ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីអត្ថប្រយោជន៍៧ចំណុច ដែលកើតចេញពីនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីអត្ថប្រយោជន៍៧ចំណុច ដែលកើតចេញពីនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិខ្មែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីអត្ថប្រយោជន៍៧ចំណុច ដែលកើតចេញពីនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះ ពុំមែនមានតែមួយថ្ងៃនោះទេ ពោលគឺបានចាប់ផ្តើមអនុវត្តតាំងពីដើម ឆ្នាំ១៩៩៦ រហូតដល់ចុងឆ្នាំ១៩៩៨ ដែលបាននាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិនិងអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិខ្មែរយើង។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់អំពី អត្ថប្រយោជន៍៧ចំណុចរបស់នយោបាយឈ្នះ ឈ្នះ ដែលរួមមានដូចជា៖
ទី១- បំបាត់ចោលនូវជម្លោះប្រដាប់អាវុធ និងសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ លែងមានការស្លាប់ របួស ព្រាត់ប្រាស់។
ទី២- បង្កើតបាននូវឯកភាពជាតិ និងសន្តិភាពយូរអង្វែងដោយសារនយោបាយឈ្នះ ឈ្នះ មិនបានប្រើប្រាស់គ្រាប់កាំភ្លើងដើម្បីដោះស្រាយនោះទេ គឺយើងប្រើប្រាស់ការជឿជាក់ទុកចិត្តគ្នារវាងខ្មែរនិងខ្មែរ។
ទី៣- ទទួលបានឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំកន្លងមកនេះ ដែលកម្ពុជាធ្លាប់តែជាប្រទេសមួយមានតំបន់ត្រួតត្រាច្រើន មកជាប្រទេសមួយដែលមានតំបន់ត្រួតត្រាមួយ មានព្រះមហាក្សត្រមួយ មានរដ្ឋធម្មនុញ្ញតែមួយ។
ទី៤- ប្រជាជនកម្ពុជាលែងមានការភ័យខ្លាច ព្រួយបារម្ភរឿងវាយប្រយុទ្ធ សង្រ្គាម លែងបារម្ភរឿងព្រាត់ប្រាសគ្រួសារ លែងបារម្ភរឿងភ័យលូនក្រាប គេចពីសង្រ្គាម ហើយបានរស់នៅជួបជុំក្រុមគ្រួសារដូចសព្វថ្ងៃនេះ។
ទី៥- នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីផ្តល់ឱកាសមាសសម្រាប់កម្ពុជាមានឱកាសរួមកម្លាំងគ្នាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ កាត់បន្ថយបាននូវការចំណាយលើសង្រ្គាម និងការពារជាតិ បន្ថែមចំណាយលើការអប់រំ និងសង្គមកិច្ច។
ទី៦- រួមចំណែកពង្រឹងសន្តិភាពក្នុងតំបន់ និងដោះស្រាយកិច្ចការអន្តរជាតិ ដូចជាចូលរួមក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌអនុតំបន់ និងមហាអនុតំបន់ជាដើម។
ទី៧- ដោយសារសន្តិភាព កម្ពុជាទទួលបានអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើន ចាប់ពីសូន្យភ្ញៀវទេសចរណ៍ មកដល់មានភ្ញៀវទេសចរណ៍មានចំនួនជិត៦លាននាក់ បានចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង