្លួនបាន តើនរណាជាអ្នកដឹកនាំចម្បាំងនេះ? ដូច្នេះខ្លួនត្រូវនៅក្រៅប្រទេសដើម្បីអាចដឹកនាំបន្តប្រយុទ្ធ។ ប៉ុន្តែពេលនេះហេតុអ្វីបានជាមេទ័ពគង់ហ៊ាននេះប្រកាសចូលមកកម្ពុជា និងសុខចិត្តឱ្យចាប់ខ្លួន ដែលក្រុមសម រង្ស៊ី និយមថាជា «ការលះ បង់ដ៏ធំធេងរបស់លោកប៉ាធានសម រង្ស៊ីទៅវិញ?»។ នេះបង្ហាញច្បាស់ថា សម រង្ស៊ី ជាអ្នកនយោបាយអង្ករ កំប៉ុងនិងគ្មានគោលការណ៍ និងយុទ្ធសាស្ត្រច្បាស់លាស់ឡើយ។ សម រង្ស៊ី គ្រាន់តែជាអ្នកធ្វើនយោបាយធ្វើ មួយថ្ងៃគិតមួយថ្ងៃ។
ហេតុដូច្នេះហើយបានជាត្រូវជាប់គុក រត់ចោលស្រុក បក្សរលាយ និងអ្នកដើរតាមខ្លួន បំពានច្បាប់និងតែងតែចូលគុកឥតដាច់។ ភាពក្រឡិចក្រឡុចរបស់ សម រង្ស៊ី ក៏ជាតឹកតាងមួយទៀតថា សម រង្ស៊ី ជាជាអ្នកនយោបាយបោកប្រាស់យ៉ាងពិតប្រាកដ ហើយឥឡូវនេះបាននិងកំពុងបោកប្រាស់ភូត កុហកពលរដ្ឋខ្មែរទៀតហើយថាខ្លួននឹងវិលចូលស្រុកវិញ និងមានអ្នកដង្ហែរខ្លួនរាប់លាននាក់។ ទៅរករាប់ លាននាក់ឯណា? រកមួយដំបរស្វាមិនអាចបានផងមើលទៅ! ម្យ៉ាងទៀតការអំពាវនាវប្រមូលមនុស្សមកដង្ហែរជនខុសច្បាប់ សត្រូវប្រជាជនដូច សម រង្ស៊ី នេះ មិនខុសពីការញុះញង់ និងបំផ្លិចបំផ្លាញសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈឡើយ ហើយការរំលោភបំពានច្បាប់នេះ គឺកម្លាំងមានសមត្ថកិច្ច នឹងមិនបណ្តែតបណ្តោយឱ្យក្រុមមួយក្បាប់តូចនេះបង្កអសន្តិសុខ បំផ្លាញសន្តិភាព និងការអភិវឌ្ឍឡើយ។
ទី៣- អ្នកសម្រេចចិត្តពិតគឺភរិយាដ៏មហិមា ជូឡុង សូមួរ៉ា៖
ក្រុម សម រង្ស៊ី និយមពិតជាដឹងច្បាស់ថាតើនរណាជាអ្នកមានអំណាចពិតប្រាកដគ្របដណ្តប់លើ សម រង្ស៊ី គឺភរិយារបស់គាត់ ជូឡុង សូមួរ៉ា។ រូប ភាពដឹកនាំគឺ សម រង្ស៊ី ប៉ុន្តែអ្នកដែលកាន់តេឡេបញ្ជាពិតប្រាកដគឺជូឡុង សូមួរ៉ា ដែលជាអ្នកចាត់ចែងការងារក្នុងក្រុមនិងក្រុមបក្ស។ អេង ឆៃអ៊ាងថា គណៈអចិន្ត្រៃយ៍នៃខ្មោចបក្សសង្គ្រោះជាតិ ជាអ្នកសម្រេចឱ្យ សម រង្ស៊ី ចូលមកក្នុងស្រុក ប៉ុន្តែក្រុមកឹម សុខា អះអាងថា សមាជិកអចិន្ត្រៃយ៍នៃខ្មោចគណបក្សនេះមិនបានដឹងឡើយគឺមានតែក្រុម សម រង្ស៊ី ប៉ុន្មាននាក់ប៉ុណ្ណោះ។ ដោយមិននិយាយពីការបែងចានបែកឆ្នាំងរវាង ក្រុមទាំងពីរ ការសម្រេចចិត្តដែលសម រង្ស៊ី និងអេង ឆៃអ៊ាង បានប្រកាសគ្រាន់តែជាការអនុវត្តតាមផែនការរបស់ស្វែងរកការចាប់អារម្មណ៍ និងជួយសង្គ្រោះជីវិតនយោបាយ សម រង្ស៊ី ឡើងវិញក្រោយពីជីវិតនយោ បាយខ្លួនបានស្លាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពីលាលែងតំណែងពីប្រធាននិងលះបង់សមាជិកភាព ពីគណបក្សសង្គ្រោះជាតិពេលនោះ។ ប៉ុន្តែល្បិចនៃការសង្គ្រោះជីវិតនយោបាយនេះដោយប្រើប្រាស់មធ្យោ បាយភូតភរកុហកនេះបានត្រឹមតែបង្កើតព្យុះនៅក្នុងក្អមបែកបាក់ ហើយលេចគូថកណ្តាលវាល។
