ខ្មែរប៉ុស្ដិ៍ Close

សភាតំណាងប្រជាជនចិន កោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 77
សភាតំណាងប្រជាជនចិន កោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន សភាតំណាងប្រជាជនចិន កោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។ លោក លី ចាន់ស៊ូ បានមានប្រសាសន៍ថា សភាគឺតំណាងឱ្យប្រជាជនចិនទាំងអស់ បានចាត់ទុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់ស្ទើរតែគ្រប់គ្នា។

លោកបានបន្តថា បានក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជាហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានកសាង និងពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឱ្យមានការកើនឡើង និងការអភិវឌ្ឍឥតឈប់ឈរ។

លោក លី ចាន់ស៊ូ បានមានប្រសាសន៍ថា កន្លងមកលោកនាយករដ្ឋមន្រ្តី បានគាំទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិនជាពិសេសនៃនយោបាយចិនតែមួយ ហើយលោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនបានចាត់ទុកលោកនាយករដ្ឋមន្រ្តីគឺជាមិត្តដែកថែបនៃប្រទេសចិន ហើយឆ្លៀតឱកាសនោះ លោក ក៏បានអបអរសាទរលោកនាយករដ្ឋមន្រ្តីដែលទទួលបានជោគជ័យនៃការបោះឆ្នោតកាលពី ២០១៨ កន្លងទៅនេះ និងបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀត។ លោក បានគូសបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជាជាពិសេសលើការអភិវឌ្ឍដែលប្រទេសកម្ពុជាជ្រើសរើសជាពិសេសបន្តមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសនៅក្រោមការជំរុញធ្វើយ៉ាងណាឱ្យគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។

លោក លី ចាន់ស៊ូ ក៏បានមានប្រសាសន៍ផងដែរថា ជំនួបរវាងលោកប្រធានាធិបតី ស៊ី ជីនពីង ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងពិធីជប់លៀងផងដែរនោះ គឺបានឆ្លុះបញ្ចាំងទំនាក់ទំនងពិសេសរវាងចិន និងកម្ពុជាហើយ លោកក៏បានបញ្ជាក់ផងដែរថាសម្រាប់កិច្ចនេះគឺនឹងទទួលបាននូវសមិទ្ធផលជាច្រើនជាពិសេសនឹងនាំឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីទៀត។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណលោក លី ចាន់ស៊ូ គណៈប្រតិភូសម្រាប់ពាក្យពេចន៍ទាំងឡាយនូវការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ។ លោកក៏បានអរគុណដល់ថ្នាក់ដឹកនាំចិនដែលជារឿយៗតែងតែទទួលនូវព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមកកាន់ប្រទេសចិន ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការកម្ពុជាចិន ហើយលោកបានចាត់ទុកថាជំនួយចិនឱ្យកម្ពុជានេះគឺជាការរួមចំណែកសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានលក្ខណៈពិសេស ដោយសារភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាពិសេសការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាមួយចំនួនលើសពីគោលដៅកំណត់ ដូចជាទំហំពាណិជ្ជកម្ម ភាគីទាំងពីរកំណត់សម្រេចឱ្យបាន ៥ពាន់លាននៅឆ្នាំ២០២០។ ប៉ុន្តែនៅឆ្នាំ២០១៧ទំហំពាណិជ្ជកម្មបានកើនឡើងដល់ជិត ៧ពាន់លានដុល្លារទៅហើយ។ វិស័យទេសចរណ៍វិញកំណត់ត្រឹមតែ ០.០១ភាគរយ នៃប្រជាពលរដ្ឋចិន គឺស្មើនឹង ១.៣ លាននាក់ តែមកដល់ឆ្នាំ២០១៨ អ្នកទេសចរណ៍ចិន បានឈានដល់ ១.៩លាននាក់។ ដោយឡែកអ្នកវិនិយោគពីប្រទេសចិននៅកម្ពុជា ក៏មានចំនួនច្រើនហួសការរំពឹងទុក ដោយសារមានការទុកចិត្តលើនយោបាយនៃការដឹកនាំរបស់មេដឹកនាំប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំប្រទេសចិនជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនផងដែរ។ លោក បានគូសបញ្ជាក់ថា នយោបាយដែលផ្តួចផ្តើមដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការរឹតចំណងមិត្តភាពកម្ពុជា និងចិន គឺនៅតែរក្សាដដែលគ្មានអ្វីផ្លាស់ប្តូរនោះឡើយ ជាពិសេសនយោបាយចិនតែមួយ។

លោក លី ចាន់ស៊ូ បានឯកភាពទាំងស្រុងនូវអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងដោយបានគូសបញ្ជាក់ថា ប្រជាជនចិននៅតែចងចាំនូវទុក្ខលំបាករបស់កម្ពុជា ហើយចិន និងកម្ពុជា តែងតែជួយគ្នា និងគោរពគ្នាទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់ថា កម្ពុជា និងចិន គឺជាមិត្តដ៏ពិតប្រាកដទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយគឺតែងតែជួយគ្នា។ លោកបានបន្ថែមថា ចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំកម្ពុជា។ លោក លី ចាន់ស៊ូ ក៏បានអះអាងដែរថា ទំនាក់ទំនងកម្ពុជា និងចិន នៅតែបន្តរក្សានៅគ្រប់វិស័យ និងគ្រប់កម្រិតដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។ លោក ក៏បានអរគុណលោកនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញលោកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកនឹងរកពេលវេលាសមរម្យណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទទាក់ទង