ក្រសួងអប់រំអំពាវនាវឲ្យមហាជនចូលរួមបោះឆ្នោតជូនលោកស្រី កែ ឡេង សម្រាប់ពាន «នារីប៉េតង់ឆ្នើមពិភពលោក»
ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានអំពាវនាវដល់សាធារណជន មេត្តាចូលរួមបោះឆ្នោតជូនលោកស្រី កែ ឡេង សម្រាប់ពាន «នារីប៉េតង់ឆ្នើមពិភពលោក» ប្រចាំឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព័តមានរបស់ក្រសួងបានឲ្យដឹងថា ដើម្បីគាំទ្របេក្ខភាពលោកស្រី កែ ឡេង ឲ្យឆ្លងផុតការជម្រុះជុំទី១ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១. ចូលទៅកាន់៖ http://www.theworldgames.org, ទី២. ចុចលើពាក្យ picture “Athelete of the year 2018” និងទី៣. ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ registration ជាការស្រេច។
ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដែលជាជុំទី១ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដែលជាជុំបញ្ចប់។
សូមជំរាបថា សមាគមកីឡាអន្តរជាតិ (IWGA) ដែលមានទីស្នាក់ការនៅប្រទេសស្វីស បានរៀបចំការបោះឆ្នោតតាម Online សម្រាប់ពានរង្វាន់ នារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨។ វីរកីឡាការិនីប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។
កម្មវិធីបានតម្រូវឲ្យអ្នកគាំទ្រ ចូលរួមបោះឆ្នោតដោយផ្ទាល់ តាមរយៈការចុច Vote លើឈ្មោះអត្តពលិក ហើយបំពេញឈ្មោះ និង E-mail ផងដែរទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យលោកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។
លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ៕
ព័ត៌មានលម្អិតអំពីរបៀបបោះឆ្នោតគាំទ្រនេះ សូមទស្សនាវីដេអូខាងក្រោម៖