ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ណែនាំឱ្យកាត់បន្ថយមន្រ្តីរាជការធ្វើការជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
សម្ដេចតេជោ ណែនាំឱ្យកាត់បន្ថយមន្រ្តីរាជការធ្វើការជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ សម្ដេចតេជោ ណែនាំឱ្យកាត់បន្ថយមន្រ្តីរាជការធ្វើការជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ

សម្ដេចតេជោ បានណែនាំឱ្យកាត់បន្ថយមន្រ្តីរាជការធ្វើការជាបណ្តោះអាសន្ន នៅស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នមួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖

សភាពការណ៍ក្នុងប្រទេសពិតជាមិនធម្មតា ដែលមកដល់ត្រឹមយប់ថ្ងៃទី០៨ ខែមីនា ចំនួនអ្នកឆ្លងថ្មីរហូតដល់៤៩នាក់ ដែលសភាពការណ៍នេះបានដាក់ចេញជាចំណោទធំៗ សម្រាប់រាជរដ្ឋាភិបាលក្នុងការបន្តជំហាន ដើម្បីប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

សម្តេចតេជោបន្តថា៖

ក្នុងស្ថានភាពបែបនេះ សូមឱ្យស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ផ្អាកជាបណ្តោះអាសន្ននូវស្ថាប័ន ប៉ុន្តែយ៉ាងហោចណាស់គឺត្រូវមានមន្រ្តីតិចតួចធ្វើការ ហើយមន្រ្តីភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ ក្រោយ៧ថ្ងៃ ហើយនោះ សម្តេច នឹងជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ។

សម្តេចតេជោ បានបន្តទៀតថា ការកាត់បន្ថយមនុស្សធ្វើការនេះ គឺអាចបញ្ចៀសបាននូវហានិភ័យដែលមិនទាន់ស្គាល់នូវអ្នកដែល មានការពាក់ព័ន្ធនឹងមានភាព ច្របូកច្របល់ខ្លាំងណាស់នៅពេលនេះ ដែលមានការឆ្លងនៅក្នុងក្របខ័ណ្ឌនគរបាល មន្រ្តីរាជការ រហូតសិល្បករ សិល្បការិនី ផងដែរ ។

«ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះមិនមែនជាការបិទទាំងស្រុងនោះទេ ក៏ប៉ុន្តែសូមឱ្យកាត់បន្ថយចំនួនមនុស្ស យ៉ាងតិច ៩០ភាគរយ ហើយមានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលនៅប្រចាំការ ធ្វើការនៅតាមស្ថាប័ន ។ សម្រាប់វិស័យឯកជន ក៏សូមស្នើឱ្យមានការយកចិត្តទុកដាក់ បើអាចធ្វើទៅបានគឺកាត់បន្ថយបុគ្គលិក ហើយធ្វើការផ្លាស់ប្តូរវេនគ្នា ដើម្បីបញ្ចៀសនូវភាពកកកុញរបស់មនុស្សនៅកន្លែងធ្វើការផង និងនៅតាមផ្លូវផង » ។

សម្តេចតេជោបញ្ជាក់ថា ការកាត់បន្ថយមនុស្សធ្វើការនេះ គឺសម្រាប់តែស្ថាប័នស៊ីវិលតែប៉ុណ្ណោះ សម្រាប់កងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព ទាំងនគរបាល ទាំងអាវុធហត្ថ និងក្រុមគ្រូពេទ្យ ត្រូវធ្វើប្រតិបត្តិការធម្មតា ហើយចំពោះបុគ្គលិកធ្វើការនៅក្រសួងសុខាភិបាលគឺគប្បីកាត់បន្ថយ ឱ្យនៅសល់ចំនួនតិច ។

សម្តេចតេជោបានបន្តថា រាជធានីភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ សាលារៀនត្រូវបានបិទ។ ដូច្នេះចំនួនសិស្សសាលា លោកគ្រូ អ្នកគ្រូ ហើយបូកបន្ថែមដោយមន្ត្រីរាជការ គ្រប់ស្ថាប័នមិនទៅបំពេញការងារ នឹងធ្វើឱ្យដងផ្លូវស្រឡះមិនកកកុញទៅដោយមនុស្សឡើយ៕

អត្ថបទទាក់ទង