ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកោតសរសើរថាខេត្តកំពតមានរោងចក្រសហគ្រាស ជាច្រើនដែលកំពុងផ្តល់ការងារជាច្រើនដល់ពលរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកោតសរសើរថាខេត្តកំពតមានរោងចក្រសហគ្រាស ជាច្រើនដែលកំពុងផ្តល់ការងារជាច្រើនដល់ពលរដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកោតសរសើរថាខេត្តកំពតមានរោងចក្រសហគ្រាស ជាច្រើនដែលកំពុងផ្តល់ការងារជាច្រើនដល់ពលរដ្ឋ

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត។ ពិធីជួបសំណេះសំណាលនេះត្រូវប្រារព្ធធ្វើឡើង នៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

រោងចក្រទាំង១២ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត បានជួបសំណេះសំណាលជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុងកំពតចំនួន២ មានកម្មករ និយោជិត ១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន ៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករ និយោជិតចំនួន ២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន ៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន ១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីនាព្រឹកនេះ។ លោក បានថ្លែងអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានផ្តល់នូវការគោពស្រឡាញ់ ចំពោះរូបលោករៀងរហូតមក។ លោកនាយករដ្ឋមន្រ្តី ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឱ្យកូនក្មួយកម្មករ កម្មការិនីបានឈប់សម្រាកនៅល្ងាចថ្ងៃនេះដោយទទួលប្រាក់ឈ្នួលពេញដដែល។

នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កំពតជាខេត្តមួយដែលមានសក្តានុពលផ្នែកទេសចរណ៍ និងឧស្សាហកម្មផងដែរ ដែលពេលនេះខេត្តកំពតកំពុងកើតមានរោងចក្រសហគ្រាសជាច្រើន ដែលកំពុងផ្តល់ការងារជាច្រើនដល់ពលរដ្ឋយើង។ លោកក៏បានថ្លែងដោយក្តីមោទនភាពផងដែរ ចំពោះសមិទ្ធផលក្នុងខេត្តកំពត ជាពិសេសអ្វីដែលនៅកំពតដែលមានភាពល្បីល្បាញនោះមានដូចជា ផលិតផលទុរ៉េនកំពត ម្រេចកំពត អំបិលកំពត ដូងកំពត។ល។ ជាពិសេសលោកបានថ្លែងកោតសរសើរចំពោះផលិតផលម្រេចកំពត ដែលមានភាពល្បីល្បាញនៅលើទីផ្សារអន្តរជាតិផងដែរ៕

អត្ថបទទាក់ទង