ខ្មែរប៉ុស្ដិ៍ Close

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទេសចរណ៍នាំមកនូវការងារ ប្រាក់ចំណូល និងធ្វើអោយជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 64
សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទេសចរណ៍នាំមកនូវការងារ ប្រាក់ចំណូល និងធ្វើអោយជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទេសចរណ៍នាំមកនូវការងារ ប្រាក់ចំណូល និងធ្វើអោយជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ បានមានប្រសាសន៍ថា ទេសចរណ៍នាំមកនូវការងារធ្វើ ទេសចរណ៍នាំមកនូវប្រាក់ចំណូល និងធ្វើអោយជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរផងដែរ។

សម្តេច​បានមានប្រសាសន៍បែបនេះនៅល្ងាចថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិធីបុណ្យសមុទ្រឆ្នាំ២០១៧ នៅខេត្តកែប។ នេះគឺជាលើកទី៦ នៃពិធីបុណ្យសមុទ្រ ដែលប្រារព្ឋធ្វើឡើងនៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» ក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧។

នាឱកាសនោះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវក្តីរីករាយសប្បាយចិត្តក្នុងការចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៦ នៅទឹកដីខេត្តកែបនេះ ពីព្រោះវាជាឱកាសមួយដ៏ល្អរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងឡាយ មិនត្រឹមតែខេត្តកែបប៉ុណ្ណោះនោះទេ តែវាជាក្របខណ្ឌទូទាំងប្រទេស ដែលក្នុងនោះវាក៏ជាឱកាសមួយសំរាប់ជួបជុំ និងដាក់តាំងបង្ហាញនូវផលិតផលផ្សេងៗតាមរយៈស្តង់ពិព័រណ៍នានា។

ការប្រារព្ធពិធីបុណ្យសមុទ្រនេះនឹងក្លាយជាកាលានុវត្តភាព ដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព។ ឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រសិទ្ធនាមថាជា “តារារះនាទិសនិរតី” ដែលមានខេត្តសំខាន់ចំនួន០៤រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន បន្ទាប់ពីប្រាង្គប្រាសាទអង្គវត្ត។ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួង ស្ថាប័ន មន្ទីរ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាំបាច់រួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់ឆ្នេរកម្ពុជា ឲ្យមាននិរន្តរភាព ហើយឆ្នេរសមុទ្រកម្ពុជា ត្រូវតែជាឆ្នេរសមុទ្របៃតង ដែលស័ក្ដិសមជា សមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ចំនួន៥ចំនុចសំខានៗដូចជា
១-ការរក្សាសន្តិភាពគឺជាចំនុចសំខាន់ ដែលចាំបាច់ត្រូវតែចូលរួមថែរក្សា ព្រោះគ្មានភ្ញៀវទេសចរណ៍ណាមកលេងកន្លែងដែលមានសង្គ្រាមនោះទេ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ ។
២-រក្សាអោយបាននូវសមុទ្របៃតង រក្សាអោយបានជាឈ្មោះជាតារារះនាទិសនិរតី អភិវឌ្ឍន៍តំបន់ឆ្នេរបន្ថែម ការពារឆ្នេរ ការពារបរិស្ថានធម្មជាតិ ត្រូវធ្វើអោយឆ្នេរសមុទ្រកម្ពុជានៅតែស្អាតជានិច្ច ។
៣-ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដូចជាការតភ្ជាប់ មានផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បីបំរើភ្ញៀវទេសចរណ៍។
៤-ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម អោយបានល្អគ្រប់ទីកន្លែង កុំអោយមានក្រុមគ្រឿងញៀន ចោរឆក់ ប្លន់ មិនត្រូវអោយសមុទ្រកម្ពុជាក្លាយទៅជាកន្លែងជ្រកកោននៃពួកគ្រឿងញឿន ប្ញពួកភេរវកម្មណាមួយឡើយ។
៥-ត្រូវជំរុញការផលិត ផលិតផល ទេសចរណ៍អោយបានច្រើនដូចជា បង្កើនការដាំដុះដំណាំបែបធ្មជាតិ សំរាប់លក់ចែកចាយដល់ភ្ញៀវទេសចរណ៍ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រីជាដើម ជាពិសេសតាមសណ្ឋាគារនានាត្រូវយកចិត្តទុកដាក់ និងទិញផលិតផលធម្មជាតិពីប្រជាពលរដ្ឋដើម្បីបំរើភ្ញៀវទេសចរណ៍។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសជាមិត្តទាំង៥ ដូចជា ប្រទេសចិន ឥណ្ឌូណេស៊ី វៀតណាម ឥណ្ឌា និងថៃ ដែលបានគាំទ្រ និងចូលរួមសម្តែងសិល្បៈនៅក្នុងពិធីបុណ្យសមុទ្ររបស់យើង ដោយបានចាត់បញ្ជូនប្រតិភូក្រុមសិល្បករ សិល្បការនីមកចូលរួមប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និង កិច្ចសហការដ៏កក់ក្តៅបំផុត។ ទន្ទឹមនឹងនោះសម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណចំពោះគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ភ្ញៀវទេសចរអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមកំសាន្តសប្បាយនៅក្នុងពិធីបុណ្យសមុទ្រដ៏អធិកអធម្មថ្ងៃនេះ។ ពិធីបុណ្យនឹងបន្តនៅថ្ងៃស្អែកទី ២៤ ធ្នូ។ សូមបងប្អូនជនរួមជាតិអញ្ជើញចូលរួមទស្សនាកំសាន្តសប្បាយគ្រប់ៗគ្នា៕

 

អត្ថបទទាក់ទង