កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យា ជាការនាំមកនូវមោទនភាពសម្រាប់កុមារកម្ពុជា
ពិតជាគួរឲ្យមោទនភាពកុមារីរបស់កម្ពុជាមួយរូប បានសាងភាពល្បាញល្បីលើឆាកអន្តរជាតិ តាមរយៈការប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាកម្រិតពិភពលោកមួយ ហើយដណ្តើមបានចំណាត់ថ្នាក់លេខ១។ កុមារីដែលសាងមោទនភាព និងភាពល្បាញល្បីសម្រាប់ជាតិកម្ពុជានេះ មានឈ្មោះ ហ៊ុន ពេជ្រមុន្នីលីណា ជាចៅស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។
លទ្ធផលដែលបង្ហាញនៅលើគេហទំព័រប្រឡងគណិត វិទ្យាកម្រិតពិភពលោកបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងសម្រាប់ការប្រកួតប្រជែងកម្រិតពិភពលោកជាមួយពិន្ទុ ១១,៩៩០។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ក៏ដណ្តើមបានចំណាត់កំពូលតារាងសម្រាប់ការប្រកួតប្រជែងកម្រិតអាស៊ីផងដែរ ជាមួយពិន្ទុ ១១,៣៩០។
សូមបញ្ជាក់ថា តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោកនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។ ជាមួយការដណ្តើមបានចំណាត់ថ្នាក់លេខ១ របស់កុមារិនី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលំដាប់កំពូលលើគេហទំព័រ «worldmathsday» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។
តាមរយៈបញ្ញាដ៏វៃឆ្លាតរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យានេះ ជាការនាំមកនូវមោទនភាពសម្រាប់កុមារកម្ពុជា និងជាតិកម្ពុជាផងដែរ។ លទ្ធផលនេះ ក៏បានលើកតម្លៃផងដែរ ពីការអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ៕