ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រកាសបង្កើតជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកសៀមរាបអង្គរ នាល្ងាចនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រកាសបង្កើតជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកសៀមរាបអង្គរ នាល្ងាចនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រកាសបង្កើតជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកសៀមរាបអង្គរ នាល្ងាចនេះ

ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹកវប្បធម៌អាស៊ី (ACC) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញប្រកាសពីការបង្កើតជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ដែលជាដែន ជង្រុកវប្បធម៌ និងប្រាង្គប្រាសាទរបស់កម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងព្រឹត្តិការណ៍ប្រកបដោយកិត្តិយសឧត្តុងឧត្តមសម្រាប់កម្ពុជានេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ប្រទេសនៅទូទាំងអាស៊ី។ នៅថ្ងៃនេះ វាគ្មិនជាតិ និងអន្តរជាតិ ចូលរួមក្នុងកិច្ចពិភាក្សាតុមូលទៅលើប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និងអត្តសញ្ញាណអាស៊ី ២. ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤. ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ទាំង៤នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស នៃ ACC នឹងថ្លែងចំណាប់អារម្មណ៍នៅពេលល្ងាច ដើម្បីប្រកាសពីការបង្កើតក្រុមប្រឹក្សា វប្បធម៌អាស៊ីជាផ្លូវការរួច លោក នឹងអញ្ជើញជាអធិបតីក្នុងពិធីលៀង សាយភោជន៍ នៅទីលានជល់ដំរីនៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវ ជាង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។

លុះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ អ្នករៀបចំព្រឹត្តិការណ៍ ACC នឹងរៀបចំដំណើរកម្សាន្តជូនដល់បណ្ដាភ្ញៀវដែលមានបំណងអញ្ជើញទស្សនារមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរដែលត្រូវចុះបញ្ជី ជាសម្បត្តិបេតិក ភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ។ លើសពីការលើក កម្ពស់ ការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្ដូរវប្បធម៌នោះ ព្រឹត្តិការណ៍ ACC ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ឯកភាពក្នុងភាពចម្រុះជាតិសាសន៍ និងការផ្សាភ្ជាប់ប្រជាជាតិនានានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។ ព្រឹត្តិការណ៍នេះក៏នឹងផ្ញើចេញនូវសារដ៏មានអំណាច និងវិជ្ជមានទៅដល់ ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវ ទទួលបានថា ព្រះរាជាណាចក្រកម្ពុជាមាននូវសក្ដានុពលដ៏ ធំធេងសម្រាប់ កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។

សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សា វប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាល ភាពនៃការងារឱ្យកាន់តែទូលំទូលាយ និងបើកចំហ។ ក្រុមប្រឹក្សាវប្បធម៌ អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី។ ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ត្រូវបានប្រគល់តួនាទីឱ្យរៀបចំឯកសារ គោលសម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅ ក្នុងប្រទេស កម្ពុជា ហើយសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាព សម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍ ប្រកបដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខដុមរមនា៕

អត្ថបទទាក់ទង