…ជីវិតជាប្តី ប្រពន្ធដែលមានកូននិងចៅផងនោះ តើជូឡុង សូមួរ៉ា សុខចិត្តឱ្យ សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញទាំងខ្លួនដឹងថាខ្នោះនិងគុករង់ចាំស្វាមីខ្លួនដែរឬទេ? ច្បាស់ ១០០% គឺជូឡុង សូមួរ៉ា មិនអាចឈរមើលស្វាមីខ្លួនត្រូវបានសមត្ថកិច្ចវាយខ្នោះ និងដេកគុកនៅកម្ពុជាឡើយ គឺសុខចិត្តឱ្យ សម រង្ស៊ី ដេកផ្ទះនៅស្រុកកំណើតទី២ របស់គាត់នៅស្រុកបារាំង ប្រសើរជាងមកជាប់គុកដ៏គ្មានប្រយោជន៍ និងធ្វើតាមការញុះញង់ របស់ក្រុម សម រង្ស៊ី ដែលចង់ប្រើដើម្បីជួយស្រោចស្រង់ខ្លួនឯងឡើយតាមរយៈការតោងកន្ទុយសម រង្ស៊ី។
ទី៤- សម រង្ស៊ី មានជំងឺជាប់ខ្លួនត្រូវការព្យាបាល៖
ទណ្ឌិត សម រង្ស៊ី មានអាយុជិត ៧០ ឆ្នាំ ហើយមនុស្សអាយុប៉ុណ្ណេះ មិនមាន ថាគ្មានជំងឺជាប់ខ្លួនឡើយ។ ទោះគ្មានជំងឺអ្វីធ្ងន់ធ្ងរ ក៏សម រង្ស៊ី មានបញ្ហាជំងឺផ្លូវចិត្ត ដែលមានតាំងពីយូរមកហើយ មានគំនិតសងសឹកនឹងកម្ពុជា ដែលធ្វើឱ្យក្រុមគ្រួសារខ្លួនខ្ចាត់ព្រាត់ រត់ចោលស្រុក ក្រោយពីឪពុកខ្លួន សម សារី ក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ គេនៅចាំថានៅចុងឆ្នាំ ១៩៩០ សម រង្ស៊ី ធ្លាប់ធ្វើកូដកម្មអត់អាហារ ប៉ុន្តែព្យួរសេរ៉ូមកម្លាំង ហើយពេលដែល សម រង្ស៊ី ដឹងថាអាជ្ញាធរត្រូវចាប់ខ្លួនដើម្បីអនុវត្តទោសចំពោះបទល្មើសដែលខ្លួនប្រព្រឹត្ត សម រង្ស៊ី តែងតែ រត់ផាស់ក្រញ៉ាំមុនពេលដែលសមត្ថកិច្ចអនុវត្តនីតិវិធីទៅទៀត។ សម រង្ស៊ី ពិតជាមនុស្សថ្នាក់ថ្នមខ្លួន និងខ្លាចគុកជាទីបំផុត តើសម រង្ស៊ី ខ្លួនឯងហ៊ានធ្វើទេ? ក្រុមគ្រួសារជាពិសេស ជូឡុង សូមួរ៉ា សុខចិត្តឱ្យសម រង្ស៊ី ដែលមានជំងឺជាប់កាយមកដេកគុកនៅស្រុកខ្មែរដើម្បីស្វែងរកដំណោះស្រាយទេ។
ចម្លើយច្បាស់គឺមិន អាចទៅរួចឡើយ។ ប៉ុន្តែដើម្បីចិញ្ចឹមនិងផ្តល់សង្ឃឹមដល់ចលនារបស់ខ្លួន សម រង្ស៊ី និងគូកនរបស់ខ្លួនដែល ចូលរួមធ្វើបក្សប្រហាររួមមាន អេង ឆៃអ៊ាង និងមូរ សុខហួរ ជាដើមត្រូវសម្តែងល្ខោនធ្វើជាឱ្យសម រង្ស៊ី វិល ចូលស្រុកវិញ តែធាតុពិត គ្រាន់តែឮថាវិលចូលស្រុក អាជ្ញាធរត្រៀមខ្នោះនិងគុកដាក់ សម រង្ស៊ី ភ័យឡើង បែកប្រមាត់ដូចគាត់ចាញ់បោកអ្នកនយោបាយនៅកៀកគាត់បំភ័យឡើងបែកប្រមាត់រឿងច្បាប់ស្តីពីគណបក្សនយោបាយ ហើយគាត់ភ័យស្លន់ស្លោរលាលែងតំណែងពីប្រធានបក្សដូច្នេះដែរ។
ទី៥- ចុងបញ្ចប់នៃជីវិតនយោបាយសម រង្ស៊ីគឺទទួលបានចង្វាក់ដំរី៖
