ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗចំនួន១០ ចំណុច ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឱ្យកាន់តែមានភាពល្អប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 77
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗចំនួន១០ ចំណុច ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឱ្យកាន់តែមានភាពល្អប្រសើរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗចំនួន១០ ចំណុច ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឱ្យកាន់តែមានភាពល្អប្រសើរ

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជាអធិបតីនៅ ក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ (១៩៩៩ – ២០១៩)។ ពិធីអបអរសាទរខួបលើកទី ២០ឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងនៅ ទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការ អញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាង អង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើន និងនាយទាហាន ពលទាហាន អមដោយយុទ្ធតូបករណ៍ ទំនើបៗជាច្រើន ដែលបានបង្ហាញក្នុងពិធីអបអរនេះយ៉ាងអាធិកអធម។

ក្នុងឱកាសនេះ ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឱ្យកាន់តែមាន ភាពល្អប្រសើរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ សំខាន់ៗចំនួន១០ចំណុចរួមមាន៖
ទី១- ត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន។
ទី២- ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀតដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិ ឃុំ ដើម្បីឱ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព។
ទី៣- ខិតខំប្រយុទ្ធប្រឆាំងអំពើរភេរវកម្ម ទប់ស្កាត់អំពើរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តន៍ពណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឱ្យទាន់ពេលវេលា។
ទី៤- កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រខ្វះខាត កុំធ្វើឱ្យប្រជាជនស្រក់ទឹកភ្នែកដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង។
ទី៥- កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា។
ទី៦- គាំទ្រការប្រមូលចំណូលថិវកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនដល់ចំណូលជាតិ ។
ទី៧- ខិតខំបង្កើនវិន័យកងទ័ពឱ្យបានខ្ជាប់ខ្ជួន ជាពិសេសពេលដែលយើងមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ហើយ តែបែរជាយើងមិនចេះប្រើប្រាស់ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណដើម្បីរក្សាសុខភាព។
ទី៨- ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈដែលយើងមានដើម្បីធានាថាអាវុធរបស់យើងនៅតែអាចប្រើប្រាស់បាននៅពេលដែលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារៈយុទ្ឋភ័ណ្ឌរបស់របស់ខ្លួនឱ្យបានល្អ ដើម្បីធានាថាអាវុធយើងប្រើប្រាស់បានចំគោលដៅនៅពេលត្រូវការ។
ទី៩- យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជំរកស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេសត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។
ទី១០- កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទំនងនិងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេសជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗជាមួយយកងទ័ពនៃបណ្តាប្រទេសនានា៕

អត្ថបទទាក់ទង