ខ្មែរប៉ុស្ដិ៍ Close

ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវឱ្យជនរួមជាតិអនុវត្តឱ្យបានហ្មត់ចត់ អំពីវិធាន ការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 32
ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវឱ្យជនរួមជាតិអនុវត្តឱ្យបានហ្មត់ចត់ អំពីវិធាន ការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវឱ្យជនរួមជាតិអនុវត្តឱ្យបានហ្មត់ចត់ អំពីវិធាន ការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ក្នុងទិវារម្លឹកខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអំពាវនាវបងប្អូនជនរួមជាតិនៅទូទាំងប្រទេស អនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានហ្មត់ចត់ អំពីវិធានការនានាក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ឈានទៅរកប្រក្រតីភាពឡើងវិញតាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន។

ក្នុងសារទិវារម្លឹកខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីពេលនេះ ពុំមានការជួបជុំធំដើម្បីរម្លឹកខួបទី៧០ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសារតែប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ក្ដី ក៏ស្មារតីចងចាំគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួងចិត្តរបស់យើងជានិច្ច។ សម្ដេចតេជោបានថ្លែងថា “យើងជាខ្មែរទាំងអស់គ្នាប្ដេជ្ញាប្រែក្លាយស្មារតីនេះ ឱ្យទៅជាសកម្មភាពដ៏ខ្លាំងក្លា ស្រុះដៃគ្នាជាឆន្ទៈតែមួយ ដើម្បីបន្តកសាង និងការពារមាតុភូមិយើងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់”។

សម្ដេចតេជោ ប្រធានគណបក្សបានគូសរំលេចថា រយៈពេល៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យ ជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសសម្រេចបានសមិទ្ធផលដ៏ធំធេង ក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញរបស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ការស្ដារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមានស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណៈសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរ នាឆ្នាំ១៩៩៣ ការបង្កើតសន្តិភាពពេញលេញជូនជាតិចាប់ពីចុងឆ្នាំ១៩៩៨មក តាមរយៈនយោបាយ ឈ្នះ ឈ្នះ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរ ហើយកំពុងរស់នៅយ៉ាងសុខដុមរមនា។

ក្នុងនាមគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងកាតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានឃើញច្បាស់សច្ចៈធម៌នៃការដឹកនាំរបស់គណបក្ស ហើយផ្ដល់យុត្តិធម៌ និងការគាំទ្រឥតរង្គោះរង្គើរដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា ឆ្លើយតបទៅនឹងការទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារឯករាជ្យ អធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឬសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមបនីយកម្មសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែសម្បូណ៌សប្បាយឡើង៕

អត្ថបទទាក់ទង