លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញចូលរួមសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។
ពិធីសម្ពោធនេះ បានប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទល់មុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមការងាររៀបចំការតាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល២០ឆ្នាំ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
បន្ទាប់ពីចូលរួមពិធីសម្ពោធរួចហើយ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍របស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបានថ្លែងកោតសរសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមរៀបចំស្តង់ពិព័រណ៍របស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ៕