ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅខេត្តកំពង់ចាម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1495
    ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅខេត្តកំពង់ចាមប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅខេត្តកំពង់ចាម

    ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។ ពិធីសំណេះសំណាលនឹងធ្វើឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

    ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖

    1. ផ្តើមសុន្ទរកថាក្នុងវេទិកាសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីនៅស្រុកជើងព្រៃ នៅខេត្តកំពង់ចាមនាព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលបានជួបកម្មករ កម្មការិនីនៅខេត្តកំពង់ចាម ហើយបានចាត់ទុកជំនួបនាព្រឹកនេះ គឺជាជំនួបដ៏ធំមួយព្រោះមានកម្មករ កម្មការិនីរហូតដល់ទៅជាង ២ម៉ឺននាក់។
    2. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានពន្យល់ពីមូលហេតុដែលសម្តេចជ្រើសយកការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ បើតាមលោក ការជ្រើសយកការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ក៏ព្រោះតែឆ្លើយតបតម្រូវការ ការងារមមាញឹក និងមួយវិញទៀត ដើម្បីបានពិនិត្យសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកំពុងសាងសង់ ជាពិសេសផ្លូវថ្នល់។
    3. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា បើមិនមានការជំរុញនយោបាយពង្រាយរោងចក្រនៅតាមខេត្តទេ តើកម្មករ កម្មការិនីអាចមានការងារធ្វើនៅជិតផ្ទះដែរឬទេ?
    4. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា បើមិនមានពង្រាយការងារនេះទេ ប្រាកដណាស់កូនចៅប្រជាពលរដ្ឋនឹងត្រូវបន្តធ្វើស្រែចំការជាមួយឪពុកម្តាយ ឬអាចទៅធ្វើការងារនៅរាជធានីភ្នំពេញ ដែលអាចឃ្លាតឆ្ងាយពីផ្ទះ។
    5. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា តាមរយៈនយោបាយនេះ គឺបានបង្ហាញថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមិនមែនជាការឆក់កណ្តៀតនោះទេ គឺបានដាក់ចេញដោយច្បាស់លាស់កាលពី១៩ឆ្នាំមុន។
    6. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ដំណើរចុះជួបកម្មករ កម្មការិនីនឹងនៅតែបន្តធ្វើជាបន្តបន្ទាប់នៅគ្រប់ទីកន្លែង។ ប៉ុន្តែក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោកនឹងផ្អាកការចុះជួបនេះមួយរយៈសិន ព្រោះថាបើលោកបន្តចុះជួប គឺនឹងមានការឧត្ថម្ភថវិកាបន្តិចបន្តួច ដែលនាំឲ្យខុសពីច្បាប់ស្តីពីការបោះឆ្នោត។
    7. លោកនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រោយពេលបោះឆ្នោតលោកនឹងបន្តចុះជួបកម្មករ កម្មការិនី បន្តទៀត ដើម្បីស្វែងរកបញ្ហាកំពុងប្រឈមក្នុងវិស័យឧស្សាហកម្មនេះ ធ្វើយ៉ាងជំរុញការអនុវត្តន៍នយោបាយឧស្សាហកម្ម២០១៨-២០២៥ ឲ្យទទួលបានជោគជ័យ។
    8. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ បានថ្លែងថា ការចុះជួបសួរសុខទុក្ខកាន់តែច្រើននឹងធ្វើឲ្យសម្តេចបានដោះស្រាយបញ្ហាសម្រាប់កម្មករ កម្មការិនី និងវិស័យឧស្សាហកម្មវេយណភណ្ឌនេះកាន់តែច្រើនផងដែរ។
    9. លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា ព្រោះតែការជួបសំណេះសំណាលនេះហើយ ទើបបានរកឃើញបញ្ហាលើការបើកប្រាក់អតីតភាពការងារ ហើយបានធ្វើវិសោធនកម្មឲ្យបើកប្រាក់អតីតភាពការងារនេះរៀងរាល់៦ខែម្តង។
    10. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងថា សមិទ្ធិផល និងអ្វីៗដែលកម្មករកំពុងទទួលបាននាពេលបច្ចុប្បន្នមិនមែនបានមកពីបាតដៃរបស់បក្សប្រឆាំង ដែលត្រូវបានរំលាយព្រោះទង្វើក្បត់ជាតិនោះទេ។
    11. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការអនុវត្តនយោបាយផ្តល់ថវិកា ៧៦ម៉ឺនរៀលជូនដល់ស្ត្រីទូទាំងប្រទេសមានជីវភាពក្រីក្រចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់ក្រោយសម្រាលចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ មិនមែនជាយុទ្ធនាការ ដើម្បីរកសំឡេងឆ្នោត។
