ខ្មែរប៉ុស្ដិ៍ Close

ថវិកាប្រមាណ ១២លានដុល្លារ ត្រូវបានចំណាយសម្រាប់ការសាងសង់ វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 88
ថវិកាប្រមាណ ១២លានដុល្លារ ត្រូវបានចំណាយសម្រាប់ការសាងសង់ វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ថវិកាប្រមាណ ១២លានដុល្លារ ត្រូវបានចំណាយសម្រាប់ការសាងសង់ វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ នៅក្នុងឱកាសអញ្ជើញសម្ពោធវិមានអនុស្សារវីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា​ នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ បានមានប្រសាសន៍ឲ្យដឹងថា គិតរហូតមកដល់ពេលនេះ មានការចំណាយថវិកា ប្រមាណ ១២លានដុល្លារអាមេរិកហើយ ដែលបានចំណាយ ចំពោះការសាងសង់វិមាននេះ ដោយមិនរាប់បញ្ចូលពីតម្លៃដីនោះទេ ហើយភាគច្រើននៃថវិកានេះ​ គឺជារបស់សាលារាជធានីភ្នំពេញ និង​មានថវិកាបម្រុង សម្រាប់ការសាងសង់បន្ថែមទៀត ដោយសារពុំទាន់បញ្ចប់ ការសាងសង់ ១០០ភាគរយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងការជ្រើសរើសទីតាំង ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដើម្បីសាងសង់វិមានឈ្នះឈ្នះនេះ ព្រោះទីតាំងនេះ ជាកន្លែងមួយដ៏សំខាន់ ដែលនឹងក្លាយជាទីក្រុងរណប នាពេលអនាគត ហើយទីតាំងនេះ នឹងមានការរៀបចំការប្រកួតកីឡារស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខផងដែរ។

នាយឧត្តមសេនីយ៍ផ្កាយមាស ៥ផុតលេខ បានមានប្រសាសន៍ឲ្យដឹងដែរថា វិមានអនុស្សាវរីយ៍ឈ្នះឈ្នះនេះ នឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ហើយនឹងបើកឱកាសឲ្យសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ មកសិក្សាស្វែងយល់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍គូសបញ្ជាក់ថា ផលនៃនយោបាយឈ្នះឈ្នះ ដែលមានរូបលោក ជាស្ថាបនិកនេះ គឺសម្រាប់ប្រជាជនគ្រប់ៗរូប ហើយលោកបានឧទ្ទិសផល នៃនយោបាយឈ្នះឈ្នះនេះ ជូនដល់ប្រជាជននៅទូទាំងប្រទេស​ បើទោះបីជាមាននិន្នាការនយោបាយអ្វីក៏ដោយ។

ពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះនេះលោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា បើមានតែគំនិត តែគ្មានការអនុវត្ត ក៏មិនអាចទទួលបានលទ្ធផលជោគជ័យបែបនេះដែរ៕

អត្ថបទទាក់ទង