ខ្មែរប៉ុស្ដិ៍ Close

ប្រធានរដ្ឋសភាវៀតណាម កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62
ប្រធានរដ្ឋសភាវៀតណាម កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ប្រធានរដ្ឋសភាវៀតណាម កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម នៅណ្ឋាគារសុខាសៀមរាប។ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានបង្ហាញសេចក្តីសោមនស្សរីករាយ និងបានអបអរសាទរជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីលទ្ធផលល្អនៃសន្និបាតគណបក្សប្រជាជនកម្ពុជាកន្លងមក ព្រមទាំងការប្រាព្ធខួប៤០ឆ្នាំ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ៧ មករា និងខួប២០ឆ្នាំ នៃជោគជ័យក្រោម នយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាមួយនឹងការសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិកត្រចះត្រចង់ និងជោគជ័យ។

លោកស្រីប្រធានរដ្ឋសភាពវៀតណាមបានបន្តថា ក្នុងរយៈពេលតែ២ឆ្នាំ ប៉ុណ្ណោះ លោកស្រីសង្កេតឃើញ កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកស្រីក៏បានកោតសរសើរចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងឡើង។

លោកស្រី Nguyen Thi Kim Ngan បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីការដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមមកកម្ពុជា រួមមានទាំងប្រធាន អនុប្រធាន រួមនឹងប្រតិភូផ្សេងៗជាច្រើនទៀត ដើម្បីមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ Asia Pacific Parliamentary Forum (APPF-27) ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ទន្ទឹមនឹងនេះដែរ លោកស្រី ក៏បានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រជុំ APPF ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះវត្តមានលោកស្រីប្រធានរដ្ឋសភាវៀតណាម និងពាក្យពេចន៍ល្អៗជាមួយនឹងការអបអរសាទរ ចំពោះការរីកចម្រើននៃប្រទេសកម្ពុជា។ លោក បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាដែលមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក៏បានមកពីការចូលរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ។ មុននឹងបញ្ចប់ការពិភាក្សា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មី និងជូនពរ លោកស្រី Nguyen Thi Kim Ngan និងសមាជិកប្រតិភូជាន់ខ្ពស់ទាំងអស់ ទទួលបានជោគជ័យក្នុងកិច្ចប្រជុំ APPF-27 ព្រមទាំងនៅក្នុងការប្រកាសបើកក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council- ACC) នៅទីលានជល់ដំរីលើទឹកដីអង្គរនៅល្ងាចនេះផងដែរ៕

អត្ថបទទាក់ទង