    12. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងប្រតិកម្មចំពោះនយោបាយប្រើពេល៨ម៉ោងបណ្តេញជនអន្តោប្រវេសន៍ពីកម្ពុជា របស់គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ដោយថ្លែងថា នយោបាយនេះជានយោបាយជ្រុលនិយម។
    13. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ និងប្រឹងប្រែងខ្លាំងណាស់ ដើម្បីការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជាដូចពេលបច្ចុប្បន្ននេះ។ លោកនាយករដ្ឋមន្រ្ដីប្រាប់កម្មករ កម្មការិនីថា មិនបាច់អរគុណលោក និងគណបក្សប្រជាជនកម្ពុជាទេ គឺអរគុណតែឪពុកម្តាយ និងជីដូនជីតារបស់ពួកគេទៅបានហើយ ព្រោះឪពុកម្តាយ និងជីដូនជីតារបស់ពួកគេបានរួមចំណែកច្រើនណាស់សម្រាប់បុព្វហេតុជាតិមាតុភូមិកម្ពុជា។
    14. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការបង្កើតភ្លើងសង្គ្រាមដោយក្រុមណាមួយនោះ គឺវាងាយស្រួលទេ តែការពន្លត់ភ្លើងសង្គ្រាមលំបាកខ្លាំងណាស់ មិនមែនងាយស្រួលឡើយ។ ជាពិសេសលោកនាយករដ្ឋមន្រ្ដី បានយកជីវិតទៅធ្វើជាដើមទុន ដើម្បីប្តូរយកមកនូវសុខសន្តិភាពដូចពេលបច្ចុប្បន្ន។
    15. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា កម្មករ កម្មការិនីទាំងអស់នឹងបន្តរួមដំណើរជាមួយលោក ដើម្បីរក្សានុវសុខសន្តិភាព។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្ថែមថា ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរភាពមុខរបរ និងការងារនាពេលបច្ចុប្បន្ន គឺងាយស្រួលនោះទេ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រី។
    16. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តប្រតិកម្មចំពោះការលើកឡើងមួយចំនួនថា លោកនាយករដ្ឋមន្រ្ដី គិតតែពីកម្មករ ហើយភ្លេចកសិករ។ លោកនាយករដ្ឋមន្រ្ដី បានលើកឡើងថា ការលើកឡើងបែបនេះ គឺគេភ្លេចថាកាលពីអតីតកាលគេធ្លាប់និយាយថាលោកគិតពីកសិករ ភ្លេចកម្មករ។
    17. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា លោកជាមេដឹកនាំមួយរូបដែលបានបង្ហាញខ្លួននៅគ្រប់ទីកន្លែងតាមបរិបថនៃការវិវឌ្ឍរបស់ប្រទេសជាតិ។ ដូចជាពេលមានសង្គ្រាមលោកនៅសមរភូមិ ពេលចរចាលោកនៅតលើតុចរចា ពេលជំរុញវិស័យកសិកម្ម លោកនៅតាមវាលស្រែ និងប្រឡាយទឹក ហើយពេលជំរុញវិស័យឧស្សាហកម្ម ដូចបច្ចុប្បន្នគេក៏ឃើញលោកនៅតាមរោងចក្រជួបកម្មករ កម្មការិនី។
    18. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងមានអ្នកខ្លះស្រែកថាបាត់ឈើ ខណៈពេលពួកគេទៅនៅលើដីដែលធ្លាប់មានគម្របព្រៃឈើ។ លោកនាយករដ្ឋមន្រ្ដីថា បើចង់ឲ្យមានឈើវិញសូមឲ្យគេផ្តល់ដីនោះមកវិញ ដើម្បីដាំដើមឈើ។
    19. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី រួមគ្នាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍជាតិ ហើយត្រូវរួមគ្នាបង្កើតនូវសហគមន៍ការងារមួយល្អប្រសើរនៅតាមរោងចក្រ។
    20. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវកុំឲ្យមានក្រុមបងតូចបងធំតាមរោងចក្រ ហើយទាំងថៅកែ និងកម្មករ ត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យបរិយាកាសការងារ តាមរោងចក្រមានភាពល្អប្រសើរ។
    21. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ បានថ្លែងថា លោកនឹងរង់ចាំមើល តើ «ក្រុមដេកផ្ទះឈ្នះឯង» នឹងប្រឆាំងការអំពាវនាវរបស់ព្រះមហាក្សត្រ ដែរឬយ៉ាងណា?
    22. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតរបស់ «ក្រុមដេកផ្ទះឈ្នះឯង» គឺជាការប្រឆាំងនឹងស្តេចផែនដី មិនមែនជាការប្រឆាំង ជាមួយលោក ឬគណបក្សនយោបាយណាមួយនោះឡើយ។
    23. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា​ ចាប់ពីឆ្នាំ២០១៩ ទៅពួកគេនឹងចាប់ផ្តើមទទួលបានប្រាក់សោធននិវត្តន៍ ដូច្នេះពួកគេត្រូវប្រឹងប្រែងធ្វើការងារពីក្មេង ដើម្បីបានស្រួលនៅពេលចាស់តាមរយៈប្រាក់សោធននិវត្តន៍។
    24. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រាប់កម្មករ កម្មការិនី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចបន្តដំណើររួមគ្នាឆ្ពោះទៅការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាព។
    25. លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖២៤នាទី។

    អត្ថបទទាក់ទង