ប្រសិនបើអេង ឆៃអ៊ាង មូរ សុខហួរ និងគូកន បញ្ជោរសម រង្ស៊ី ឱ្យហ៊ានជាប់គុកដើម្បីធ្វើឱ្យដូចមហាត្មាត គន្ធី នែលសុន ម៉ាន់ដឺឡា ឬអ៊ុង សាន ស៊ូជី ប្រហែលជាអ្នកទាំងនោះ មិនមានការគិតពិចារណាតាមបែបវិទ្យសាស្ត្រឡើយ តែធ្វើតាមបែបរវើរវាយ គិតមួយថ្ងៃសម្រាប់តែមួយថ្ងៃ។ នែលសុន ម៉ាន់ដឺឡា អ៊ុងសាន ស៊ូជី ជាប់គុកនៅក្នុងវ័យក្មេង ចុះសម រង្ស៊ី អាយុ ៧០ ឆ្នាំទៅហើយ បើតស៊ូតាមបែបជាប់គុក តើអាចរំពឹងថានឹងបានសម្រេចទេ? សម រង្ស៊ី ខ្លួនឯងក៏មិនអាចឆ្លើយនឹងសំណួរនេះបានឡើយ។
ប្រវត្តិនៃមេដឹកនាំពិភពលោក គ្មាននរណាតស៊ូជាប់គុកនៅអាយុ ៧០ ឆ្នាំទេ។ ប៉ុន្តែបើសិនជា សម រង្ស៊ី សម្រេចមកជាប់គុកក្នុងអាយុ ៧០ ឆ្នាំមែននោះ គឺ មានន័យថាសម រង្ស៊ីពិតជាអ្នកនយោបាយចោលម្សៀតនិងគ្មានយុទ្ធសាស្ត្រអ្វីបន្តិចឡើយ។ ធ្វើនយោបាយ ជាប់គុកក្នុងអាយុ ៧០ ឆ្នាំ គឺមានន័យថាសម រង្ស៊ី មិនទទួលបានជោគជ័យទទួលកម្រងផ្កាទេ ប៉ុន្តែបានទទួលចង្វាក់ដំរីដែលសំដៅលើខ្នោះនិងគុកច្រវ៉ាក់នេះឯងដោយសារតែការរំលោភច្បាប់។ ច្បាស់ណាស់ថា សម រង្ស៊ី នឹងមិនទទួលយកចង្វាក់សដំរីឡើយ។ ប្រវត្តិរបស់ សម រង្ស៊ី មានតែរត់ចោលការទទួលខុសត្រូវ របស់ខ្លួន មិនមានទេភាពក្លាហានចូលគុកនោះទេ។
សរុបមកវិញ សម រង្ស៊ី បានត្រឹមតែគំរាមចូលស្រុកប៉ុណ្ណោះ ប៉ុន្តែនឹងគ្មានភាពក្លាហានចូលស្រុកតាមការសន្យាឡើយ។ អ្នកដែលនឹងរងគ្រោះគឺអ្នកជឿងុបលើការបោកប្រាស់របស់សម រង្ស៊ី ដែលអ្នកខ្លះកំ ពុងជាប់បំរាម មិនឱ្យធ្វើនយោបាយងើបឡើងមិនដឹងខ្លួនថាជាប់បំរាម អាចនឹងត្រូវប្រឈមនឹងការអនុវត្ត ច្បាប់ព្រោះរាល់ការញុះញង់របស់សម រង្ស៊ី គឺសុទ្ធតែខុសច្បាប់ ហើយអ្នកដែលញុះញង់ បន្តក៏ខុសច្បាប់។ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ នោះសមត្ថកិច្ចពិតជាមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូច ធ្វើតាមអំពើចិត្ត បង្កចលាចល ប៉ះពាល់ដល់សន្តិសុខសណ្តាប់ សន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជាកំពុង តែទទួលផលនៅពេលនេះឡើយ។ តែបើសម រង្ស៊ី ហ៊ានវិលមកស្រុកវិញគឺអាចជាការរៀបចំ និងជំរុញរបស់បរទេសជាចៅហ្វាយនាយរបស់ពួកគេ ក្នុងបំណងបំផ្លាញសេចក្តីសុខរបស់កម្ពុជាតែប៉ុណ្ណោះ ព្រោះសមរង្ស៊ី គឺជាកូនអុករបស់បស្ទឹមប្រទេស ដែលគេនឹងមិនខ្លាចចំណាយឡើយ ដើម្បីបំផ្លាញកម្ពុជាដូចដែលពួកគេ បានធ្វើនៅអំឡុងឆ្នាំ ២០១៣។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ហើយថា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែការពារសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយកម្រនេះឱ្យបានជាដាច់ខាត។ ដូច្នេះសម រង្ស៊ី បានត្រឹមតែចាក់ភ្លេងខ្លងខែកកំដរសពខ្មោចបក្សសង្គ្រោះជាតិ និងចលនារបស់ខ្លួនប៉ុណ្ណោះ ហើយថា វិលមកកម្ពុជាវិញ គឺទាល់តែយូរហ៎ស បាន សម រង្ស៊ី មក!!!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